News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានប្រចាំការនៃក្រុមការងារអន្តរស្ថាប័ន សម្រាប់ពិនិត្យ តាមដាន វាយតម្លៃ ការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ (ក.ត.គ.ដ.) និង ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ ក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍វាយតម្លៃចុងអាណត្តិនៃការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ ដោយមានការចូលរួមពីសមាជិក សមាជិកាតំណាងពីអន្ដរក្រសួង ស្ថាប័ន ពាក់ព័ន្ធ តំណាងអគ្គនាយកដ្ឋាននិងនាយកដ្ឋានពាក់ព័ន្ធ មន្ទីរពាណិជ្ជកម្មតាមខេត្តគោលដៅ ប្រធានសហព័ន្ធដំឡូងមីកម្ពុជា តំណាងសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន និងភាគីពាក់ព័ន្ធ សរុបចំនួន ៧៥ នាក់។ សិក្ខាសាលាពិគ្រោះយោបល់នេះ បានរៀបចំឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងអនុសាសន៍បន្ថែមលើការរៀបចំសេចក្ដីព្រាងរបាយការណ៍វាយតម្លៃនៃការអនុវត្តគោលនយោបាយជាតិនេះឱ្យកាន់ តែមានភាពច្បាស់លាស់ ពេញលេញ និងគ្រប់ជ្រុងជ្រាយ។ សូមគោរពជម្រាបថា គោលនយោបាយជាតិនេះ មានសូចនាករតាមដានការងារអនុវត្តរួមសំខាន់សរុបចំនួន ២៧ ដែលគាំទ្រដោយសកម្មភាពសំខាន់ៗសរុបចំនួន ១១៤ តាមវិស័យពាក់ព័ន្ធ ដោយមានការចូលរួមអនុវត្តពីអន្តរក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធសរុបចំនួន ១៨។ ក្នុងឆ្នាំ ២០២៥ គឺជាឆ្នាំចុងអាណត្តិនៃការអនុវត្តគោលនយោបាយជាតិនេះ ដែលក្រសួងពាណិជ្ជកម្ម ក្នុងនាមជាប្រធានក្រុមការងារអន្តរស្ថាប័ននេះ មានភារកិច្ចសម្របសម្រួលជាមួយអន្ដរក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងរៀបចំការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយជាតិនេះ ក្នុងគោលបំណងរៀបចំរបាយការណ៍លទ្ធផល និងសេចក្តីសន្និដ្ឋានរួម និងដាក់ជូនក្រុមការងារអន្តរក្រសួង ស្ថាប័ន ដើម្បីពិនិត្យលទ្ធភាពរៀបចំយន្តការ និងទិសដៅបន្ទាប់ក្នុងការបន្តជំរុញអភិវឌ្ឍន៍វិស័យដំឡូងមីកម្ពុជា៕
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារពាណិជ្ជកម្មក្នុងប្រទេស និងការតភ្ជាប់ទីផ្សារក្រៅប្រទេស ដែលមានវត្តមានអញ្ជើញចូលរួមដោយ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អគ្គនាយក និងមន្ត្រីពាក់ព័ន្ធ។ កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីតាមដាន និងពិនិត្យលើវឌ្ឍនភាពការងារពាណិជ្ជកម្មក្នុងប្រទេស និងការតភ្ជាប់ទីផ្សារក្រៅប្រទេស ព្រមទាំងពិនិត្យលើលទ្ធផលការងារដែលបានអនុវត្តកន្លងមក ដើម្បីដាក់ចេញនូវទិសដៅ និងយុទ្ធសាស្ត្រថ្មីៗសម្រាប់បន្តអនុវត្តគោលដៅសំខាន់ៗនានា។
News(Phnom Penh): On the evening of Monday, 10 November 2025, Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from Mr. Dat Pham, Managing Director of Heineken Cambodia, to discuss the current business environment and the competitive landscape of the Cambodian market.
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និងសហការី ចូលជួបសម្តែងការគួរសម និងធ្វើការរាយការណ៍ជូនលោកជំទាវរដ្ឋមន្ត្រី អំពីបច្ចុប្បន្នភាព និងវឌ្ឍនភាពនៃវិស័យយានយន្តនៅកម្ពុជា ការវិនិយោគរបស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និងការបង្កើតរោងចក្រដំឡើងរថយន្តថ្មីសម្រាប់លក់ក្នុងស្រុក និងការនាំចេញក្នុងពេលអនាគត។
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូនគណៈប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី បានស្វាគមន៍គណៈប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា មកកាន់ក្រសួងពាណិជ្ជកម្ម និងផ្តល់មតិសំណេះសំណាលអបអរសាទរដែលកម្ពុជាទើបទទួលបានពានរង្វាន់អង្ករល្អបំផុតលើពិភពលោកលើកទី៧ និងបានផ្តល់មតិណែនាំដល់សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការជំរុញវិស័យស្រូវ អង្ករ ដែលទទួលបានការយកចិត្តទុកដាក់បំផុតពីរាជរដ្ឋាភិបាល និងបានណែនាំដល់សហព័ន្ធក្នុងការរៀបចំធ្វើឱ្យប្រសើរឡើងថែមទៀតលើអភិបាលកិច្ច ព្រមទាំងរៀបចំផែនការនិងយុទ្ធសាស្ត្រស្រូវ សំដៅជំរុញការនាំចេញអង្ករបន្ថែម។ ក្នុងឱកាសនោះដែរ ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវ អង្ករកម្ពុជា បានថ្លែងអំណរគុណជូនចំពោះ លោកជំទាវរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ព្រមទាំងរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ជួយដល់សហព័ន្ធស្រូវ អង្ករកម្ពុជា ក្នុងគ្រប់កាលៈទេសៈ ជាពិសេសការរៀបចំការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសហព័ន្ធស្រូវ អង្ករកម្ពុជា អាណត្តិទី៥ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥កន្លងទៅ។