News(ភ្នំពេញ)៖ នាថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារប៉ៃតងភ្នំពេញ ឯកឧត្តម ណាំ លីណាល់ និង លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុង «កម្មវិធីបណ្តុះបណ្តាលគ្រូបង្គោលលើកទី២ ស្តីពីជំនាញលក់ និងទំនាក់ទំនងសម្រាប់ជំរុញការនាំចេញ» (2nd Training of Trainers Program on Sales and Communication Skills for Export Promotion) ដែលរៀបចំឡើងក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការគាំទ្រពីសហព័ន្ធអាល្លឺម៉ង់ និងសហភាពអឺរ៉ុប (EU) តាមរយៈគម្រោង EU-German GATE និងសម្របសម្រួលបច្ចេកទេសដោយស្ថាប័ន Sequa ដោយមានការអញ្ជើញចូលរួមពីតំណាងគម្រោង ដៃគូអភិវឌ្ឍន៍ ព្រមទាំងសិក្ខាកាមមកពីវិស័យឯកជន និងសហព័ន្ធធុរកិច្ចសំខាន់ៗជាច្រើនរូប។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីអភិវឌ្ឍបន្ថែម និងបំប៉នសមត្ថភាពដល់មន្ត្រីជំនាញ និងតំណាងវិស័យឯកជនឱ្យក្លាយជា «គ្រូបង្គោល និងអ្នកប្រឹក្សាយោបល់យុទ្ធសាស្ត្រ» ដើម្បីបន្តផ្ទេរចំណេះដឹង និងគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មនាំចេញ និងស្វែងយល់បន្ថែមអំពីការវិភាគតម្រូវការអតិថិជនអន្តរជាតិ បច្ចេកទេសធ្វើបទបង្ហាញបែបធុរកិច្ច (Business Pitching) យុទ្ធសាស្ត្រស្វែងយល់ពីទីផ្សារគោលដៅ និងសិល្បៈនៃការគ្រប់គ្រងទំនាក់ទំនងរវាងអ្នកផ្គត់ផ្គង់ និងអ្នកបញ្ជាទិញ (Customer-Supplier Relationship Management) ជាដើម។ បន្ថែមពីនេះ កម្មវិធីនេះបានផ្ដល់ជាឱកាសក្នុងការជជែកពិភាក្សា ផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍ជាក់ស្តែងរវាងអ្នកជំនាញការអន្តរជាតិ និងសិក្ខាកាម ដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ី (Ecosystem) គាំទ្រការនាំចេញរបស់កម្ពុជាឱ្យកាន់តែរឹងមាំ៕
News(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ ទទួលបន្ទុក ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ក្នុងគោលបំណងពិនិត្យ ពិភាក្សា និងពង្រឹងកិច្ចការពារអ្នកប្រើប្រាស់ក្រោមក្របខណ្ឌអនុវត្តរបស់ក្រសួងពាណិជ្ជកម្ម។
News(ហ្សឺណែវ, ស្វីស)៖ ក្នុងស្មារតីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាសកល នាពេលថ្មីៗនេះ ឯកឧត្តម សួន ប្រសិទ្ធ អគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម បានអញ្ជើញចូលរួម និងថ្លែងសេចក្តីថ្លែងការណ៍ក្នុង «កិច្ចប្រជុំត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្ម (TPR)» លើកទី១៦ របស់ប្រទេសជប៉ុន នៅទីស្នាក់ការកណ្តាល WTO ដែលប្រព្រឹត្តកាលពីថ្ងៃទី២៧ និងទី២៩ ខែឧសភា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ ឯកឧត្តមអគ្គរាជទូត បានគូសបញ្ជាក់ពីសារៈសំខាន់នៃយន្តការ TPRM ដែលជាមុខងារស្នូលរបស់ WTO ក្នុងការជំរុញតម្លាភាព គណនេយ្យភាព និងការយល់ដឹងស៊ីជម្រៅអំពីគោលនយោបាយពាណិជ្ជកម្មរវាងសមាជិកទាំងអស់ ដើម្បីធានាបាននូវប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលមានការព្យាករណ៍បាន និងប្រកបដោយបរិយាបន្ន។ បន្ថែមពីនេះ ឯកឧត្តមអគ្គរាជទូត បានសម្តែងការវាយតម្លៃខ្ពស់ចំពោះជប៉ុន ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ច ដែលមានភាពធន់ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តវិធានពាណិជ្ជកម្មរបស់ WTO កន្លងមក។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអគ្គរាជទូត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជប៉ុន ដែលបានសម្រេចផ្តល់ការអនុគ្រោះពន្ធទូទៅ (GSP) ជូនដល់ក្រុមប្រទេស LDCs ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគីល្អជាមួយកម្ពុជាលើគ្រប់វិស័យផងដែរ៕
Newsញត្តិគាំទ្រ៖ ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ដើម្បីទាមទារតំបន់សមុទ្រត្រួតស៊ីគ្នា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សានីតិកម្មនៃក្រសួងពាណិជ្ជកម្ម។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យនិងជំរុញការរៀបចំ និងការអនុវត្តច្បាប់ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ដើម្បីធានាបាននូវការការពារ និងផ្តល់ដំណោះស្រាយ ស្របតាមសភាពការណ៍វិវត្តន៍នៃសង្គម សេដ្ឋកិច្ច និងពាណិជ្ជកម្ម។