(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ញើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ ឧទ្ទិសកុសលជូនចំពោះ ឧបាសិកា តាន់ តាំងគួយ ត្រូវជាមាតាបង្កើត ឯកឧត្តម សួន ប្រសិទ្ធ អគ្គរាជទូត និងជាប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិនានាពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលបានទទួលមរណភាពកាលពីថ្ងៃ អាទិត្យ ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២៥ វេលាម៉ោង ១៥:៣០ នាទីរសៀល ក្នុងជន្មាយុ ៨២ឆ្នាំ ដោយជរាពាធ។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី និងប្រតិភូក្រសួងពាណិជ្ជកម្ម បានសម្ដែងនូវការចូលរួមរំលែកនូវមរណទុក្ខជាមួយ ឯកឧត្តមអគ្គរាជទូត និងក្រុមគ្រួសារចំពោះមរណភាពរបស់ ឧបាសិកា តាន់ តាំងគួយ ដែលជាការបាត់បង់នូវ ភរិយា មាតាបង្កើត មាតាក្មេក និងជីដូនជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុត ប្រកបដោយព្រហ្មវិហារធម៌ថ្លៃថ្លា និងសង្គហធម៌មិនចេះរីងស្ងួតរបស់កូនៗ ចៅៗ និងក្រុមគ្រួសារ។
ស្ថិតក្នុងកាលវេលាដ៏ក្រៀមក្រំនេះ លោកជំទាវរដ្ឋមន្រ្តី និងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម សូមចូលរួមរំលែកទុក្ខ និងឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសិកា តាន់ តាំងគួយ បានទៅកាន់សុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕





