News(Phnom Penh): On the afternoon of Friday, 27 February 2026, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from Mr. Nianshan Zhang, Director General for Southeast Asia Department of the Asian Development Bank (ADB) and delegation. During the meeting, Her Excellency expressed her warm congratulations to Mr. Nianshan Zhang, who was appointed as the new Director General, and thanked ADB for always providing close cooperation, including technical assistance, and financing, which has contributed to the development of Cambodia's trade with competitiveness and sustainable growth.
News(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីដាក់ឱ្យអនុវត្ត និងផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការទិញ-លក់ដំទ្បូងមីស្រស់ និងចំណិតក្រៀម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធានមន្ទីរពាណិជ្ជកម្ម ប្រធានសាខាក.ប.ប. និងតំណាងវិស័យឯកជនក្នុងវិស័យដំឡូងមីជាច្រើនរូប។ ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្រ្តី បានស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះវត្តមានចូលរួម របស់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម លោកឧកញ៉ាប្រធានសមាគមដំទ្បូងមីកម្ពុជា លោក លោកស្រី តំណាងវិស័យឯកជន ម្ចាស់លានហាលប្រមូលទិញ និងក្រុមហ៊ុននាំចេញដំឡូងមីកម្ពុជា ក្នុងពីធីដាក់ឱ្យអនុវត្តនិងផ្សពផ្សាយ “សេចក្តីណែនាំស្តីពីការទិញ-លក់ដំឡូងមីស្រស់និងចំណិតក្រៀម” ដ៏មានសារៈសំខាន់នេះ ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តរួមគ្នាពង្រឹងគុណភាពដំទ្បូងមីកម្ពុជា ក្នុងការលើកស្ទួយនិងអភិវឌ្ឍវិស័យដំទ្បូងមីកម្ពុជាឱ្យកាន់តែរីកចម្រើននិងរឹងមាំបន្ថែមទៀត។ លោកជំទាវរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ដំឡូងមី នៅតែជាដំណាំយុទ្ធសាស្ត្រមួយប្រកបដោយសក្តានុពលខ្ពស់ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលកន្លងទៅ រាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យប្រើប្រាស់គោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ ហើយថ្មីៗនេះ បានផ្តល់ការឯកភាព ជាគោលការណ៍អនុញ្ញាតឱ្យក្រសួងបន្តដឹកនាំរៀបចំគោលនយោបាយជាតិស្តីពីដំទ្បូងមីដំណាក់កាលទី២ សម្រាប់រយៈពេល ៥ ឆ្នាំបន្ត គោលបំណងធ្វើឱ្យកម្ពុជាក្លាយជាអ្នកផ្គត់ផ្គង់ផលិតផលដំទ្បូងមីដែលអាចជឿទុកចិត្តបានសម្រាប់ទីផ្សារពិភពលោក ក្នុងចំណោមគោលបំណងសំខាន់ៗដទៃទៀត។ បន្ថែមពីនេះ លោកជំទាវរដ្ឋមន្រ្តី បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញការនាំចេញដំទ្បូងមី តាមរយៈការដាក់ចេញនិងអនុវត្តនូវវិធានការសំខាន់ៗ ជាច្រើន មានជាអាទិ៍៖ ការសម្របសម្រួលបង្កើតសហព័ន្ធដំឡូងមីកម្ពុជា និងសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន ដើម្បីប្រមូលផ្តុំលទ្ធភាពផ្គត់ផ្គង់និងជំរុញការទិញ-លក់ដំឡូងមី និងអភិវឌ្ឍសមត្ថភាពវិស័យឯកជន, ការដាក់ឱ្យប្រើប្រាស់ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ការបង្កើតក្រុមការងារជំរុញការនាំចេញ និងការសម្របសម្រួលចុះអនុស្សរណៈនៃការយោគយល់គ្នានិងកិច្ចសន្យាទិញ-លក់ដំឡូងមី ដើម្បីនាំចេញទៅទីផ្សារក្រៅប្រទេស ការបង្កើតក្រុមការងារកិច្ចសម្រួលពាណិជ្ជកម្មលើការទិញ-លក់ដំទ្បូងមី ក៏ដូចជាការដាក់ឱ្យអនុវត្តនូវ “សេចក្តីណែនាំស្តីពីការទិញ-លក់ដំឡូងមីស្រស់និងចំណិតក្រៀម” នេះ ជាដើម។ ថ្លែងក្នុងពិធីនោះផងដែរ លោកជំទាវរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍គន្លឹះមួយចំនួន ដល់ក្រុមការងារកិច្ចសម្រួលពាណិជ្ជកម្មលើការទិញ-លក់ដំទ្បូងមី ឧកញ៉ា លោក លោកស្រី តំណាងវិស័យឯកជន ម្ចាស់សៃឡូ និងក្រុមហ៊ុននាំចេញដំឡូងមីកម្ពុជា ដើម្បីជាទិសដៅការងារត្រូវអនុវត្តបន្ត ដូចតទៅ៖ ទី១-ត្រូវចូលរួមអនុវត្ត "សេចក្តីណែនាំស្ដីពីការទិញ-លក់ដំឡូងមីស្រស់ និងចំណិតក្រៀម" ឱ្យមានប្រសិទ្ធភាពនិងដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងនោះ ម្ចាស់លានហាលនិងក្រុមហ៊ុនប្រមូលទិញ ត្រូវគោរពតាមគោលការណ៍ "ទិញ-លក់ដោយស្មោះត្រង់ និងត្រឹមត្រូវ", បងប្អូនប្រជាកសិករ ត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់លើ គុណភាព និងអនុវត្តតាមយថាប្រភេទដូចក្នុងសេចក្តីណែនាំ និងត្រូវបន្តស្វែងយល់អំពីកាតព្វកិច្ចនិងការទទួលខុសត្រូវផ្លូវច្បាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផល ទំនិញនិងសេវា កិច្ចការពារអ្នកប្រើប្រាស់ និងសុវត្ថិភាពម្ហូបអាហារ។ ទី២-បន្តទាញយកប្រយោជន៍ និងអនុវត្តឱ្យបានពេញលេញនូវអនុស្សរណៈនៃការយោគយល់គ្នា ក្នុងការនាំចេញដំទ្បូងមីកម្ពុជា។ ទី៣-មន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត សហការជាមួយ សាខា កបបរាជធានី-ខេត្ត បន្តចុះផ្សព្វផ្សាយសេចក្តីណែនាំនេះឱ្យដល់មូលដ្ឋាននិងឱ្យបានទូលំទូលាយ ក៏ដូចជា តាមដាន ការអនុវត្តឱ្យមានប្រសិទ្ធិភាពខ្ពស់។ ទី៤-មន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត បន្តរៀបចំចងក្រងប្រមូលផ្តុំ ដើម្បីលើកកម្ពស់កម្លាំងផ្គត់ផ្គង់ឱ្យមាននិរន្តរភាពឆ្លើយតបនឹងតម្រូវការទីផ្សារ។ ទី៥-បន្តពង្រឹងភាពជាដៃគូរដ្ឋនិងវិស័យឯកជនក្នុងការបន្តពង្រឹងនិងអភិវឌ្ឍវិស័យដំទ្បូងមីបន្ថែមទៀត។ ទី៦-សហព័ន្ធដំឡូងមីកម្ពុជាត្រូវជំរុញការអនុវត្តសេចក្តីណែនាំ ច្បាប់និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក្នុងចំណោមសមាជិករបស់ខ្លួន និងលើកកម្ពស់អនុលោមភាពនៃវិស័យដំទ្បូងមីឱ្យក្លាយជាវិស័យគំរូ និង ទី៧-បន្តពង្រឹងតួនាទីសហព័ន្ធដំទ្បូងមីកម្ពុជាក្នុងការអភិវឌ្ឍវិស័យដំទ្បូងមី តាមរយៈការផ្សារភ្ជាប់ទីផ្សារ សម្របសម្រួលប្រមូលទិញ ជំរុញការអនុវត្តកិច្ចសន្យាទិញ-លក់ និងជំរុញការផលិតនិងកែច្នៃ ដំទ្បូងមី។
News(សៀមរាប)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅបរិវេណសួនហាត់ប្រាណមាត់ស្ទឹងសៀមរាប ខេត្តសៀមរាប ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៩» ឆ្នាំ២០២៦ ក្រោមមូលបទ «ជំរុញ និងគាំទ្រផលិតផលជាតិ» ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម និងមានការចូលរួមគាំទ្រពីរដ្ឋបាលខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំខេត្តសៀមរាប ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធានមន្ទីរពាណិជ្ជកម្ម តំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត បងប្អូនអាជីវករ ផលិតករ តំណាងក្រុមហ៊ុន សហគ្រាស សមាគម និងសិស្សនិស្សិត ជាច្រើនរូប។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងក្រុមការងារពាក់ព័ន្ធទាំងអស់ក្នុងការចូលរួមរៀបចំព្រឹត្តិការណ៍ពិព័រណ៍ដ៏មានសារៈសំខាន់នេះឡើងបានយ៉ាងល្អប្រសើរ ប្រកបដោយភាពច្នៃប្រឌិត ភាពចម្រុះ និងសម្បូរបែប ក្នុងគោលបំណងជំរុញ លើកកម្ពស់ គាំទ្រ ប្រើប្រាស់ និងបង្ហាញផលិតផលនិងសេវាកម្មសក្តានុពលរបស់កម្ពុជា ព្រមទាំងបង្កើតឱកាសក្នុងការផ្គូរផ្គងរវាងធុរជនក្នុងប្រទេស និងផ្សព្វផ្សាយពីកាលានុវត្តភាពពាណិជ្ជកម្មនៅកម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការចូលរួមលើកកម្ពស់ផលិតជាតិ #MadeInCambodia ឱ្យមានការប្រើប្រាស់កាន់តែច្រើនឡើង ព្រមទាំងបង្កើនការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យបានស្គាល់កាន់តែច្បាស់ពីផលិតផលខ្មែរ ព្រមទាំងបានផ្តល់ជាវេទិកាសម្រាប់អាជីវករ ពាណិជ្ជករ ប្រតិបត្តិករ សេវាករ អ្នកនាំចេញ-នាំចូល អ្នកដាំដុះបន្លែផ្លែឈើ ម្ចាស់កសិដ្ឋានទាំងអស់ អាចដាក់តាំងបង្ហាញ ផ្សព្វផ្សាយ និងលក់នូវផលិតផលខ្មែរ ផលិតដោយកូនខ្មែរ ប្រកបដោយគុណភាព សោភ័ណភាព និងអនាម័យ ទៅកាន់សាធារណជន ផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការ បញ្ជាក់ថា ដើម្បីលើកកម្ពស់ និងជំរុញការគាំទ្រ និងប្រើប្រាស់ផលិតផលជាតិ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ ក្រសួងពាណិជ្ជកម្ម បានផ្តួចផ្តើម និងសម្ពោធ “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” ទូទាំងប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលយុទ្ធនាការនេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល ១សប្តាហ៍ ក្នុង១ខែ មានរយៈពេលមួយឆ្នាំពេញ ដោយផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាតនៅទូទាំងរាជធានី-ខេត្ត នឹងចូលរួមរៀបចំតុបតែងធ្នើរដាក់តាំងលក់ផលិតផលជាតិឱ្យកាន់តែមានភាពទាក់ទាញ និងលេចធ្លោផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងពាណិជ្ជកម្ម បានបន្តខិតខំប្រឹងប្រែងអនុវត្តនូវតួនាទីភារកិច្ច និងបេសកកម្មរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចដល់ធុរជន និងវិនិយោគិននៅកម្ពុជា សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តសៀមរាប និងមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការល្អជាមួយក្រុមការងារក្រសួងពាណិជ្ជកម្ម ក្នុងការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ ក៏ដូចជាព្រឹត្តិការណ៍នានាបានយ៉ាងល្អប្រសើរ ព្រមទាំងបានលើកទឹកចិត្តដល់ផលិតករ ពាណិជ្ជករ និងអាជីវករកម្ពុជាទាំងអស់ បន្តខិតខំបង្កើតគំនិតច្នៃប្រឌិតថ្មីៗបន្ថែមទៀត និងរៀបចំទំនិញសម្រាប់តម្រូវការទីផ្សារ ដោយត្រូវពង្រឹងគុណភាព សោភ័ណភាព និងសុវត្ថិភាពផលិតផលសម្រាប់អ្នកប្រើប្រាស់ អនុលោមតាមស្តង់ដារអនាម័យ និងមានតម្លៃសមរម្យ នោះទើបអាចចូលរួមប្រកួតប្រជែងក្នុងទីផ្សារសេរីបាន។ សូមជម្រាបជូនថា ពិព័រណ៍នេះមានក្រុមហ៊ុន សហគ្រាស អាជីវករ ផលិតផលករ សហគមន៍ អ្នកដាំដុះ ចូលរួមចំនួន ៩២ និងមានស្តង់ចំនួន ១១០ស្តង់។ ក្រៅពីដាក់តាំងបង្ហាញបន្លែផ្លែឈើស្រស់ និងផលិតផលកែច្នៃដែលមានគុណភាពខ្ពស់ ក៏នឹងមានរៀបចំកម្មវិធីអមនានា រួមមាន៖ សិក្ខាសាលាស្ដីពី៖ «បរិបទថ្មីនៃការប្រើប្រាស់ផលិតផលជាតិប្រកបដោយចីរភាព», សិក្ខាសាលាផ្សព្វផ្សាយស្ដីពី៖ «ការជំរុញនិងលើកកម្ពស់ផលិតផលកសិ-ពាណិជ្ជកម្ម វិស័យស្វាយចន្ទីនិងម្រេចកម្ពុជា», យុទ្ធនាការលើកកម្ពស់តម្បាញ និងការប្រើប្រាស់ផលិតផលសូត្រកម្ពុជា, កម្មវិធីបង្ហាញអំពីការចម្អិនម្ហូបអាហារខ្មែរ, ព្រមទាំងការសម្តែងសិល្បៈ និងតន្រ្តីស្គរដៃខ្មែរ ផងដែរ៕ ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៩ ឆ្នាំ២០២៦ • ទីតាំង៖ បរិវេណសួនហាត់ប្រាណមាត់ស្ទឹងសៀមរាប ខេត្តសៀមរាប • ផែនទី៖ https://maps.app.goo.gl/3pkY7PrNC73nLphk8 • កាលបរិច្ឆេទ៖ ថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៦ • ម៉ោង៖ ១០ព្រឹក ដល់ ៨យប់ #ពិព័រណ៍ផលិតផលខ្មែរ #ពិព័រណ៍បន្លែផ្លែឈើ #ពិព័រណ៍ផលិតផលខ្មែរនិងបន្លែផ្លែឈើ #MadeInCambodia
News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារពង្រឹងទីផ្សារក្នុងប្រទេស និងការតភ្ជាប់ទីផ្សារនាំចេញ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំទទួលបន្ទុក និងក្រុមការងារពាក់ព័ន្ធ។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ តាមដានវឌ្ឍនភាពការងារជំរុញទីផ្សារសម្រាប់កសិកម្មខា្នតតូច ការរៀបចំបង្កើតម៉ាកវិញ្ញាតកម្មកម្ពុជា អនុលោមភាពផលិតផលលើទីផ្សារ ព្រមទាំងការចងក្រងប្រមូលផ្តុំក្រុមអ្នកផលិតដើម្បីពង្រឹងនិងពង្រីកការផ្គត់ផ្គង់ និងតភ្ជាប់ទីផ្សារនាំចេញ។
News(សៀមរាប)៖ នាព្រឹកថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ឌី រ៉ាដូ អភិបាលរង នៃគៈអភិបាលខេត្តសៀមរាប អញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលាស្តីពី “ការពង្រឹងភាពអង់អាច និងភាពជាអ្នកដឹកនាំរបស់ស្រ្តី ក្នុងវិស័យពាណិជ្ជកម្មឌីជីថល” ដែលមានការអញ្ជើញចូលរួមពី លោកជំទាវអនុរដ្ឋលេខាធិការ លោក-លោកស្រីអគ្គនាយករង លោក-លោកស្រី សមាជិក សមាជិកា នៃក្រុមការងារយេនឌ័រក្រសួងពាណិជ្ជកម្ម តំណាងមន្ទីររាជធានី-ខេត្ត សភាពាណិជ្ជកម្មខេត្ត ព្រមទាំងសហគ្រិន និងសិក្ខាកាមជាស្រ្តី ជាច្រើនរូបផងដែរ។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់សិទ្ធិអំណាច សមត្ថភាព និងតួនាទីជាអ្នកដឹកនាំរបស់ស្រ្តីនៅក្នុងបរិបទឌីជីថល ដែលកំពុងមានការវិវត្តន៍យ៉ាងលឿន។ ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងអំពីលទ្ធផលការងារសំខាន់ៗដែលក្រសួងពាណិជ្ជកម្មសម្រេចបាននាពេលកន្លងមក ក្នុងការលើកកម្ពស់ស្ត្រីក្នុងវិស័យពាណិជ្ជកម្ម ព្រមទាំងសមិទ្ធផលផ្សេងៗទៀត ដែលក្រសួងសម្រេចបានតាមរយៈការចូលរួមយ៉ាងសកម្មរបស់ស្ត្រីក្នុងវិស័យពាណិជ្ជកម្ម។ ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ បន្តនូវកិច្ចសហការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតក្នុងការបំពេញបេសកកម្មការងារបញ្ជ្រាបយេនឌ័ររវាងបុរស និងស្ត្រី និងជំរុញនូវការគាំទ្រផលិតផលខ្មែរ ជាពិសេសផលិតផលរបស់ស្ត្រីខ្មែរ និងកាត់បន្ថយការនាំចូល។ សូមជម្រាបជូនថា ក្នុងសិក្ខាសាលានេះ ក៏មានការធ្វើបទបង្ហាញ និងការជជែកពិភាក្សាដោយផ្តោតទៅលើការដោះស្រាយបញ្ហាប្រឈម ការពង្រឹងជំនាញបច្ចេកទេស និងការបង្កើតយន្តការគាំទ្រ ដើម្បីឱ្យសហគ្រិនស្រ្តីអាចចាប់យកឱកាស ព្រមទាំងពង្រីកសក្តានុពលភាពជាអ្នកដឹកនាំដល់ស្ត្រី ឱ្យមានលទ្ធភាពគ្រប់គ្រងអាជីវកម្មដែលមានភាពប្រកួតប្រជែងក្នុងទីផ្សារអនឡាញ ផងដែរ៕