News(វៀងចន្ទន៍)៖ រសៀលថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាឱកាសនៃដំណើរបេសកកម្មចូលរួមកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ឡាវលើកទី២ នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានទទួលជួបពិភាក្សាការងារជាមួយតំណាងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ ដើម្បីពិភាក្សាលើកិច្ចសហការក្នុងការជំរុញការនាំចេញទំនិញសក្តានុពលកម្ពុជា ការរៀបចំផែនការបង្កើត Export Lab និងការរៀបចំការចូលរួមព្រឹត្តិការណ៍ពិព័រណ៍ Anuga 2025។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងាររបស់គណៈកម្មការជំរុញ និងអភិវឌ្ឍន៍វិស័យសូត្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មការជំរុញ និងអភិវឌ្ឍន៍ វិស័យសូត្រកម្ពុជា (SDC) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងមកពីអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស នាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម និងមន្ត្រីជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន ជាច្រើនរូប។ គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីពិនិត្យ និងពិភាក្សាការរៀបចំគោលនយោបាយជាតិស្តីពីសូត្រ ការបង្កើតសហព័ន្ធសូត្រកម្ពុជា ការធ្វើបច្ចុប្បន្នភាពទិន្នន័យសូត្រ និងការកៀរគរដៃគូអភិវឌ្ឍនានាសម្រាប់ជួយគាំទ្រលើវិស័យសូត្រ។
News(វៀងចន្ទន៍)៖ នាព្រឹកថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពស់ខ្ពស់របស់ថ្នាក់ដឹកនាំរបស់ប្រទេសទាំងពីរ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Malaithong KOMMASITH រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ឡាវ លើកទី២ ដោយមានការចូលរួមពីថ្នាក់ដឹកនាំអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្តជាប់ព្រំដែនរបស់ភាគីទាំងពីរ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពកិច្ចការពាណិជ្ជកម្ម កំណត់គោលដៅទំហំពាណិជ្ជកម្ម ស្វែងរកកាលានុវត្តភាពសំដៅបង្កើនទំហំពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការ និងបង្កើតយន្តការអំណោយផលសម្រាប់ធុរកិច្ច និងវិនិយោគរបស់ប្រទេសទាំងពីរ និងបានពិភាក្សាលើចំណុចសំខាន់ៗ មួយចំនួនរួមមាន៖ (១) ការកំណត់គោលដៅពាណិជ្ជកម្មទ្វេភាគី (២) កិច្ចសហប្រតិបត្តិការតំបន់ពាណិជ្ជកម្មសេរី (៣)ពនិត្យលទ្ធភាពបង្កើតយន្តការផ្សេងៗដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី (៤) កិច្ចប្រជុំប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តជាប់ព្រំដែន (៥) ការតាំងពិព័រណ៍/ពិព័រណ៍ពាណិជ្ជកម្ម ការផ្សព្វផ្សាយពាណិជ្ជកម្ម និងការវិនិយោគ (៦) ទេសចរណ៍ និងភស្តុភារកម្ម និង (៧) សភាពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការឧស្សាហកម្ម។
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២៥ នៅអាកាយានដ្ឋានអន្តរជាតិភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ឡាវ លើកទី២ នៅរដ្ឋធានីវៀងច័ន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលមានវត្តមានចូលរួមជូនដំណើរដោយ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកអគ្គរដ្ឋទូតឡាវ ប្រចាំកម្ពុជា និង ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋាន ចំណុះក្រសួងពាណិជ្ជកម្ម។