(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម បានរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខ និងថ្វាយទេយ្យទានតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា ព្រមទាំងប្រោះព្រហ្មពរជ័យ និងសូមទេវតាឆ្នាំថ្មី ព្រះនាមគោរាគៈទេវី តាមជួយបីបាច់ថែរក្សា ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវសុខភាពបរិបូរណ៍ កម្លាំងមាំមួន បញ្ញាភ្លឺថ្លា អាយុយឺនយូរ ដើម្បីរួមចំណែកបំពេញភារកិច្ច ឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀតជូនជាតិ និងប្រជាជន។
បន្ទាប់ពីពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត រួចហើយ លោកជំទាវរដ្ឋមន្រ្តី ព្រមទាំងមន្ត្រីរាជការក្រោមឱវាទនៃក្រសួងពាណិជ្ជកម្ម បានទស្សនាការសម្តែងសិល្បៈរបាំត្រុដិ ដើម្បីជម្រុះនូវឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងទទួលនូវពរជ័យសិរីមង្គល ក្នុងឱកាសត្រៀមទទួលអំណរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

















