លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើក ខួប ១០ឆ្នាំ នៃការ​បង្កើត​សហព័ន្ធ​ស្រូវអង្ករកម្ពុជា

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅ The Premier Center Sen Sok លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីខួប ១០ឆ្នាំ នៃការបង្កើត​សហព័ន្ធ​ស្រូវអង្ករកម្ពុជា ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម សុខ ពុទិ្ធវុធ ប្រធានកិត្តិយសសហព័ន្ធស្រូវអង្ករកម្ពុជា អ្នកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាផ្នែកគោលនយោបាយស្រូវអង្កររបស់​សហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា​ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា​ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA (CAMBODIA) PLC ព្រមទាំង ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិកសមាជិកាសហព័ន្ធស្រូវអង្ករកម្ពុជា​ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាច្រើនរូប។

ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវការកោតសសើរ និងការវាយតម្លៃខ្ពស់ចំពោះសហព័ន្ធស្រូវអង្ករកម្ពុជា​ និងភាគីពាក់ព័ន្ធទាំងអស់ដែលសម្រេចបាននូវសមិទ្ធផលគួជាទីមោទនៈនាពេលកន្លងមក និង​បានលើកឡើងអំពី​អត្ថប្រយោជន៍របស់ស្រូវ ដែលជាដំណាំយុទ្ធសាស្ត្ររបស់កម្ពុជាសម្រាប់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដោយមិនត្រឹមតែជាអាហារមូលដ្ឋានដ៏ចាំបាច់ប៉ុណ្ណោះទេ ថែមទាំងជាទំនិញនាំចេញដ៏មានសក្ដានុពលក្នុងចំណោមបញ្ជីផលិតផលកសិកម្ម ដែលបានជ្រើសរើសជាអាទិភាពសម្រាប់ជំរុញការនាំចេញ។

នៅក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សហព័ន្ធស្រូវអង្ករកម្ពុជា ត្រូវបានបង្កើតឡើងដោយក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងដើម្បីចូលរួមគាំទ្រការអនុវត្តគោលនយោបាយជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយ សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការបោះឆ្នោតនាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤ ហើយត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្រលេខ ២២៨ អនក្រ.បក ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៤ ទទួលស្គាល់ សហព័ន្ធស្រូវអង្ករកម្ពុជា ជាដៃគូតែមួយគត់សម្រាប់ពិភាក្សាគោលនយោបាយ និងជាអ្នកតំណាងវិស័យស្រូវអង្ករបស់កម្ពុជានៅលើឆាកអន្តរជាតិ។

លោកជំទាវរដ្ឋមន្ត្រី បន្តថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីសហព័ន្ធស្រូវអង្ករកម្ពុជា ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធនានា កម្ពុជាបានប្រែក្លាយខ្លួនទៅជាប្រទេស ដែលមានអតិរេកស្រូវអង្ករច្រើន។​ ជាក់ស្តែង នៅដើមនីតិកាលទី៧ នេះ ក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យមានការរៀបចំ និងបានចុះអនុស្សរណៈយោគយល់គ្នានាំចេញទៅប្រទេសចិនចំនួន ៥០ម៉ឺនតោន ការបើកច្រកទីផ្សារនាំចេញទៅប្រទេសឥណ្ឌូនេស៊ីតាមរយៈក្រុមហ៊ុនហ្គ្រីនត្រេដ របស់ក្រសួងពាណិជ្ជកម្មចំនួន ៣៧ ៥០០តោន និងប្រទេសទីម័រលេស្តេរ ៤០០០តោន។ លើពីនេះ ក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករមានចំនួនជាង ៦៥០ ០០០ តោន ទៅកាន់ប្រទេសចំនួន ៧៥។

លោកជំទាវរដ្ឋមន្ត្រី បន្ថែមថា កន្លងមកនេះ តាមរយៈក្រុមហ៊ុនហ្រ្គីនត្រេដ ក្រសួងពាណិជ្ជកម្មបាននិងកំពុងបន្តការប្រឹងប្រែងក្នុងការចរចារជាមួយបណ្តាប្រទេសក្នុងតំបន់មួយចំនួនដើម្បីពង្រីកទីផ្សារអង្ករកម្ពុជា។

មុននឹងបញ្ចប់ លោកជំទាវរដ្ឋមន្រ្តី បានផ្ដល់នូវអនុសាសន៍គន្លឹះមួយចំនួនដល់សហព័ន្ធស្រូវអង្ករកម្ពុជា​ ក្រុមហ៊ុននាំចេញ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមលើកកម្ពស់វិស័យស្រូវអង្ករកម្ពុជា​ឱ្យកាន់តែមានភាពរីកចម្រើន រួមមាន៖

១. ត្រូវពិនិត្យលទ្ធភាព ទាក់ទាញវិនិយោគិនបន្ថែមទៀត មកចូលរួមបណ្តាក់ទុនក្នុងផលិតកម្ម និងលើកកម្ពស់តម្លៃបន្ថែមលើគុណភាពខ្សែច្រវាក់ផលិតកម្មអង្ករ ដើម្បីបម្រើការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងឈានទៅបង្កើនឧត្តមភាពប្រកួតប្រជែង របស់កម្ពុជាក្នុងពាណិជ្ជកម្ម អន្តរជាតិ។ ​

២. ចូលរួមប្រតិបត្តិការជំនួញ-ធុរកិច្ចស្របតាមច្បាប់ជាធរមាន ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ប្រកបដោយតម្លាភាព ផ្គត់ផ្គង់អង្ករដែលមានលក្ខណ:ប្រកួតប្រជែង ការពារផលប្រយោជន៍របស់ភាគីពាក់ព័ន្ធ និងបង្កើនភាពជឿជាក់នៃអង្ករកម្ពុជានៅក្នុងទីផ្សារជាតិ និងអន្តរជាតិ។

៣. ចូលរួមលើកកម្ពស់ និងការពារម៉ាកនិងកម្មសិទ្ធិបញ្ញា ជាពិសេស ការកសាងម៉ាកសមូហភាព និងការពង្រឹងគុណភាពអង្ករកម្ពុជា ដោយត្រូវគិតគូរទាំងបរិមាណ គុណភាព សុវត្ថិភាព និងសោភ័ណភាពនៃការវេចខ្ចប់តាមស្ដង់ដាត្រឹមត្រូវ ដើម្បីរក្សា​បាន​នូវ​កេរ្ដិ៍ឈ្មោះអង្ករ​កម្ពុជា និង​និរន្តរភាព​នៃការនាំចេញ​។

៤. បន្តសហការជាមួយអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងពាណិជ្ជកម្ម ជាពិសេសក្រុមហ៊ុនហ្រ្កីនត្រេដ ក្រុមការងារជំរុញការនាំចេញ និងដៃគូពាក់ព័ន្ធ ក្នុងការអនុវត្តវិធានការបង្កើនប្រសិទ្ធភាព និងគុណភាព ដើម្បីពង្រឹងទីផ្សារ​ដែល​មាន​ស្រាប់ និងពង្រីកទីផ្សារថ្មីបន្ថែម សមំដៅបង្កើនការផ្គត់ផ្គង់ក្នុងស្រុក និងបង្កីនការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ។

៥. ធ្វើទំនើបនីយកម្មរចនាសម្ព័ន្ធប្រតិបត្តិការ នីតិវិធីការងារនិងដំណើរការប្រព្រឹត្តទៅ និងលក្ខន្តិកៈសហព័ន្ធ ជាដើម ជាពិសេសស្របពេលនឹងការគ្រោងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ ប្រធាននិងសមាជិកក្រុមប្រឹក្សាភិបាលាននាពេលខាងមុខនេះ។

https://s2.moc.gov.kh/mocspace/mocspace_1750151546971.jpg
https://s2.moc.gov.kh/mocspace/mocspace_1750151547765.jpg
https://s2.moc.gov.kh/mocspace/mocspace_1750151547029.jpg
https://s2.moc.gov.kh/mocspace/mocspace_1750151547131.jpg
https://s2.moc.gov.kh/mocspace/mocspace_1750151547175.jpg
https://s2.moc.gov.kh/mocspace/mocspace_1750151547092.jpg
https://s2.moc.gov.kh/mocspace/mocspace_1750151547011.jpg
https://s2.moc.gov.kh/mocspace/mocspace_1750151547410.jpg
https://s2.moc.gov.kh/mocspace/mocspace_1750151547759.jpg
https://s2.moc.gov.kh/mocspace/mocspace_1750151547077.jpg
https://s2.moc.gov.kh/mocspace/mocspace_1750151547103.jpg
https://s2.moc.gov.kh/mocspace/mocspace_1750151547138.jpg
https://s2.moc.gov.kh/mocspace/mocspace_1750151547100.jpg
https://s2.moc.gov.kh/mocspace/mocspace_1750151547154.jpg
https://s2.moc.gov.kh/mocspace/mocspace_1750151547412.jpg
https://s2.moc.gov.kh/mocspace/mocspace_1750151547761.jpg
https://s2.moc.gov.kh/mocspace/mocspace_1750151547141.jpg
https://s2.moc.gov.kh/mocspace/mocspace_1750151547763.jpg