លោកជំទាវ គង់ សិទ្ធិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតី ក្នុងកម្មវិធីបើកសិក្ខាសាពិគ្រោះយោបល់ស្ដីពី “ផែនការយុទ្ធសាស្រ្តអាជីវកម្ម ២០២៤-២០២៨”

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ លោកជំទាវ គង់ សិទ្ធិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកសិក្ខាសាពិគ្រោះយោបល់ស្ដីពី “ផែនការយុទ្ធសាស្រ្តអាជីវកម្ម ២០២៤-២០២៨” ដែលមានការចូលរួមពីមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម និងវិស័យឯកជន ចំនួន៧៩នាក់។ សិក្ខាសាលានេះមានគោលបំណងដើម្បីធ្វើការពិភាក្សាពិគ្រោះយោបល់ទទួលបានអនុសាសន៍ ធាតុចូលក្នុងការរៀបចំផែនទីបង្ហាញផ្លូវសម្រាប់វិទ្យាស្ថានក្នុងការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ ធនធានមនុស្ស និងស្វែងយល់អំពីតម្រូវការបណ្តុះបណ្តាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។

ថ្លែងក្នុងកម្មវិធីបើកសិក្ខាសាលានេះ លោកជំទាវ អនុរដ្ឋលេខាធិការ បានលើកឡើងថា ផែនការយុទ្ធសាស្រ្តរយៈពេលប្រាំឆ្នាំ ២០២៤-២០២៨ របស់វិទ្យាស្ថាន កំណត់នូវវិធានការរយៈពេលខ្លី មធ្យម និងរយៈពេលវែង ដើម្បីពង្រឹងសមត្ថភាពមន្រ្តី បុគ្គលិក ធ្វើឱ្យមាននិរន្តរភាពការងារទាំងផ្មែកទន់ និងផ្នែករឹង (Soft and Hard) ដែលជាមូលដ្ឋានគ្រឹះក្នុងការអនុវត្តការងារប្រកបដោយវិសាលភាព ប្រសិទ្ធិភាព និងគុណភាព។ ដូច្នេះផែនការការងារ និងសកម្មភាពជាយុទ្ធសាស្រ្ត របស់វិទ្យស្ថានបណ្តុះបណ្តាល ពាណិជ្ជកម្ម និងស្រាវជ្រាវ សម្រាប់ឆ្នាំ ២០២៤-២០២៨ មានដូចខាងក្រោម៖១. វាយតម្លៃចំណុចខ្លាំង ចំណុចខ្សោយ ការគំរាមកំហែង ឱកាស និងសមត្ថភាពរបស់វិទ្យាស្ថានក្នុងការអនុវត្តបេសកកម្មរបស់ខ្លួននាពេលបច្ចុប្បន្ន និងនាពេលអនាគត២. កំណត់គោលដៅ គោលបំណង និងយុទ្ធសាស្ត្ររួមគ្នាដើម្បីទទួលបានកាលានុវត្តភាពថ្មី និងដោះស្រាយបញ្ហាប្រឈម ដែលត្រូវបានរៀបចំសម្រាប់សម្រេចគោលដៅរបស់វិទ្យាស្ថាន ក្នុងនោះរួមមាន ការផ្តល់ចំណេះដឹង ចំណេះធ្វើ ការសម្របសម្រួលកិច្ចសហប្រតិបត្តិការ និងការកសាងសមត្ថភាព (Knowledge; Service, Capacity, …etc) ជូនមន្រ្តីថ្នាក់ជាតិ មន្រ្តីមន្ទីរពាណិជ្ជកម្ម និងភាគីពាក់ព័ន្ធទាំងអស់ រួមមានវិស័យឯកជនផងដែរ។៣. បង្កើតក្របខណ្ឌសម្រាប់ការអនុវត្តផែនការ រួមទាំងការអភិវឌ្ឍ និងការបែងចែកធនធាន និងការតាមដានវឌ្ឍនភាព។

លោកជំទាវ អនុរដ្ឋលេខាធិការ បានបន្ថែមថា ផែនការនេះនឹងត្រូវរៀបចំឡើងដើម្បីពន្លឿនការអនុវត្តគោលនយោបាយ និងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ការកែលម្អបរិយាកាស ព្រមទាំងដំណើរការអាជីវកម្ម ដើម្បីធានាថា កម្មវិធីអភិវឌ្ឍន៍សមត្ថភាពទាំងអស់មានភាព សមស្រប និរន្តរភាព និងប្រសិទ្ធភាព។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ អនុរដ្ឋលេខាធិការ ក៏បានលើកឡើងពីកំណើនពាណិជ្ជកម្មកម្ពុជា ដែលសម្រេចបានប្រមាណ ៥២,៤២ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ ស្មើនឹងកំណើន ៩,១% បើធៀបនឹងទិន្នន័យឆ្នាំ២០២១។ ដោយឡែកការនាំចេញមានចំនួន ២២,៤៨ ប៊ីលានដុល្លារអាមេរិក គឺកើនឡើង ១៦% ហើយការនាំចូលមានចំនួន ២៩,៩៤ ប៊ីលានដុល្លារអាមេរិក គឺមានការកើនទ្បើង ៤%។

ជាចុងបញ្ចប់ លោកជំទាវ អនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់វិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្ម និងស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍ Arise Plus Cambodia ដែលផ្តល់ហិរញ្ញប្បទានក្នុងការរៀបចំសិក្ខាសាលាសម្រាប់រៀបចំផែនទីបង្ហាញផ្លូវរបស់វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវអនុវត្តក្នុងឆ្នាំ២០២៤-២០២៨។ លោកជំទាវ បានលើកទឹកចិត្ត ឱ្យសិក្ខាកាមចូលរួម ជួយផ្តល់ធាតុចូល និងអនុសាសន៍ល្អៗ ឱ្យចំចំណុច ដើម្បីកែលម្អផែនការយុទ្ធសាស្រ្តអាជីវកម្មនេះឱ្យបានកាន់តែមានប្រសិទ្ធិភាពខ្ពស់ ៕ 

https://s2.moc.gov.kh/mocspace/mocspace_1692932646238.jpg
https://s2.moc.gov.kh/mocspace/mocspace_1692932646234.jpg
https://s2.moc.gov.kh/mocspace/mocspace_1692932646254.jpg
https://s2.moc.gov.kh/mocspace/mocspace_1692932646402.jpg
https://s2.moc.gov.kh/mocspace/mocspace_1692932646378.jpg
https://s2.moc.gov.kh/mocspace/mocspace_1692932646463.jpg
https://s2.moc.gov.kh/mocspace/mocspace_1692932646468.jpg
https://s2.moc.gov.kh/mocspace/mocspace_1692932646344.jpg
https://s2.moc.gov.kh/mocspace/mocspace_1692932646495.jpg