ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាតំណាងរាជរដ្ឋាភិបាល ដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចូលរួមការពារសេចក្ដីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ ជាមួយគណៈកម្មការទី៩ នៃរដ្ឋសភា

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន:

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាតំណាងរាជរដ្ឋាភិបាល បានដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចូលរួមការពារសេចក្ដីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ ជាមួយគណៈកម្មការទី៩ នៃរដ្ឋសភា បន្ទាប់ពីទទួលបានការអនុម័តយល់ព្រមទាំងស្រុងពីគណៈរដ្ឋមន្ត្រី ក្នុងសម័យប្រជុំពេញអង្គ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ។

ជាកិច្ចចាប់ផ្តើម លោកជំទាវប្រធានគណៈកម្មការទី៩ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលជាតំណាងឱ្យរាជរដ្ឋាភិបាល និងគណៈប្រតិភូក្រសួងទាំងពីរ ដែលបានចូលរួមពិភាក្សា និងការពារសេចក្តីព្រាងច្បាប់ខាងលើ។

ជាមួយគ្នានេះ លោកជំទាវប្រធាន ក៏បានជម្រាបជូនអង្គប្រជុំជ្រាបផងដែរថា គណៈកម្មការទី៩ នៃរដ្ឋសភា បានពិនិត្យលើអត្ថបទសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ហើយជាលទ្ធផលឃើញថាសេចក្តីព្រាងច្បាប់នេះ បានរៀបចំឡើងត្រឹមត្រូវតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ ច្បាប់ និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា និងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា ព្រមទាំងស្របតាមគោលការណ៍ និងវិធាននៃការតាក់តែងច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា ផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវប្រធាន បានថ្លែងកោតសរសើ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានអនុវត្តភារកិច្ចជំនាញយ៉ាងសកម្ម​ និងខ្ជាប់ខ្ជួននូវគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ការធ្វើពិពិធកម្មទីផ្សារនាំចេញ ការផ្គត់ផ្គង់តម្រូវការក្នុងស្រុក សំដៅពន្លឿនការធ្វើសាមារណហកម្មសេដ្ឋកិច្ចក្នុងតំបន់និងសាកលលោក ដែលជាកត្តាមួយជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន ដើម្បីអាចឈានទៅសម្រេចបានចក្ខុវិស័យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាប និងបំភ្លឺជូនអង្គប្រជុំនូវអំពីទិដ្ឋភាពសំខាន់ៗមួយចំនួន រួមមាន៖ យុត្តិកម្ម សាវតារ នៃការតាក់តែងសេចក្តីព្រាងច្បាប់ គោលបំណង ខ្លឹមសារ និងអត្ថប្រយោជន៍ នៃសេចក្តីព្រាងច្បាប់នេះ។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលមានជំនឿថា បន្ទាប់ពីសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័ត និងចូលជាធរមានរួច ច្បាប់នេះមិនត្រឹមតែបំពេញបាននូវការសន្យារបស់កម្ពុជាក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោកប៉ុណ្ណោះទេ ក៏ប៉ុន្តែច្បាប់នេះក៏នឹងក្លាយជាឧបករណ៍គតិយុត្តិ ដែលមានលក្ខណៈពេញលេញ និងគ្រប់ជ្រុងជ្រោយ ដែលជាចំណែកមួយយ៉ាងសំខាន់ក្នុងការចូលរួមជំរុញ និងសម្រួលពាណិជ្ជកម្មដល់វិស័យឯកជន ជាពិសេសការនាំចេញទំនិញរបស់កម្ពុជាដែលទទួលបានការអនុគ្រោះពន្ធ តាមរយៈការធានាបាននូវអនុលោមភាពតាមលក្ខខណ្ឌវិធានដើមកំណើត ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាជាសមាជិក និងក្របខ័ណ្ឌអនុគ្រោះពន្ធឯកតោភាគី និងការបង្កានិងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ ជាដើម។

ឯកឧត្តមរដ្ឋមន្រ្តី បន្ថែមថា សេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញនេះ នឹងក្លាយជាកម្លាំងចលករក្នុងការជំរុញរំហូរពាណិជ្ជកម្ម ធានាដើមកំណើតទំនិញរបស់កម្ពុជា រក្សាផលប្រយោជន៍ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងលើកកម្ពស់ សុខុមាលភាពសង្គមឱ្យ​កាន់​តែប្រសើរឡើងបន្ថែមទៀត។

ជាលទ្ធផល អង្គប្រជុំបានសម្រេចគាំទ្រ និងឯកភាពទាំងស្រុងទៅលើសេចក្តីព្រាងច្បាប់នេះ និងបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ដើម្បីដាក់ចូលក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភា នាពេលខាងមុខ៕

https://s2.moc.gov.kh/mocspace/mocspace_1685324270098.jpg
https://s2.moc.gov.kh/mocspace/mocspace_1685324270078.jpg
https://s2.moc.gov.kh/mocspace/mocspace_1685324265475.jpg
https://s2.moc.gov.kh/mocspace/mocspace_1685324270029.jpg
https://s2.moc.gov.kh/mocspace/mocspace_1685324270125.jpg
https://s2.moc.gov.kh/mocspace/mocspace_1685324265487.jpg
https://s2.moc.gov.kh/mocspace/mocspace_1685324270345.jpg
https://s2.moc.gov.kh/mocspace/mocspace_1685324270137.jpg
https://s2.moc.gov.kh/mocspace/mocspace_1685324270250.jpg
https://s2.moc.gov.kh/mocspace/mocspace_1685324265321.jpg
https://s2.moc.gov.kh/mocspace/mocspace_1685324269997.jpg
https://s2.moc.gov.kh/mocspace/mocspace_1685324270089.jpg
https://s2.moc.gov.kh/mocspace/mocspace_1685324270012.jpg
https://s2.moc.gov.kh/mocspace/mocspace_1685324270024.jpg