News(ភ្នំពេញ)៖ ក្នុងរបៀបវារៈទី៣ នៃរសៀលថ្ងៃទី១ នៃពិធីសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៥ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៦ នេះ ក្រសួងពាណិជ្ជកម្ម បានរៀបចំវេទិកាពិភាក្សាស្ដីពី៖ សមាហរណកម្ម និងពិពិធកម្មទីផ្សារអន្តរជាតិ ដែលសម្របសម្រួលដោយ ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការចូលរួមធ្វើបទបង្ហាញ ចែករំលែកពីបទពិសោធន៍លើការអនុវត្តការងារជាក់ ដោយផ្ទាល់ពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ទៅលើប្រធានបទសំខាន់ៗជាច្រើន រួមមាន៖ ១. យន្តការនៃការជំរុញការនាំចេញ និងអភិវឌ្ឍន៍ទីផ្សារក្រៅប្រទេស ដោយ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ២. សមាហរណកម្ម និងពិពិធកម្មទីផ្សារអន្តរជាតិ បកស្រាយដោយ ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ ៣. ការត្រៀមលក្ខណៈដើម្បីរក្សាបាននូវឧត្តមភាពប្រកួតប្រជែង ក្រោយការចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច បកស្រាយដោយ ឯកឧត្តម ទិត សីច័ន្ទលី អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម។ វេទិកានេះ គឺជាព្រឹត្តិការណ៍អមក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៥ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលរៀបចំឡើងរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី៨ ដល់ទី៩ ខែមករា ឆ្នាំ២០២៦ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ ទីប្រឹក្សា មន្ត្រីរាជការ និងជំនួយការរបស់ក្រសួងពាណិជ្ជកម្មជាច្រើនដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ផងដែរ៕
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្នុងរបៀបវារៈទី២ ក្នុងព្រឹកថ្ងៃទី១ នៃពិធីសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៥ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៦ របស់ក្រសួងពាណិជ្ជកម្ម គឺជាវេទិកាពិភាក្សាលើប្រធានបទ៖ យុទ្ធសាស្ត្រពង្រឹង និងពង្រីកពាណិជ្ជកម្មក្នុងប្រទេស ដែលសម្របសម្រួលដោយ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងចូលរួមធ្វើបទបង្ហាញ បកស្រាយ ព្រមទាំងចែករំលែកពីបទពិសោធន៍ដោយផ្ទាល់ពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ដែលមានបទពិសោធន៍អនុវត្តការងារជាក់ស្ដែងទៅលើប្រធានបទសំខាន់ៗ រួមមាន៖ ១. ការធ្វើពិពិធកម្មទីផ្សារនិងផលិតផលសម្រាប់បំពេញតម្រូវការ និងយន្តការតភ្ជាប់ទីផ្សារទៅនឹងផលិតកម្ម បកស្រាយដោយ ឯកឧត្តម អេង សុធីវ័ន្ត អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស ២. ការធានាស្ថិរភាពថ្លៃទំនិញ និងការធ្វើអន្តរាគមន៍ទីផ្សារ បងស្រាយដោយ ឯកឧត្តម ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុនហ្គ្រីនត្រេដ ៣. ការសម្របសម្រួលបង្កើតទីផ្សារលក់ដុំ ដើម្បីធានាការចែកចាយ និងផ្គត់ផ្គង់ផលិតផលសម្រាប់ទីផ្សារក្នុងប្រទេស បកស្រាយដោយ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ៤. ការជំរុញបង្កើតម៉ាកសញ្ញាផលិតផលខ្មែរ និងម៉ាកវិញ្ញត្តកម្ម បកស្រាយដោយ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ៥. ការឃ្លាំពិនិត្យទីផ្សារដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពអ្នកប្រើប្រាស់ បកស្រាយដោយ ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយក ក.ប.ប.៕
Newsខិត្តប័ណ្ណផ្សព្វផ្សាយស្ដីពីសមិទ្ធផលការងារសង្ខេបរបស់ក្រសួងពាណិជ្ជកម្ម ឆ្នាំ២០២៥ ដើម្បីទាញយកឯកសារសូមចូលទៅកាន់តំណភ្ជាប់៖ https://moc.gov.kh/.../document.../annual-meeting-report
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០២៦។ អង្គសន្និបាតនេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញឡាញ ដោយមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោកនិងអង្គការអន្តរជាតិពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ឯកឧត្តមអគ្គនាយក លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីអគ្គាធិការរង លោកស្រីប្រធាន និងអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថានលោក-លោកស្រី ប្រធាន និងអនុប្រធានមន្ទីរ សាខាក.ប.ប. រាជធានី-ខេត្ត តំណាងពាណិជ្ជកម្មប្រចាំតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស តំណាងពាណិជ្ជកម្មប្រចាំនៅបរទេស និងទីប្រឹក្សាទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។ អង្គសន្និបាតនេះ ត្រូវរៀបចំឡើងដើម្បីពិនិត្យ និងវាយតម្លៃលើសមិទ្ធផលការងារដែលក្រសួងសម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ក៏ដូចជាពិភាក្សាស៊ីជម្រៅ និងដោះស្រាយបញ្ហាប្រឈមនានា និងលើកទិសដៅអនុវត្តន៍សម្រាប់ឆ្នាំបន្ទាប់ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ សូមជម្រាបជូនថា មុននឹងចាប់ផ្ដើមនៃកម្មវិធីសន្និបាតនេះ សមាជិកសមាជិកានៃអង្គសន្និបាតទាំងអស់បានធ្វើការស្មឹងស្មាធ ដើម្បីគោរពវិញ្ញាណក្ខន្ធវីរៈកងទ័ពដែលបានបូជាសាច់ស្រស់ ឈាមស្រស់និងជីវិត ក្នុងបុព្វហេតុជាតិ-មាតុភូមិកម្ពុជាផងដែរ៕
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែមករា ឆ្នាំ២០២៦ នេះ នៅទីស្តីការក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៥ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីបូកសរុបលើលទ្ធផលការងារ និងសមិទ្ធផលសំខាន់ៗដែលក្រសួងសម្រេចបាន និងពិភាក្សារកដំណោះស្រាយលើបញ្ហាប្រឈមនានា ព្រមទាំងដាក់ចេញទិសដៅការងារជាយុទ្ធសាស្រ្តរបស់ក្រសួងពាណិជ្ជកម្មសម្រាប់យកទៅអនុវត្តឆ្នាំបន្ទាប់ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ សូមគូសបញ្ជាក់ផងដែរថា ពិធីនេះ ត្រូវបានរៀបចំឡើងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី៨ ដល់ទី៩ ខែមករា ឆ្នាំ២០២៦ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ ទីប្រឹក្សា មន្ត្រីរាជការ និងជំនួយការរបស់ក្រសួងពាណិជ្ជកម្មជាច្រើនដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ។