Newsសេចក្តីជូនដំណឹង៖ ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តជារៀងរាល់សប្ដាហ៍ចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦
News(កែប)៖ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នៅសាលាខេត្តកែប ឯកឧត្ដម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ «ការអនុវត្តគម្រោងកសាងកេរ្តិ៍ឈ្មោះម៉ាក និងការចុះបញ្ជី “ក្តាមសេះកែប” ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ» ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លី សាវេត អភិបាលរង នៃគណៈអភិបាលខេត្តកែប ឯកឧត្ដម ហូ ស៊ីវយ៉ុង អគ្គនាយកសេវាពាណិជ្ជកម្ម លោក សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា មន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន អ្នកនេសាទ និងអាជីវករ ជាច្រើនរូប។ គោលបំណងនៃការរៀបចំសិក្ខាសាលាផ្សព្វផ្សាយនេះ គឺដើម្បីផ្ដល់ចំណេះដឹង និងផ្សព្វផ្សាយពីគម្រោងកសាងកេរ្តិ៍ឈ្មោះម៉ាក និងការចុះបញ្ជី “ក្តាមសេះកែប” ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ព្រមទាំងការលើកកម្ពស់ចំណេះដឹងផ្នែកកម្មសិទ្ធិបញ្ញា ជាពិសេសមូលដ្ឋានគ្រឹះនៃការរៀបចំម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងការប្រមូលធាតុចូលពីអ្នកចូលរួម ដើម្បីរៀបចំជាសៀវភៅបន្ទុក ក្នុងការត្រៀមរៀបចំចុះបញ្ជី “ក្តាមសេះកែប” ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។ ក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីសារៈសំខាន់នៃវិស័យកម្មសិទ្ធិបញ្ញាក្នុងការចូលរួមចំណែកពង្រឹង និងកសាងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាតិ បង្កើតការងារក្នុងតំបន់ បង្កើនខ្សែច្រវាក់តម្លៃនៃផលិតផល ការទាក់ទាញភ្ញៀវទេសចរ បង្កើនស្តង់ដារអនាម័យ និងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋនៅតាមជនបទ។ ឯកឧត្ដមរដ្ឋលេខាធិការ បន្ថែមថា តាមរយៈបទពិសោធន៍របស់ក្រសួងពាណិជ្ជកម្មក្នុងការជួយរៀបចំឱ្យមានម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាកសមូហភាពកន្លងមក ពិតជាបានផ្ដល់នូវលទ្ធផលវិជ្ជមានជាច្រើន ទាំងផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍមូលដ្ឋាន ប៉ុន្តែត្រូវតែផ្សារភ្ជាប់ជាមួយការគ្រប់គ្រងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ឬម៉ាកសមូហភាពឱ្យបានត្រឹមត្រូវ និងម៉ត់ចត់ ដើម្បីធានាបាននូវគុណភាព និងស្តង់ដារផលិតផល ស្របតាមស្មារតីនៃលក្ខន្តិកៈសមាគម និងសៀវភៅបន្ទុកផងដែរ។ នៅកិច្ចបញ្ចប់ ឯកឧត្ដមរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ឱ្យបន្តយកចិត្តទុកដាក់រៀនសូត្រពីមន្ត្រីជំនាញកម្មសិទ្ធិបញ្ញា និងសហការគ្នាផ្លាស់ប្ដូរយោបល់ជាមួយអ្នកជំនាញការម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដើម្បីទទួលបានធាតុចូលសំខាន់ៗក្នុងការចងក្រងឯកសារពាក់ព័ន្ធនឹង «ក្តាមសេះកែប» ដើម្បីអាចឈានទៅរៀបចំជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ក្តាមសេះកែប» ទទួលបានជោគជ័យនាពេលខាងមុខ៕
News(កោះកុង)៖ នាព្រឹកថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរពាណិជ្ជកម្ម និងសាខាការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែង (ក.ប.ប.) ខេត្តកោះកុង ដើម្បីលើកទឹកចិត្ត និងតម្រង់ទិសការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមបេសកកម្មរបស់ក្រសួង និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រីបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ និងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប. ខេត្តកោះកុង ដែលបានបំពេញតួនាទី និងភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបានសមិទ្ធផលជាច្រើន និងបានសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត អាជ្ញាធរដែនដី ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ក្នុងការជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅមូលដ្ឋាន។ ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់មន្ត្រីរាជការទាំងអស់ ឱ្យយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្ត បន្តរៀនសូត្រ ពង្រឹងសមត្ថភាព ចំណេះជំនាញថ្មីៗបន្ថែមទៀត ព្រមទាំងបន្តបំពេញតួនាទីដោយស្មារតីទទួលខុសត្រូវ វិជ្ជាជីវៈ តម្លាភាព គណនេយ្យភាព និងការបម្រើសាធារណៈប្រកបដោយប្រសិទ្ធភាព ដើម្បីរួមចំណែកអភិវឌ្ឍវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគនៅខេត្តកោះកុង និងពង្រឹងការអនុវត្តបេសកកម្មរបស់ក្រសួងពាណិជ្ជកម្មឱ្យកាន់តែមានប្រសិទ្ធផល៕
News(កោះកុង)៖ នាព្រឹកថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក ឃី វុធ ជាប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុង ជំនួសលោក សាលីម ហ្វារីត ដែលបានចូលនិវត្តន៍។ ពិធីនេះត្រូវបានប្រារព្ធឡើងនៅសាលមហោស្រពខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង លោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម អាជ្ញាធរដែនដី និងមន្ត្រីរាជការតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្តកោះកុង ជាច្រើនរូប។ ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានសម្តែងការអបអរសាទរចំពោះលោកប្រធានមន្ទីរថ្មី និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលនានារបស់លោកប្រធានមន្ទីរដែលបានចូលនិវត្តន៍ ព្រមទាំងបានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរពាណិជ្ជកម្មខេត្តកោះកុងទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅថ្នាក់មូលដ្ឋាននាពេលកន្លងមក។ ជាពិសេស លោកជំទាវរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តកោះកុង ដែលបានរួមចំណែកជំរុញការអភិវឌ្ឍលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ខេត្តកោះកុង គឺជាខេត្តដែលមានសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍ ដោយឈរលើសរសរស្តម្ភសំខាន់ចំនួន ៣ រួមមាន៖ (១) វិស័យទេសចរណ៍ធម្មជាតិ ដែលសម្បូរទៅដោយធនធានធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ីដ៏លេចធ្លោ (២) វិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងឡូជីស្ទិក តាមរយៈតំបន់សេដ្ឋកិច្ចពិសេស និងគម្រោងអភិវឌ្ឍកំពង់ផែទឹកជ្រៅ និង (៣) វិស័យថាមពល កសិកម្ម និងវារីវប្បកម្ម ដែលជាមូលដ្ឋានសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ បន្ថែមពីនេះ លោកជំទាវរដ្ឋមន្ត្រី ក៏បានលើកឡើងពីសមិទ្ធផលសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល រួមមាន៖ ការកែទម្រង់រដ្ឋបាលសាធារណៈ និងការពង្រឹងអភិបាលកិច្ច ការជំរុញពាណិជ្ជកម្មក្នុងស្រុក ការពង្រឹងកម្មសិទ្ធិបញ្ញា និងការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) និងម៉ាកសមូហភាព ដើម្បីបង្កើនតម្លៃបន្ថែម និងភាពប្រកួតប្រជែងរបស់ផលិតផលកម្ពុជា ការពង្រីកទីផ្សារអន្តរជាតិ ការធ្វើសមាហរណកម្មពាណិជ្ជកម្មក្នុងក្របខណ្ឌតំបន់ និងសកល ការធ្វើទំនើបកម្មសេវាសាធារណៈ ការផ្សារភ្ជាប់ព័ត៌មានទីផ្សារ និងការពង្រីកការផ្តល់សេវាឌីជីថល ដើម្បីសម្រួលដល់ការធ្វើធុរកិច្ច និងការវិនិយោគ ព្រមទាំងការលើកកម្ពស់ការការពារអ្នកប្រើប្រាស់ ការប្រកួតប្រជែងដោយស្មោះត្រង់ និងការធានាសុវត្ថិភាពផលិតផលទំនិញ។ ក្នុងនាមជាថ្នាក់ដឹកនាំក្រសួង លោកជំទាវរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍គន្លឹះដល់ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុងថ្មី ដោយផ្តោតលើការតភ្ជាប់ទីផ្សារក្នុងស្រុក ការពង្រឹងភាពជាដៃគូរវាងសហគមន៍ផលិត និងវិស័យឯកជន ការជំរុញការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាកសមូហភាព ដើម្បីបង្កើនតម្លៃបន្ថែមសម្រាប់សម្រាប់ផលិតផលសក្តានុពលក្នុងខេត្ត ជាពិសេសផលិតផលកសិកម្ម និងជលផល ការពង្រឹងប្រសិទ្ធភាពសេវាសាធារណៈ និងការបន្តតាមដានស្ថានភាពទីផ្សារ។ មុននឹងបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរពាណិជ្ជកម្មខេត្តកោះកុង បន្តបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវ វិជ្ជាជីវៈ តម្លាភាព និងគណនេយ្យភាព ដើម្បីរួមចំណែកលើកកម្ពស់វិស័យពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅថ្នាក់មូលដ្ឋាន ឱ្យកាន់តែរីកចម្រើន ស្របតាមបេសកកម្មរបស់ក្រសួងពាណិជ្ជកម្ម និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា៕
Newsសារលិខិតរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម គោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏នក្ខត្តឫក្សប្រសើរថ្លៃថ្លា ប្រកបដោយ ក្តីសោមនស្សរីករាយនៃថ្ងៃមង្គលចម្រើនជន្មាយុ គម្រប់ ៧៤ឆ្នាំ ឈានចូល ៧៥ឆ្នាំ