(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើក និងបិទ សិក្ខាសាលាផ្សព្វផ្សាយស្តីពី “ច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា និងការប្រើប្រាស់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា កំណែ២.០ (SETFO 2.0)” ដែលមានការចូលរួមពីតំណាង ក្រុមហ៊ុន សហគ្រាស និងសមាគមអាជីវកម្មដែលផ្ដោតលើការនាំចេញកសិផលទៅក្រៅប្រទេស និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជាច្រើនរូប។
សិក្ខាសាលានេះមានគោលបំណង៖ (១) បញ្រ្ជាបនិងបង្កើនការយល់ដឹងអំពីច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីពង្រីកលទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទានសម្រាប់ទ្រទ្រង់សកម្មភាពអាជីវកម្ម តាមរយៈការប្រើប្រាស់កសិផលនិងចលនទ្រព្យផ្សេងទៀតជាទ្រព្យធានា (២) ការបង្ហាញអំពីការប្រើប្រាស់ប្រព័ន្ធ SETFO 2.0 ដែលក្រសួងពាណិជ្ជកម្មទើបប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ កន្លងទៅនេះ។
ក្នុងឱកាសនេះ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងថា ច្បាប់ស្ដីពីប្រតិបត្តិការដែលមានកិច្ចធានា ឆ្នាំ២០០៧ មានគោលបំណងជំរុញសកម្មភាពសេដ្ឋកិច្ច តាមរយៈការបង្កើតវិធានពិសេសដោយឡែកដើម្បីសម្រួលដល់ការប្រើប្រាស់ទ្រព្យធានា (ជាចលនវត្ថុ) ដើម្បីធានាកាតព្វកិច្ចរបស់កូនបំណុល។
លោកជំទាវរដ្ឋលេខាធិការ បន្តថា ច្បាប់នេះបានផ្ដល់ជាមូលដ្ឋានយ៉ាងសំខាន់សម្រាប់សកម្មភាពពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ជាពិសេសការផ្ដល់ហិញ្ញប្បទានសម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម (SMEs) តាមរយៈការបង្កើតមូលដ្ឋានសិទ្ធិ និងកាតព្វកិច្ចដល់កូនបំណុល និងម្ចាស់បំណុល។ តាមរយៈច្បាប់ស្ដីពីប្រតិបត្តិការដែលមានកិច្ចធានា ការផ្ដល់ហិរញ្ញប្បទានដោយប្រើប្រាស់ចលនវត្ថុជាទ្រព្យធានាបានអនុញ្ញាតឱ្យវិនិយោគិន ពាណិជ្ជករ ឬសហគ្រិន ដែលមានបំណងពង្រីកអាជីវកម្មរបស់ខ្លួនមានលទ្ធភាពទទួលបានហិរញ្ញប្បទាន ដោយមិនចាំបាច់ប្រើប្រាស់អចលវត្ថុ (ដូចជា អគារ ដីធ្លី ផ្ទះសម្បែង...) ដើម្បីធានាកាតព្វកិច្ចរបស់ខ្លួនឡើយ។
---
(Phnom Penh): On the morning of Tuesday, 13 May 2025, Her Excellency KHA Leng, Secretary of State of the Ministry of Commerce, presided over the opening and closing ceremonies of the workshop on “The Law on Secured Transactions and the Use of the Secured Transactions Filing System 2.0 (SETFO 2.0)” at the Ministry of Commerce. The event was attended by representatives from companies, enterprises, and business associations engaged in the export of agricultural products, as well as from banking and financial institutions.
The objectives of the workshop were to: (1) raise awareness and enhance understanding of the Law on Secured Transactions and its related regulations in order to promote access to financing for business activities through the use of agricultural products and other movable assets as collateral; and (2) demonstrate the use of the SETFO 2.0 system, which was officially launched on 18 March 2025.
On this occasion, Her Excellency Secretary of State emphasized that the Law on Secured Transactions (2007) aims to stimulate economic activity by establishing specific rules that facilitate the use of collateral (movable property) to secure debt obligations.
Her Excellency the Secretary of State continued that this law provides a critical legal foundation for commercial and financial activities—particularly in supporting the development of small and medium-sized enterprises (SMEs)—by defining the rights and obligations of both debtors and creditors. Through the Law on Secured Transactions, businesses and entrepreneurs are able to obtain financing using movable property as collateral, enabling them to expand operations without the need to pledge immovable property (such as land, buildings, or houses) to secure their obligations.






