News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែសីហា ឆ្នាំ២០២៥ នៅសណ្ឋាគាអ៊ុកវ៉ូដព្រីមៀរភ្នំពេញ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “លទ្ធផល និងអនុសាសន៍លើការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣ (3rd TPR)” ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម Igor DRIESMANS ឯកអគ្គរដ្ឋទូតនៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងតំណាងវិស័យឯកជន ជាច្រើនរូប។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប និងក្រសួងសហប្រតិបត្តិការ និងអភិវឌ្ឍសេដ្ឋកិច្ចនៃសហព័ន្ធអាល្លឺម៉ង់(BMZ) ក្រោមគម្រោង EU-German GATE ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូទាំងអស់ ដែលបានបន្តគាំទ្រដល់អាទិភាពអភិវឌ្ឍពាណិជ្ជកម្មកម្ពុជា ពិសេសការរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទទួលបានភាពជោគជ័យយ៉ាងត្រចះត្រចង់ក្នុងកិច្ចប្រជុំ 3rd TPR របស់កម្ពុជា កាលពីថ្ងៃទី២៦-២៨ ខែមីនា ឆ្នាំ២០២៥ នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាទីក្រុងហ្សឺណែវ ប្រទេសស៊្វីស។ ជាមួយគ្នានេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតនៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានធ្វើការវាយតម្លៃខ្ពស់ដល់ការអភិវឌ្ឍផ្នែកសង្គមសេដ្ឋកិច្ចដែលកម្ពុជាសម្រេចបាន ពិសេសកំណើននៃការនាំចេញ និងភាពរឹងមាំនៃបទបញ្ញត្តិ-ច្បាប់ និងគោលនយោបាយពាក់ព័ន្ធវិស័យពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងការចូលរួមយ៉ាងសកម្មរបស់កម្ពុជាក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគីជាដើម ដែលទាំងនេះនឹងជំរុញកម្ពុជាឈានទៅចាកចេញពីឋានៈប្រទេស LDC នៅឆ្នាំ២០២៩ តាមការគ្រោងទុក។ នៅក្នុងអង្គសិក្ខាសាលានេះ ក៏មានបទអន្តរាគមន៍ពីតំណាងអន្តរក្រសួង-ស្ថាប័ន ពាក់ព័ន្ធនឹងវឌ្ឍនភាពតាមវិស័យរបស់ខ្លួន បញ្ហាប្រឈម អនុសាសន៍ស្នើដោយសមាជិក WTO ព្រមទាំងផែនការ និងយុទ្ធសាស្ត្រសម្រាប់អនុវត្តអនុសាសន៍ទាំងនេះ។ ជាមួយគ្នានេះដែរ អង្គសិក្ខាសាលាក៏បានផ្តល់ឳកាសជូនស្ថាប័នដៃគូអភិវឌ្ឍន៍នានានៅកម្ពុជា ពិនិត្យលទ្ធភាពក្នុងការផ្តល់ការគាំទ្រដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពន្លឿន និងពង្រឹងការអនុវត្តនូវអនុសាសន៍ទាំងនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
News(កណ្តាល)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៧ ខែសីហាឆ្នាំ២០២៥ នៅមន្ទីរពាណិជ្ជកម្មខេត្តកណ្តាល លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សាក្នុងការប្រមូលទិន្នន័យពោតក្រហម និងដោះស្រាយបញ្ហាប្រឈម។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល លោកអគ្គនាយករងនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងមន្ត្រីជំនាញនៃក្រសួងពាណិជ្ជកម្ម លោកប្រធាន-អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្តាល និងមន្រ្តីជំនាញ តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកអភិបាលស្រុកលើកដែក លោកអភិបាលរងក្រុងសំពៅពូននិងស្រុកកោះធំ មន្រ្តីកសិកម្មក្រុង-ស្រុកទាំង៣ ព្រមទាំងតំណាងក្រុមហ៊ុន/ម្ចាស់សៃឡូប្រមូលទិញពោតពីខេត្តកណ្តាលជាច្រើនរូប។ កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីប្រមូលទិន្នន័យពោតរបស់សៃឡូនៅក្នុងខេត្តកណ្តាល និងបើកកិច្ចពិភាក្សាលើបញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយលើកសិផលពោតក្រហម។
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទទី៤ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការនៃក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការរៀបចំក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មឆ្ពោះទៅឆ្នាំ២០៣០ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការរៀបចំក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០ ដែលមានវត្តមានអញ្ជើញចូលរួមដោយឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងប្រធាននាយកដ្ឋានពាក់ព័ន្ធដែលជាសមាជិកគណៈកម្មការ។ កិច្ចប្រជុំនេះ បានរៀបចំឡើងក្នុងគោលបំណងដើម្បីតាមដាន និងពិនិត្យវឌ្ឍនភាពនៃការរៀបចំក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មឆ្ពោះទៅឆ្នាំ២០៣០ និងពិភាក្សាលើទម្រង់និងខ្លឹមសារនៃឯកសារក្របខណ្ឌគោលនយោបាយពាណិជ្ជកម្ម។ កិច្ចប្រជុំបានពិភាក្សាគ្នាលើសេចក្តីព្រាងសសរស្តម្ភទាំង៦ នៃក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០ ដោយបានទទួលធាតុចូលសំខាន់ៗ និងមតិយោបល់បន្ថែមពីប្រធានដឹកនាំ និងសមាជិកនៃសសរស្តម្ភនីមួយៗ បន្ទាប់ការធ្វើបទបង្ហាញដោយសង្ខេបលើសេចក្តីព្រាងនៃឯកសារក្របខណ្ឌគោលនយោបាយពាណិជ្ជកម្ម។ ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ និងជាប្រធានគណៈកម្មការរៀបចំក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មឆ្ពោះទៅឆ្នាំ២០៣០ បានកំណត់ទិសដៅការងារ និងជំហានបន្ទាប់ ក្នុងគោលដៅជំរុញនិងពន្លឿនឱ្យការរៀបចំក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មនេះបញ្ចប់តាមពេលវេលាកំណត់។ - - - (Phnom Penh): On the afternoon of Monday, 04 August 2025, at the Ministry of Commerce, His Excellency KEM Sithan, Permanent Secretary of State of the Ministry of Commerce and Chairman of Cambodia Trade Policy Framework Towards 2030 Formulation Committee, chaired the 3rd Committee meeting with the attendance of Excellency Secretaries of States, Under Secretaries of States, Director Generals and relevant department directors that are committee members. The meeting was organized to monitor and review the progress of the formulation of the Trade Policy Framework towards 2030 and discuss the format and content of the Trade Policy Framework. The meeting discussed the six draft pillars of the Cambodian Trade Policy Framework towards 2030, receiving key inputs and additional comments from the chairpersons and members of each pillar, following a brief presentation on the draft Trade Policy Framework. In conclusion, His Excellency the Permanent Secretary of State and Chairman of Cambodia Trade Policy Framework Towards 2030 Formulation Committee set out the work directions and next steps with the aim of accelerating the preparation and completion of the trade policy framework as scheduled.
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមពិធី បើកសម្ពោធពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ លើកទី៩ (CIMIF) និងពិព័ណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងឧស្សាហកម្មវាយនភណ្ឌកម្ពុជាអន្តរជាតិ លើកទី៩ (CTG) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមានការចូលរួមពី ឯកឧត្តម ឧកញ៉ា តំណាងក្រសួង ស្ថាប័ន សភាពាណិជ្ជកម្មកម្ពុជា តំណាងក្រុមហ៊ុន ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។ ព្រឹត្តិការណ៍ពិព័រណ៍ខាងលើ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដោយបានដាក់តាំងបង្ហាញគ្រឿងម៉ាស៊ីនវាយនភណ្ឌ ម៉ាស៊ីនកាត់ដេរសម្លៀកបំពាក់ ម៉ាស៊ីនវេចខ្ចប់ ម៉ាស៊ីនបោះពុម្ព គ្រឿងបន្លាស់រថយន្ត និងឧបករណ៍កសិកម្មជាច្រើនប្រភេទ។ ពិព័រណ៍នេះរៀបចំឡើង ក្នុងគោលបំណងបង្កើតជាវេទិកាដ៏សំខាន់សម្រាប់អ្នកជំនាញ សហគ្រិនមកពីវិស័យវាយនភណ្ឌ និងអ្នកវិនិយោគ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងស្វែងយល់ពីស្ថានភាពផលិតកម្មដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា និងចាប់យល់ឱកាសវិនិយោគនៅកម្ពុជា។ យោងតាមរបាយការណ៍របស់ក្រុមហ៊ុនរៀបចំពិព័រណ៍ ការតាំងពិព័រណ៍ឆ្នាំនេះមានស្តង់ពិព័រណ៍ប្រមាណ២០០ស្តង់ ដែលក្រុមហ៊ុនតាំងពិព័រណ៍មកពី១៣ប្រទេស និងតំបន់ វិស័យផលិតកម្ម៕ --- (Phnom Penh): On Tuesday, 6 August 2025, at the Koh Pich Convention and Exhibition Center, Phnom Penh, His Excellency SAMHENG Bora, Secretary of State of the Ministry of Commerce, attended the opening ceremony of “The 9th Cambodia International Machinery Industry Fair (CIMIF) & The 9th Cambodia International Textile & Garment Industry Exhibition (CTG)”, presided over of His Excellency HEM Vanndy, Minister of Industry, Science, Technology & Innovation (MISTI), and attended by His Excellency, Oknha, representatives of ministries, institutions, Cambodia Chamber of Commerce, company representatives, and numerous national and international guests. The above exhibition will take place from August 6 to 9, 2025, at the Diamond Island Exhibition & Convention Center in Phnom Penh, showcasing various types of textile machinery, garment cutting machines, packaging machines, printing machines, automotive parts, and agricultural equipment. This exhibition aims to be a platform for experts, entrepreneurs from the textile sector and investors to exchange experiences and learn about Cambodia’s rapidly developing manufacturing situation and grasp investment opportunities in Cambodia. According to the exhibition organizer, this year’s exhibition will feature approximately 200 booths, with exhibiting companies from 13 countries and regions in the manufacturing sector.
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការចំពោះកិច្ច ដើម្បីសិក្សា និងរៀបចំបង្កើតសហព័ន្ធស្វាយកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈកម្មការលើកទី១ ដើម្បីពិភាក្សា និងរៀបចំផែនការសកម្មភាពសម្រាប់បង្កើតសហព័ន្ធស្វាយកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ ដែលជាអនុប្រធានគណៈកម្មការតំណាងមកពីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់ក្រសួងពាណិជ្ជកម្ម និងអង្គការ CIRD, HEKS, GIZ, CAPRED ព្រមទាំងតំណាងតួអង្គខ្សែច្រវាក់តម្លៃក្នុងវិស័យស្វាយជាច្រើនរូប។ កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណង ១.ប្រកាសសមាសភាពគណៈកម្មការចំពោះកិច្ច ដើម្បីសិក្សា និងរៀបចំផែនការសកម្មភាពសម្រាប់បង្កើតសហព័ន្ធស្វាយកម្ពុជា ២.ពិភាក្សាអំពីនីតិវិធី និងដំណើរការនៃការរៀបចំបង្កើតសហព័ន្ធស្វាយកម្ពុជា។