(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីអំពី «ផលប៉ះពាល់នៃសារធាតុ អូរ៉ាមីនអូ ក្នុងផ្លែទុរេន» ក្រោមអធិបតីភាព ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងមានសមាសភាពចូលរួមពី លោក លោកស្រី អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. ប្រធាននាយកដ្ឋាន ប្រធាន-អនុប្រធានសាខា ក.ប.ប. រាជធានី ខេត្ត និងមន្ត្រីរាជការនៃអគ្គនាយកដ្ឋាន ក.ប.ប. ជាច្រើនរូប។
សិក្ខាសាលានេះ រៀបចំឡើងនៅទីស្តីការអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងគោលបំណងបណ្តុះបណ្តាលមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីបន្តចុះទៅអប់រំ ផ្សព្វផ្សាយ ដល់អាជីវករលក់ផ្លែទុរេន ម្ចាស់ចំការ និងអ្នកប្រើប្រាស់នៅតាមរាជធានី-ខេត្ត ក្នុងការបញ្ជ្រាបការយល់ដឹង និងចូលរួមសហការ ដោយមិនយកសារធាតុ អូរ៉ាមីនអូ នេះទៅប្រើប្រាស់ទើបជាវិធានការបង្ការមួយដ៏មានប្រសិទ្ធភាព។












