News(ស៊ីដនី, អូស្រ្តាលី)៖ នារសៀលថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យស៊ីដនីអូស្ត្រាលី និងបានជួបជាមួយ សាស្រ្តាចារ្យ Gregory Fox នាយកមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍ ព្រមទាំងមានការចូលរួមពីសាស្រ្តាចារ្យ និងសេដ្ឋវិទូនៃសាកលវិទ្យាល័យស៊ីដនី ផងដែរ។ ក្នុងជំនួបខាងលើនេះ ភាគីទាំងពីរបានពិភាក្សាលើប្រធានបទសំខាន់មួយចំនួនដូចជា៖ ការកសាងសមត្ថភាពសហគ្រិនភាពជាស្រ្តី យុទ្ធសាស្រ្តសម្រាប់ការនាំចេញ ការធ្វើពិពិធកម្មទីផ្សារនាំចេញ និងការជំរុញកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូលើការស្រាវជ្រាវលើវិស័យ ពាណិជ្ជកម្ម ថាមពលកកើតឡើងវិញ និងការផលិតនិងកែច្នៃអាហារសម្រាប់នាំចេញជាដើម សំដៅបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាលើវិស័យពាណិជ្ជកម្ម។
News(ស៊ីដនី, អូស្រ្តាលី)៖ នារសៀលថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញពិសារអាហារថ្ងៃត្រង់ការងារ ជាមួយលោកស្រី Caroline Linke ឧបការរីរង ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី និងបានផ្លាស់ប្តូរយោបល់ពីបរិបទពាណិជ្ជកម្មតំបន់ ជាពិសេសក្នុងស្ថានភាពនៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ដោយសង្កត់ធ្ងន់លើការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងការទាញយកប្រយោជន៍ជាអតិប្បរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានជាមួយប្រទេសជាដៃគូ ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី និងនូវែលសេឡង់ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប)។
News(ស៊ីដនី, អូស្រ្តាលី)៖ នាព្រឹកថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយលោក Michael Helleman ប្រធានផ្នែកវិនិយោគអាស៊ីនៃគណៈកម្មការពាណិជ្ជកម្មនិងវិនិយោគអូស្រ្តាលី (Austrade) ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់លើទស្សនវិស័យក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន ដោយផ្តោតលើវិស័យថាមពលបៃតង។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្រ្តី បានជម្រាបពីសក្តានុពលពាណិជ្ជកម្មកម្ពុជា និងបានលើកទឹកចិត្តឲ្យភាគី Austrade ជ្រើសយកកម្ពុជាជាទីតាំងស្នូលក្នុងតំបន់ដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការផលិតនិងនាំចេញតាមរយៈទីផ្សារដ៏ធំទូលាយនិងការអនុគ្រោះពន្ធដ៏សំបូរបែបដែលកម្ពុជាទទួលបាន ជាពិសេសការរៀបចំបេសកកម្មធុរកិច្ចដោយនាំយកអ្នកបញ្ជាទិញពីប្រទេសអូស្រ្តាលីទៅកាន់កម្ពុជាដើម្បីផ្សារភ្ជាប់ដោយផ្ទាល់ជាមួយអ្នកផ្គត់ផ្គង់នៅកម្ពុជា ដោយសហការជាមួយក្រុមការងារជំរុញការនាំចេញរបស់ក្រសួងពាណិជ្ជកម្ម។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី “ការសម្ងាត់ពាណិជ្ជកម្ម និងប្រកាសនីយបត្រតក្កកម្ម” ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អគ្គនាយករងសេវាពាណិជ្ជកម្ម ប្រធាននាយកដ្ឋានកម្មសិទ្ធិ បញ្ញា សមាជិក សមាជិកានៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា តំណាងមេធាវីនិងភ្នាក់ងារតំណាងស្របច្បាប់ ធនាគារ ក្រុមហ៊ុន សហគ្រាស ជាច្រើនរូប។
News(ស៊ីដនី, អូស្រ្តាលី)៖ នារសៀលថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងស៊ីដនី និងមែលប៊ន ប្រទេសអូស្ត្រាលី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនេះផងដែរ លោកជំទាវរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំ និងលើកទឹកចិត្តតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងស៊ីដនី និងមែលប៊ន ឱ្យសហការជាមួយក្រុមការងារជំរុញការនាំចេញរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការពង្រឹងនិងពង្រីកសកម្មភាពពាណិជ្ជកម្មកម្ពុជា-អូស្រ្តាលី ជាពិសេសជំរុញការនាំចូលផលិតផលកម្ពុជាមកលក់នៅតាមបណ្តាផ្សារលក់ទំនិញរបស់អូស្ត្រាលីឱ្យកាន់តែទូលំទូលាយ។