ក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ដំណើរការសិក្សា និងរៀបចំគោលនយោបាយម្រេចកម្ពុជា”

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម វ៉ា រុតសាន​ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារបច្ចេកទេសដើម្បីសិក្សា ស្រាវជ្រាវ និងរៀបចំសេចក្តីព្រាងគោលនយោបាយម្រេចកម្ពុជា បានអញ្ជើញចូលរួមជាអធីបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយថ្នាក់តំបន់ស្តីពី “ដំណើរការសិក្សា ប្រមូលព័ត៌មាននិងទិន្នន័យ ឱកាស និងបញ្ហាប្រឈម ក្នុងគោលបំណងបង្កើតគោលនយោបាយម្រេចកម្ពុជា” ដែលរៀបចំដោយក្រសួងពាណិជ្ជកម្ម សហការជាមួយរដ្ឋបាលបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត និងរដ្ឋបាលស្រុកមេមត់ និងមានការអញ្ជើញចូលរួមពីតំណាងអភិបាលនៃគណៈអភិបាលខេត្ដត្បូងឃ្មុំ តំណាងអភិបាលនៃគណៈអភិបាលខេត្ដក្រចេះ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរក្រោមឱវាទរបស់ខេត្ត សមាគមសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ព្រមទាំងតំណាងសមាគមម្រេច អ្នកដាំដុះ ពាណិជ្ជករ និងក្រុមហ៊ុន​កែច្នៃម្រេច ក្នុងខេត្តទាំង៣ រួមមាន ត្បូងឃ្មុំ ក្រចេះ កំពង់ចាម ជាច្រើនរូប។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ទី១. ផ្សព្វផ្សាយពីដំណើរការនៃការចាប់ផ្តើមរៀបចំគោលនយោបាយម្រេចកម្ពុជា និង ទី២. ប្រមូលធាតុចូល និងអនុសាសន៍តម្រង់ទិសបន្ថែម ដើម្បីឱ្យការរៀបចំគោលនយោបាយនេះ ឱ្យមានលក្ខណៈកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ដែលនឹងឆ្លើយតបតាមតម្រូវការទីផ្សារក្នុងស្រុក និងអន្តរជាតិ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់តំណាងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួម និងបានលើកឡើងពីសារៈសំខាន់នៃការរៀបចំគោលនយោបាយម្រេចកម្ពុជានេះ ដែលនឹងក្លាយទៅជាផែនទីបង្ហាញផ្លូវដ៏សំខាន់ក្នុងការកំណត់ទិសដៅឱ្យបានច្បាស់លាស់សម្រាប់កម្ពុជា ដើម្បីទាញយកអត្ថប្រយោជន៍ពីផលិតកម្មម្រេច តាមរយៈការបង្កើតតម្លៃបន្ថែមនៅក្នុងខ្សែច្រវាក់ និងជួយបង្កើនប្រាក់ចំណូលកសិករនៅតាមទីជនបទ ជាពិសេស សំដៅជំរុញការនាំចេញម្រេចកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ៕

https://s2.moc.gov.kh/mocspace/mocspace_1750845546758.jpg
https://s2.moc.gov.kh/mocspace/mocspace_1750845546134.jpg
https://s2.moc.gov.kh/mocspace/mocspace_1750845546806.jpg
https://s2.moc.gov.kh/mocspace/mocspace_1750845546605.jpg
https://s2.moc.gov.kh/mocspace/mocspace_1750845546277.jpg
https://s2.moc.gov.kh/mocspace/mocspace_1750845546101.jpg
https://s2.moc.gov.kh/mocspace/mocspace_1750845547320.jpg
https://s2.moc.gov.kh/mocspace/mocspace_1750845546406.jpg