(ភ្នំពេញ)៖ នាល្ងាចថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី (Hyatt Regency) ភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោកជំទាវ Sara Wilshaw ឧបការីជាន់ខ្ពស់អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិ និងជាស្នងការពាណិជ្ជកម្មនៃប្រទេសកាណាដា និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់លើការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កាណាដា តាមរយៈការផ្លាស់ប្តូរបេសកកម្មធុរកិច្ច ជំរុញការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា ដោយឈរលើគោលការណ៍ប្រព័ន្ធពាណិជ្ជកម្មពហុភាគីផ្អែកលើច្បាប់។





