(ក្វាងចូវ, ចិន): នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ លោក ឡៅ ងួន អេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ នៃខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន បានជួបពិភាក្សាការងារជាមួយ លោកស្រី Ashley Fei, អគ្គនាយករងនៃ សមាគមន៍ Guangzhou Modern Information Service Industry Association និងសហការី ដោយមានសមាជិកក្រុមហ៊ុន/សហគ្រាសប្រមាណ ៨០០០ ដើម្បីពិភាក្សាអំពីការរៀបចំសិក្ខាសាលាស្តីពី ការជំរុញពាណិជ្ជកម្ម និងវិនិយោគនៅក្នុងតំបន់អាស៊ាន ដែលគ្រោងនឹងរៀបចំឡើងនៅក្នុងខែឧសភា ឬមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។
គោលបំណងនៃព្រឹត្តិការណ៍ដ៏សំខាន់នេះគឺដើម្បីផ្តល់ឱកាសដល់ស្ថានអគ្គកុងស៊ុលទាំងអស់នៃបណ្ដាប្រទេសសមាគមន៍ប្រជាជាតិអាស៊ីភាគអាគ្នេយ៍ ហៅកាត់ថា “ASEAN” នៅទីក្រុងក្វាងចូវ ដើម្បីធ្វើបទបង្ហាញអំពីបរិយាកាសពាណិជ្ជកម្ម និងការវិនិយោគ និងលិខិបទដ្ឋានគតិយុទ្ធរបស់ពួកគេដល់សមភាគីក្រុមហ៊ុន/សហគ្រាសចិន ដើម្បីជាព័ត៌មានជាមូលដ្ឋាន ក្នុងការពិនិត្យលទ្ធភាពពង្រីកអាជីវកម្ម និងការវិនិយោគទៅកាន់បណ្តាប្រទេសអាស៊ាន។

