News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំង ចូលរួមបេសកកម្មថែរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ដែលបានទទួលមរណភាព កាលពីថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៨:០០នាទី ក្នុងជន្មាយុ ៦៥ឆ្នាំ ដោយរោគាពាធ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម បានសម្ដែងនូវការចូលរួមរំលែកនូវមរណទុក្ខជាមួយ លោកជំទាវ កែវ ស្រីពេជ្រ និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ដែលជាការបាត់បង់នូវបីតាបង្កើត បីតាក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់ ធ្លាប់បានបីបាច់ថ្នាក់ថ្នមថែរក្សា និងផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់ក្រុមគ្រួសារ ព្រមទាំងអប់រំ ណែនាំ ផ្តល់ដំបូន្មានល្អៗ ដល់កូន កូនប្រសារ ចៅ ក្រុមគ្រួសារ ញាតិមិត្តជិតឆ្ងាយ និងជាគំរូដ៏ល្អសម្រាប់ក្រុមគ្រួសារ។ មរណភាពរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី គឺជាការបាត់បង់ឥស្សរជនឆ្នើមមួយរូបរបស់រាជរដ្ឋាភិបាលដែលកន្លងមក ឯកឧត្តម បានចូលរួមចំណែកយ៉ាងសកម្មក្នុងការបម្រើជាតិ មាតុភូមិ ជាពិសេសក្នុងភារកិច្ចថែរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម។ ស្ថិតក្នុងកាលវេលាដ៏ក្រៀមក្រំនេះ ឯកឧត្តមរដ្ឋលេខាធិការ និងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម សូមចូលរួមរំលែកទុក្ខ និងឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានទៅកាន់សុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្រ្តីស្តីទីក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឡាយ សុខសៅគន្ធា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានជួបពិភាក្សាការងារជាមួយក្រុមការងារស្ទង់មតិរបស់ភ្នាក់ងារ JICA ដែលដឹកនាំដោយ លោកស្រី HITOTSUBASHI Reiko ពាក់ព័ន្ធនឹងគម្រោងអាហារូបករណ៍ JDSសម្រាប់ឆ្នាំ២០២៥-២០២៩ ដោយមានការអញ្ជើញចូលរួមពី លោកអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ លោកប្រធានវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ តំណាងលោកប្រធានស្តីទីនាយកដ្ឋានបុគ្គលិក និងមន្រ្តីមកពីនាយកដ្ឋានពាក់ព័ន្ធ ជាច្រើនរូប។
News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០២៤ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ (សែនសុខ) ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងសិក្ខាសាលាស្ដីពីការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការប្រើប្រាស់ប្រាក់រៀល។
News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានដឹកនាំកិច្ចប្រជុំប្រចាំខែ របស់ក្រុមការងារជំរុញការនាំចេញ ដើម្បីពិនិត្យ ពិភាក្សា តាមដានវឌ្ឍនភាពនៃការអនុវត្តការងារ និងផែនការសកម្មភាពបន្ត។ កិច្ចប្រជុំនេះបានផ្តោតសំខាន់ទៅលើវឌ្ឍនភាពនៃការអនុវត្តការងារដែលសម្រេចបាននាខែកញ្ញារួមមាន ការជួបជាមួយវិស័យឯកជន ការស្វែងរកកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍នានា ជំរុញការនាំចេញកសិផល ជាពិសេសផលិតផលស្វាយចន្ទីទៅកាន់ទីផ្សារអាទិភាព និងលទ្ធផលនៃដំណើបេសកកម្មការងារទៅកាន់បណ្ដាប្រទេសជាទីផ្សារគោលដៅដូចជា ប្រទេសជប៉ុន និងបណ្ដាប្រទេសសក្ដានុពលនៅសហភាពអ៊ឺរ៉ុប ចក្រភពអង់គ្លេស និងចិន ដោយបានជួបជាមួយក្រុមហ៊ុនជាច្រើនដើម្បីស្វែងរកឱកាសភាពជាដៃគូក្នុងការសហការ និងទទួលបានការគាំទ្រក្នុងការទទួលទិញផលិតផលកម្ពុជា និងជំរុញការនាំចេញផលិតផលសក្តានុពលរបស់កម្ពុជា តាមរយៈការបង្កើតបណ្តាញទំនាក់ទំនង និងឱកាសផ្គូរផ្គងធុរកិច្ចរវាងវិស័យឯកជនកម្ពុជា និងវិស័យឯកជនតាមបណ្តាប្រទេសគោលដៅ។