News(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី៩ ខែមករា ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងពាណិជ្ជកម្មឆ្នាំ២០២៥ និងទិសដៅការងារ សម្រាប់ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម និងអង្គភាពចំណុះក្រសួងពាណិជ្ជកម្ម តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ជាច្រើនរូបផងដែរ។ សន្និបាតនេះរៀបចំឡើងរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី៨-ទី៩ ខែមករា ឆ្នាំ២០២៦ តាមប្រព័ន្ធអនឡាញឡាញ និងដោយផ្ទាល់នៅទីស្ដីការក្រសួងពាណិជ្ជកម្ម៕
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី៩ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញផ្ដល់មតិបូកសរុបសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៥ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៦ របស់ក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យ និងវាយតម្លៃលើសមិទ្ធផលការងារដែលក្រសួងសម្រេចបាន ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ក៏ដូចជាពិភាក្សាស៊ីជម្រៅ និងដោះស្រាយបញ្ហាប្រឈមនានា និងលើកទិសដៅអនុវត្តន៍សម្រាប់ឆ្នាំបន្ទាប់ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ សូមជម្រាបជូនថា សន្និបាតនេះរៀបចំឡើងរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី៨-ទី៩ ខែមករា ឆ្នាំ២០២៦ តាមប្រព័ន្ធអនឡាញឡាញ និងដោយផ្ទាល់ ដោយមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោកនិងអង្គការអន្តរជាតិពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ឯកឧត្តមអគ្គនាយក លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីអគ្គាធិការរង លោកស្រីប្រធាន និងអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រី ប្រធាន និងអនុប្រធានមន្ទីរ សាខាក.ប.ប. រាជធានី-ខេត្ត តំណាងពាណិជ្ជកម្មប្រចាំតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស តំណាងពាណិជ្ជកម្មប្រចាំនៅបរទេស និងទីប្រឹក្សាទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី៩ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម របៀបវារៈទី៦ ក្នុងថ្ងៃទី២ នៃពិធីសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៥ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៦ របស់ក្រសួងពាណិជ្ជកម្ម បានដាក់សម្ភោធនូវសមិទ្ធផលការងារទំនើបកម្មចំនួន ៤ រួមមាន៖ ១. ការធ្វើសាមញ្ញកម្មនៃការងារចុះបញ្ជីពាណិជ្ជកម្ម ដែលបានការកាត់បន្ថយនីតិវិធី និងឯកសារតម្រូវដើម្បីសម្របសម្រួលដល់ការចុះបញ្ជីពាណិជ្ជកម្ម អោយកាន់តែមានភាពងាយស្រួល ប្រសិទ្ធភាពខ្ពស់ លឿនរហ័ស និងចំណេញពេលវេលា ២. ការធ្វើទំនើបកម្មការទូទាត់កម្រៃសេវាសាធារណៈ ដែលបានបញ្ចូលការទូទាត់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ ដូចជាការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ និងការដាក់ពាក្យស្នើសុំអនុវត្តដីការក្សាការពារ ទៅក្នុង ABA Mini App និង ACLEDA Mini App និងធនាគារផ្សេងៗទៀតក្នុងពេលឆាប់ៗខាងមុខ ៣. ការលើកលែងការផាកពិន័យខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ ដោយអនុវត្តរាល់ការផាកពិន័យខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ គិតត្រឹមតែ ១ឆ្នាំចុងក្រោយ ៤. ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធី MOC Mobile App ដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យពាណិជ្ជកម្ម ផ្តោតលើការជួយសម្រួលអនុវត្តនិងលើកកម្ពស់ប្រសិទ្ធការងាររបស់មន្ត្រីក្រសួងពាណិជ្ជកម្មឱ្យកាន់តែមានភាពប្រសើរជាងមុន៕
News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៨ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្នុងរបៀបវារៈទី៥ ក្នុងរសៀលថ្ងៃទី១ នៃពិធីសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៥ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៦ របស់ក្រសួងពាណិជ្ជកម្ម គឺជាបទអន្តរាគមន៍គន្លឹះ ស្តីពី៖ កំណែទម្រង់រដ្ឋបាលសាធារណៈក្នុងវិស័យពាណិជ្ជកម្ម ដែលបកស្រាយដោយ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម។ ការងារកែទម្រង់រដ្ឋបាលសាធារណៈនេះ គឺធ្វើឡើងស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្នុងគោលបំណងកែលម្អ ផ្លាស់ប្ដូររបៀបដឹកនាំ ការគ្រប់គ្រង និងផ្ដល់សេវាសាធារណៈរបស់រដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព ទទួលខុសត្រូវ និងផ្ដោតលើទំនុកចិត្តពីអ្នកប្រើប្រាស់ សំដៅធ្វើឱ្យសេវាសាធារណៈរបស់ក្រសួងពាណិជ្ជក្ម កាន់តែមានងាយស្រួល និងមានគុណភាពខ្ពស់ បង្កើនទំនុកចិត្តរបស់អ្នកប្រើប្រាស់មកលើសេវាសាធារណៈ និងគាំទ្រការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ប្រកបដោយភាពប្រកួតប្រជែង៕
News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៨ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្នុងរបៀបវារៈទី៤ ក្នុងរសៀលថ្ងៃទី១ នៃពិធីសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៥ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៦ របស់ក្រសួងពាណិជ្ជកម្ម គឺជាវេទិកាពិភាក្សាស្ដីពី៖ កំណែទម្រង់រដ្ឋបាលសាធារណៈ និងការធ្វើឌីជីថលូបនីយកម្មក្នុងវិស័យពាណិជ្ជកម្ម ដែលសម្របសម្រួលដោយ ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងចូលរួមធ្វើបទបង្ហាញ បកស្រាយ ព្រមទាំងចែករំលែកពីបទពិសោធន៍ដោយផ្ទាល់ពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ដែលមានបទពិសោធន៍អនុវត្តការងារជាក់ស្ដែងទៅលើប្រធានបទសំខាន់ៗ រួមមាន៖ ១. ការពង្រឹងអភិបាលកិច្ច និងលើកកម្ពស់ប្រសិទ្ធភាពការងារ បកស្រាយដោយ ឯកឧត្តម ឡាយ សុខសៅគន្ធា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ២. ការកំណត់គុណវុឌ្ឈមន្ដ្រីឱ្យសមស្របនឹងមុខតំណែង និងរៀបចំផែនកាអភិវឌ្ឍន៍ធនធានមនុស្ស បកស្រាយដោយលោក មាន ចំណាប់ ប្រធាននាយកដ្ឋានបុគ្គលិក ៣. ការធ្វើឌីជីថលូបនីយកម្មក្នុងវិស័យពាណិជ្ជកម្ម (Modernization in Trade) បកស្រាយដោយ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ៤. ទំនើបកម្មប្រព័ន្ធស្វ័យប្រវត្តិកម្ម នៃការផ្តល់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញក្នុងតំបន់សេដ្ឋកិច្ចពិសេស បកស្រាយដោយ ឯកឧត្តម ហូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកសេវាពាណិជ្ជកម្ម៕