(ភ្នំពេញ)៖ នាល្ងាចថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅសារមន្ទីរជាតិ លោកជំទាវ ចម និម្មល រដ្ឋមន្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីថ្លែងសុន្ទកថា ក្នុងពិធីជប់លៀងទទួលស្វាគមន៍គណៈប្រតិភូគណៈប្រតិភូធុរកិច្ចកាណាដា មកកាន់ប្រទេសកម្ពុជា។
ក្នុងឱកាសនេះផងដែរ លោកជំទាវរដ្ឋមន្រ្តី បានជម្រាបជូនពីសក្តានុពលពាណិជ្ជកម្ម និងវិនិយោគកម្ពុជា ដល់គណៈប្រតិភូធុរកិច្ចកាណាដា ដោយរំលេចឡើងនូវបរិយាកាសវិនិយោគអំណោយផល និងទីផ្សារ ទូលំទូលាយ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីដែលកម្ពុជា ជាសមាជិក។
គួរបញ្ជាក់ផងដែរថា គណៈប្រតិភូដែលអញ្ជើញមកលើកនេះ ជាគណៈប្រតិភូធុរកិច្ចកាណាដាធំបំផុតដែលមកបំពេញបេសកកម្មធុរកិច្ចនៅកម្ពុជា ដែលមានការចូលរួមដោយតំណាងចំនួន ៩០ នាក់ មកពីស្ថាប័នធុរកិច្ចកាណាដា ប្រមាណជាង ៨០ ដើម្បីស្វែងរកឱកាសពាណិជ្ជកម្ម និងវិនិយោគ។










