Newsដើម្បីចូលរួមលើកកម្ពស់ផលិតផលក្នុងស្រុក ពង្រីកទីផ្សារកសិផលខ្មែរ និងគាំទ្រដល់ជីវភាពរបស់ប្រជាកសិករ និងផលិតករកម្ពុជា មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង សហការជាមួយសមាគមនិរន្តរភាពដីដើម្បីជីវិត កំពុងរៀបចំដំណើរការ «ផ្សារផលិតផលខ្មែរ» ជាប្រចាំ។ 🗓 រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ 🕕 ម៉ោង៖ ៦:០០ ព្រឹក ដល់ ៦:០០ ល្ងាច 📍 ទីតាំង៖ បរិវេណខាងមុខផ្សារទំនើបបុរីថ្មី (តាមបណ្តោយផ្លូវលេខ ៣) ក្រុងបាត់ដំបង ខេត្តបាត់ដំបង - Google Maps៖ https://maps.app.goo.gl/44Jyc9M2bWEokxbc8 ផ្សារនេះប្រមូលផ្តុំដោយកសិផលស្រស់ និងផលិតផលកែច្នៃក្នុងស្រុក ដែលមានគុណភាព សុវត្ថិភាព និងផលិតដោយដៃកូនខ្មែរ ដើម្បីផ្តល់ជម្រើសកាន់តែប្រសើរជូនអ្នកប្រើប្រាស់ និងរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ប្រកបដោយចីរភាព។ សូមអញ្ជើញប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមគាំទ្រផលិតផលខ្មែរ ដោយជាវ និងប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីរួមគ្នាពង្រឹងទីផ្សារជាតិ និងលើកកម្ពស់សក្តានុពលផលិតផលកម្ពុជាឱ្យកាន់តែរីកចម្រើន។
News(សៀមរាប)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារអង្គរ មីរ៉ាខល រីសត និងស្ប៉ា ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា និងការប្រើប្រាស់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា (SETFO)” ដោយមានសិក្ខាកាមចូលរួមមកពីគ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុ ហាងបញ្ចាំ ការិយាល័យមេធាវី និងមន្ទីរសាការី ជាច្រើនរូប មកពីស្ថាប័នចំនួន ៥០។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងបង្កើនការយល់ដឹងអំពីច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា (ឆ្នាំ២០០៧) និងការប្រើប្រាស់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា (SETFO) តាមរយៈគេហទំព័រ https://setfo.moc.gov.kh ។ នៅក្នុងវគ្គបណ្តុះបណ្តាលនេះ មន្ត្រីជំនាញនៃនាយកដ្ឋាននីតិកម្ម និងតំណាងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើបទបង្ហាញលើប្រធានបទដូចខាងក្រោម៖ ១. ទិដ្ឋភាពទូទៅនៃច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា ២. ប្រភេទនៃទ្រព្យធានា (ជាចលនទ្រព្យ) ៣. សិទ្ធិ កាតព្វកិច្ច និងកិច្ចព្រមព្រៀងប្រាតិភោគ ៤. ការធ្វើសុក្រឹតកម្មសិទ្ធិប្រាតិភោគ និងវិធានកំណត់អាទិភាព ៥. ការអនុវត្តសិទ្ធិប្រាតិភោគ ៦. ការប្រើប្រាស់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា កំណែ ២.០ (SETFO 2.0) ៧. ការអនុវត្តជាក់ស្តែងលើការប្រើប្រាស់មុខងារសំខាន់ៗក្នុងប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា (SETFO) និង ៨. កិច្ចពិភាក្សាលើការអភិវឌ្ឍក្របខ័ណ្ឌគតិយុត្ត។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូរបស់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអគ្គនាយករងពាណិជ្ជកម្មក្នុងប្រទេស អគ្គនាយករង ក.ប.ប. ប្រធាននាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម ប្រធាននាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ ប្រធាននាយកដ្ឋានកិច្ចការប្រកួតប្រជែង និងមន្ត្រីជំនាញរបស់នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន និងទីផ្សារជាច្រើនរូប។ កិច្ចជំនួបនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សាអំពីការវាយតម្លៃទីផ្សារឧស្ម័នឥន្ធនៈរាវ (LPG) ដើម្បីបង្កើនការយល់ដឹងអំពីទីផ្សារបច្ចុប្បន្ន និងផែនការអភិវឌ្ឍន៍នាពេលអនាគតនៃវិស័យឧស្ម័នឥន្ធនៈរាវ (LPG) របស់កម្ពុជា៕
News(ក្រចេះ និងកំពង់ចាម)៖ នាថ្ងៃទី២៩ និងទី៣០ ខែកក្កដា ឆ្នាំ២០២៦ នៅខេត្តក្រចេះ និងខេត្តកំពង់ចាម ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ខ្សែច្រវាក់តម្លៃស្វាយចន្ទី”។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយអំពីលក្ខខណ្ឌចាំបាច់ នីតិវិធីនានា និងតម្រូវការជាក់ស្តែងក្នុងការទទួលបានហិរញ្ញប្បទានពីស្ថាប័នហិរញ្ញវត្ថុ ជូនដល់អ្នកដាំដុះ សហគមន៍កសិកម្ម សហគ្រាស និងភាគីពាក់ព័ន្ធ ព្រមទាំងធ្វើជាវេទិកាពិភាក្សាផ្លាស់ប្តូរបទពិសោធន៍រវាងអ្នកវិនិយោគ អ្នកកែច្នៃ និងតួអង្គក្នុងខ្សែច្រវាក់តម្លៃស្វាយចន្ទី ជាច្រើនរូប។ ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជំរុញ និងលើកទឹកចិត្តឱ្យមានកិច្ចពិភាក្សាយ៉ាងផុលផុស អំពីលក្ខខណ្ឌចាំបាច់ នីតិវិធីនានា និងតម្រូវការជាក់ស្តែងរវាងស្ថាប័នហិរញ្ញវត្ថុ និងអ្នកដាំដុះ សហគមន៍កសិកម្ម សហគ្រាស ព្រមទាំងបានផ្តល់អនុសាសន៍មួយចំនួន រួមមាន៖ ១. ពិនិត្យលទ្ធភាពផ្តល់ប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាប និងមានរយៈពេលវែងជូនដល់ប្រជាកសិករ ជាពិសេសអ្នកកែច្នៃសម្រាប់បង្កើនលទ្ធភាពទិញគ្រាប់ស្វាយចន្ទីស្តុកទុក និងកែច្នៃក្នុងរដូវប្រមូលផល ២. សូមឱ្យស្ថាប័នហិរញ្ញវត្ថុជួយសម្រួលលក្ខខណ្ឌនានា និងនីតិវិធីសម្រាប់ការទទួលបានប្រាក់កម្ចី ៣. សូមឱ្យប្រជាកសិករ អ្នកកែច្នៃក្នុងស្រុក ធនាគារ និងអ្នកពាក់ព័ន្ធទាំងអស់ផ្តល់នូវទំនុកចិត្ត និងការគាំទ្រគ្នាទៅវិញទៅមក និង ៤. លើកទឹកចិត្តដល់អ្នកវិនិយោគក្នុងស្រុកឱ្យផ្តោតលើការវិនិយោគលើការកែច្នៃក្នុងវិស័យស្វាយចន្ទី។
News(កំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ទី១ ខែសីហា ឆ្នាំ២០២៦ នៅខេត្តកំពង់ចាម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកស្រី ឃីម កញ្ញា អគ្គនាយករង ដែលបានទទួលមរណភាពកាលពីថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១:០៥នាទីព្រឹក ក្នុងជន្មាយុ ៥៣ឆ្នាំ ដោយរោគាពាធ។ ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី និងប្រតិភូក្រសួងពាណិជ្ជកម្ម បានសម្តែងនូវការចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព ចំពោះការបាត់បង់ លោកស្រី ឃីម កញ្ញា ដែលជាការបាត់បង់ភរិយា ម្តាយ ម្តាយក្មេក និងជីដូនជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុត ប្រកបដោយគន្លងធម៌និងព្រហ្មវិហារធម៌ និងជាការបាត់បង់នូវមន្ត្រីរាជការដ៏សកម្មប្រកបដោយគុណវុឌ្ឍិដែលបានតស៊ូ លះបង់ អស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការបំពេញបេសកកម្មការងារនាពេលកន្លងមក។ ស្ថិតក្នុងកាលវេលាដ៏ក្រៀមក្រំនេះ លោកជំទាវរដ្ឋមន្រ្តី និងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម សូមចូលរួមរំលែកទុក្ខ និងឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកស្រី ឃីម កញ្ញា បានទៅកាន់សុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕