News(ភ្នំពេញ)៖ ព្រឹកថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាការគ្រប់គ្រងតំណាងពាណិជ្ជកម្មប្រចាំរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស បានអញ្ជើញជាអធិបតីក្នុងពិធីកាត់វិញ្ញាសារប្រឡង ស្តីពីអ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូល ដែលសិក្ខាកាមជាសមាជិកនៃសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា និងបណ្តាក្រុមហ៊ុន សរុបចំនួន ៥២ នាក់ (ស្រ្តី ១៧នាក់) ។ ថ្លែងក្នុងពិធីកាត់វិញ្ញាសារប្រឡង ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍ថា ទម្រង់នៃវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញមានចំនួន ២២ទម្រង់ ដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទំនិញអាស៊ាន ទម្រង់ឌី អាស៊ានបូកដៃគូ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាសិប RCEP កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន CCFTA កម្ពុជា-កូរ៉េ CKFTA កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម CEPA និងនីតិវិធីក្នុងការស្នើសុំនិងការចេញលិខិតបញ្ជាក់ដើមកំណើតទំនិញ OCL សម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារអាម៉េរិក។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីសារសំខាន់នៃវគ្គបណ្តុះបណ្តាលស្តីពីអ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូលសម្រាប់វិស័យឯកជន ព្រមទាំងបានជូនពរជូនសិក្ខាកាមទាំងអស់ឱ្យទទួលបានជោគជ័យក្នុងការប្រឡងគ្រប់ៗគ្នា៕
News(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងាររបស់នាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមរដ្ឋលេខាធិការទទួលបន្ទុក ឯកឧត្តមអគ្គនាយក និងមន្ត្រីរបស់នាយកដ្ឋាន។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីរាយការណ៍ជូនលោកជំទាវរដ្ឋមន្ត្រីអំពីវឌ្ឍនភាពការងាររបស់នាយកដ្ឋាន និងទទួលស្ដាប់អនុសាសន៍ណែនាំទិសដៅការងារបន្ត។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោក Soo Wei Chieh នាយកប្រតិបត្តិផ្នែកធុរកិច្ចអន្តរជាតិ និងជាប្រធានគណៈប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរី (Singapore Business Federation) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
News(ស្វាយរៀង)៖ នាព្រឹកថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាការគ្រប់គ្រងតំណាងពាណិជ្ជកម្មប្រចាំរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីអ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូលសម្រាប់វិស័យឯកជន ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ១០០រូប ពីបណ្តាក្រុមហ៊ុននៅតំបន់សេដ្ឋកិច្ចពិសេសនានា។
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ ក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូនៃក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ កងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោក ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធព្រះវិហារ កាលពីថ្ងៃសៅរ៍ ១កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៣:១០នាទីរសៀល ក្នុងជន្មាយុ៦៧ឆ្នាំ ដោយប្រយុទ្ធលើសមរភូមិក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ស្ថិតក្នុងកាលវេលាដ៏ក្រៀមក្រំនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ និងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម សូមចូលរួមរំលែកទុក្ខ និងឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧត្តមសេនីយ៍ឯក ដួង សំនៀង បានទៅកាន់សុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕