News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅនីតិបូជនីយដ្ឋាន វិមានរដ្ឋធម្មនុញ្ញ ស្ថិតនៅសួនច្បារខាងលិចវិមានឯករាជ្យ រាជធានីភ្នំពេញ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមពិធីដាក់កម្រងផ្កាគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះត្រូវបានរៀបចំឡើងក្នុងឱកាសខួបលើកទី៣៣ នៃទិវាប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ ក្នុងការរំលឹកដល់ការប្រកាសដាក់ឱ្យប្រើប្រាស់នូវច្បាប់កំពូលរបស់ជាតិ។ ការអញ្ជើញចូលរួមរបស់គណៈប្រតិភូក្រសួងពាណិជ្ជកម្មក្នុងពិធីនេះ គឺដើម្បីសម្តែងនូវការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជាការចូលរួមអបអរសាទរខួបលើកទី៣៣ នៃទិវាប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនេះផងដែរ។
News(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយទីប្រឹក្សាអន្តរជាតិ និងទីប្រឹក្សាជាតិនៃគម្រោង EU-German GATE ស្ដីពី «ការគាំទ្រការរៀបចំយុទ្ធសាស្ត្រអន្តរកាលដោយរលូន (STS) សម្រាប់ការត្រៀមចាកចេញរបស់កម្ពុជាពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច (LDC Graduation)» ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងអគ្គនាយកដ្ឋានគោលនយោបាយ និងជំរុញពាណិជ្ជកម្ម។ ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិនិត្យ និងពិភាក្សាលើរបាយការណ៍ចាប់ផ្ដើម (Inception Report) និងលទ្ធផលរកឃើញបឋម (Preliminary Findings) ដែលរំលេចអំពីកាតព្វកិច្ចរបស់កម្ពុជាក្រោមកិច្ចព្រមព្រៀងនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) ការវាយតម្លៃលើផលប៉ះពាល់ចំពោះវិស័យ និងមុខទំនិញនាំចេញសំខាន់ៗរបស់កម្ពុជា និងកម្រិតនៃការត្រៀមលក្ខណៈសម្បត្តិរបស់កម្ពុជាសម្រាប់ដំណើរការចាកចេញនេះ ដោយផ្ដោតលើការកំណត់អាទិភាព និងទិសដៅយុទ្ធសាស្ត្រសម្រាប់វិស័យពាណិជ្ជកម្ម ព្រមទាំងធានាសង្គតិភាពជាមួយក្របខណ្ឌយុទ្ធសាស្ត្រជាតិ (STS) ទាំងមូល ដែលដឹកនាំដោយក្រសួងផែនការ។
News(យ៉ាមូស៊ូក្រូ, កូតឌីវ័រ)៖ នៅថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានដឹកនាំគណៈប្រតិភូអន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទីកម្ពុជា បន្តទស្សនកិច្ចសិក្សានៅទីក្រុងយ៉ាមូស៊ូក្រូ (Yamoussoukro) សាធារណរដ្ឋកូតឌីវ័រ ដើម្បីស្វែងយល់ពីបទពិសោធន៍ និងគំរូជោគជ័យក្នុងការអភិវឌ្ឍខ្សែច្រវាក់តម្លៃស្វាយចន្ទី។ ក្នុងឱកាសនោះ គណៈប្រតិភូបានអញ្ជើញទស្សនកិច្ចនៅមជ្ឈមណ្ឌលនវានុវត្តន៍ និងបច្ចេកវិទ្យាស្វាយចន្ទី (Cashew Innovation and Technology Center – CITA) និងរោងចក្រ Southland Global Agriculture – SG Agro ដែលស្ថិតក្នុងតំបន់ឧស្សាហកម្មយ៉ាមូស៊ូក្រូ (Yamoussoukro Industrial Zone)។ បន្ថែមពីនេះ គណៈប្រតិភូបានជួបសំណេះសំណាលជាមួយសហករណ៍ក្នុងតំបន់នេះ ដើម្បីស្វែងយល់ពីបទពិសោធន៍នៃការគ្រប់គ្រងស្វាយចន្ទីបន្ទាប់ពីប្រមូលផល ការរក្សាទុក ការកែច្នៃ ការបង្កើនតម្លៃបន្ថែម និងការរៀបចំប្រព័ន្ធប្រមូលទិញស្វាយចន្ទីផងដែរ៕
Newsអបអរសាទរ ខួបលើកទី៣៣ ទិវាប្រកាសរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ២៤ កញ្ញា ១៩៩៣ - ២៤ កញ្ញា ២០២៦
News(ព្រះសីហនុ)៖ នាព្រឹកថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារណូវ៉ូថែល ក្រុងព្រះសីហនុ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ច្បាប់ស្ដីពីប្រតិបត្តិការដែលមានកិច្ចធានា និងការប្រើប្រាស់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា (SETFO)» ដោយមានសិក្ខាកាមចូលរួមមកពីគ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហាងបញ្ចាំ ការិយាល័យមេធាវី និងមន្ទីរសារការី ជាច្រើនស្ថាប័ន។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងអំពីច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា ឆ្នាំ២០០៧ និងការប្រើប្រាស់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា (SETFO) ឬតាមរយៈគេហទំព័រ (https://setfo.moc.gov.kh)។ នៅក្នុងវគ្គបណ្តុះបណ្តាលនេះ មន្ត្រីជំនាញនៃនាយកដ្ឋាននីតិកម្ម និងតំណាងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើបទបង្ហាញលើប្រធានបទដូចខាងក្រោម៖ ១. ទិដ្ឋភាពទូទៅនៃច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា ២. ប្រភេទនៃទ្រព្យធានា (ជាចលនទ្រព្យ) ៣. សិទ្ធិ កាតព្វកិច្ច និងកិច្ចព្រមព្រៀងប្រាតិភោគ ៤. ការធ្វើសុក្រឹតកម្មនៃសិទ្ធិប្រាតិភោគ និងវិធានកំណត់អាទិភាព ៥. ការអនុវត្តសិទ្ធិប្រាតិភោគ ៦. ការប្រើប្រាស់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា កំណែ ២.០ (SETFO 2.0) ៧. ការអនុវត្តជាក់ស្តែងលើការប្រើប្រាស់មុខងារសំខាន់ៗក្នុងប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា (SETFO) និង ៨. កិច្ចពិភាក្សាលើការអភិវឌ្ឍក្របខ័ណ្ឌគតិយុត្ត៕