News(ព្រះសីហនុ)៖ នាព្រឹកថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦ នៅមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការចូលរួមរបស់ស្ត្រីក្នុងវិស័យពាណិជ្ជកម្មឌីជីថល» ដែលសហការរៀបចំដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ (TTRI) នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ។ ពិធីនេះមានការអញ្ជើញចូលរួមពី លោកជំទាវអនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាននៃក្រុមការងារយេនឌ័រ លោកអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ មន្ត្រីបង្គោលយេនឌ័រមកពីបណ្តារាជធានី-ខេត្ត មន្ត្រីនៃសាខា ក.ប.ប. ខេត្ត តំណាងសមាគមសហគ្រិនស្ត្រី សភាពាណិជ្ជកម្ម អាជីវករ និងនិស្សិតជាច្រើនរូប។ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព កសាងទំនុកចិត្ត និងបង្កើនសិទ្ធិអំណាចដល់ស្ត្រី ក្នុងការចូលរួមក្នុងវិស័យពាណិជ្ជកម្មឌីជីថល។
News(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុង ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការជំរុញកិច្ចគាំពារគុណភាពបរិស្ថានក្នុងវិស័យពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញនៃក្រសួងទាំងពីរ និងភ្ញៀវកិត្តិយសជាច្រើនរូប។ អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលរវាងក្រសួងទាំងពីរ ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថានក្នុងវិស័យពាណិជ្ជកម្ម ព្រមទាំងពង្រឹងយន្តការឆ្លើយតបចំពោះបញ្ហា និងហានិភ័យបរិស្ថានដែលពាក់ព័ន្ធនឹងសកម្មភាពផលិតកម្ម និងពាណិជ្ជកម្ម ព្រមទាំងរួមចំណែកការពារសុខភាពសាធារណៈ រក្សាគុណភាពបរិស្ថាន និងជំរុញវិស័យពាណិជ្ជកម្មកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែង បរិយាបន្ន និងប្រកបដោយចីរភាព ស្របតាមទិសដៅនៃការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា។ ថ្លែងទៅកាន់អង្គពិធី លោកជំទាវរដ្ឋមន្ត្រី បានមានប្រសាសន៍ថា កំណើនពាណិជ្ជកម្ម និងការអភិវឌ្ឍវិស័យឯកជន ត្រូវដើរទន្ទឹមគ្នាជាមួយការគាំពារបរិស្ថាន និងការការពារសុខភាពសាធារណៈ ហើយអនុលោមភាពបរិស្ថាន មិនមែនគ្រាន់តែជាកាតព្វកិច្ចតាមផ្លូវច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែជាកត្តាមូលដ្ឋានសម្រាប់ការអភិវឌ្ឍអាជីវកម្មប្រកបដោយចីរភាព ការកសាងទំនុកចិត្តរបស់អ្នកប្រើប្រាស់ ការទាក់ទាញវិនិយោគប្រកបដោយការទទួលខុសត្រូវ និងការពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា។ លោកជំទាវរដ្ឋមន្ត្រី បន្ថែមថា និន្នាការពាណិជ្ជកម្មអន្តរជាតិកំពុងផ្តោតកាន់តែខ្លាំងលើ ផលិតកម្មបៃតង ការតាមដានប្រភពវត្ថុធាតុដើម ការគ្រប់គ្រងកាកសំណល់ ការប្រើប្រាស់ថាមពល និងធនធានប្រកបដោយប្រសិទ្ធភាព និងការគ្រប់គ្រងហានិភ័យបរិស្ថានក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ ដែលក្លាយជាកត្តាសំខាន់សម្រាប់ការចូលដំណើរការទីផ្សារ និងការរក្សាទំនាក់ទំនងជាមួយអ្នកបញ្ជាទិញអន្តរជាតិ។ ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រីបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តអនុស្សរណៈនេះប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន ព្រមទាំងជំរុញការសហការយ៉ាងជិតស្និទ្ធរវាងអង្គភាពជំនាញនៃក្រសួងពាណិជ្ជកម្ម ក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំនីតិវិធី និងយន្តការសហប្រតិបត្តិការជាក់លាក់ សំដៅធានាបាននូវភាពច្បាស់លាស់ ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងយុត្តិធម៌ក្នុងការអនុវត្ត។ លោកជំទាវរដ្ឋមន្ត្រី បន្តថា ទន្ទឹមនឹងការអនុវត្តវិធានការតាមផ្លូវច្បាប់ ក្រសួងពាណិជ្ជកម្មនឹងបន្តផ្តោតលើ ការបង្ការ ការផ្សព្វផ្សាយ ការណែនាំបច្ចេកទេស និងការលើកកម្ពស់ការយល់ដឹងរបស់ធុរជន អំពីការគាំពារបរិស្ថានក្នុងសកម្មភាពផលិតកម្ម និងពាណិជ្ជកម្ម ដើម្បីជួយឱ្យក្រុមហ៊ុន និងសហគ្រាសអាចកំណត់ និងគ្រប់គ្រងហានិភ័យ កែលម្អប្រព័ន្ធគ្រប់គ្រង បង្កើនប្រសិទ្ធភាពផលិតកម្ម និងពង្រឹងកេរ្តិ៍ឈ្មោះផលិតផល និងសហគ្រាសកម្ពុជា៕
Newsសេចក្តីជូនដំណឹង៖ ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តជារៀងរាល់សប្ដាហ៍ចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំ កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់ការអនុវត្តបន្តក្នុងឆមាសទី២ ឆ្នាំ២០២៦ របស់អគ្គលេខាធិការដ្ឋាន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ និងឯកឧត្តមអនុរដ្ឋលេខាធិការ ទទួលបន្ទុក ឯកឧត្តមអគ្គលេខាធិការ អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ នៃអគ្គលេខាធិការដ្ឋាន។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់បណ្ដានាយកដ្ឋានចំណុះអគ្គលេខាធិការដ្ឋាន នៃក្រសួងពាណិជ្ជកម្ម ដើម្បីធានាបាននូវប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពលើការគ្រប់គ្រង គាំទ្រ និងសម្រួលការងាររដ្ឋបាលទូទៅ ការគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្ស ការរៀបចំ គ្រប់គ្រង និងប្រើប្រាស់ថវិកានិងទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងការគ្រប់គ្រងនិងរក្សាទុកឯកសារ និងទិន្នន័យស្ថិតិទាំងឡាយរបស់ក្រសួង ស្ថាប័ន។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់ការអនុវត្តបន្តក្នុងឆមាសទី២ ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទទួលបន្ទុក ឯកឧត្តមអគ្គនាយក លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងប្រធានការិយាល័យ។ កិច្ចប្រជុំនេះ រៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ដើម្បីត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារប្រចាំឆមាសទី១ របស់បណ្ដានាយកដ្ឋានចំណុះអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ពន្លឿនការអនុវត្តការងារ និងដោះស្រាយបញ្ហាប្រឈមឱ្យបានទាន់ពេលវេលា។