(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការបណ្តាក់ទុនរួមគ្នា និងច្បាប់ស្តីពីការប្រកួតប្រជែង” ដែលសហការរៀបចំដោយវិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្មនិងស្រាវជ្រាវ និងវិទ្យាស្ថានខេមអេដ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តមប្រតិភូអគ្គនាយក លោកអគ្គនាយករង សាស្រ្តាចារ្យនៅសាលាច្បាប់ Cornell Law School,USA លោកបណ្ឌិតប្រធានក្រុមប្រឹក្សានៃវិទ្យាស្ថានខេមអេដ និងមន្ត្រីក្រោមឱវាទក្រសួងពាណិជ្ជកម្ម ជាច្រើនរូប។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងដើម្បីចែករំលែកបទពិសោធន៍ការបង្កើតកិច្ចព្រមព្រៀងនៃការបណ្តាក់ទុនរួមគ្នារបស់សហរដ្ឋអាមេរិក និងចែករំលែកចំណេះដឹងអំពីទស្សនទានពាក់ព័ន្ធច្បាប់ស្តីពីការប្រកួតប្រជែងនៅកម្ពុជា និងបរទេស។
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ឯកឧត្តមរដ្ឋលេខាធិការ បានបង្ហាញថា កម្ពុជានៅពេលចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) គឺតម្រូវឱ្យកម្ពុជារៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ស្របតាមអង្គការ WTO នោះ ជាពិសេសគឺ ច្បាប់ស្តីពីការប្រកួតប្រជែង ដែលបានប្រកាសដាក់ឱ្យប្រើប្រាស់រួចរាល់ ដូច្នេះគឺទាមទារឱ្យមន្ត្រីរាជការក្រសួងស្វែងយល់ពីអត្ថន័យ និងទទួលនូវចំណេះដឹងបន្ថែមទាក់ទងនឹងទិដ្ឋភាពច្បាប់នៃបណ្តាប្រទេសអភិវឌ្ឍន៍បន្ថែមទៀត ៕













