News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការចំពោះកិច្ច ដើម្បីសិក្សា និងរៀបចំបង្កើតសហព័ន្ធស្វាយកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពីការចាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាលសហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោក លោកស្រីដែលជាអនុប្រធាន និងសមាជិកគណៈកម្មការ ព្រមទាំងសមាសភាពឈរឈ្មោះជាច្រើនរូប។
News(ភ្នំពេញ)៖ នាថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារ OAKWOOD Premier Phnom Penh លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំ “កិច្ចប្រជុំពិគ្រោះយោបល់បច្ចេកទេសលើសេចក្តីព្រាងក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០” ដែលមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន និងតំណាងអគ្គនាយកដ្ឋាន-នាយកដ្ឋានពាក់ព័ន្ធក្រោមក្រសួងពាណិជ្ជកម្ម។
News(Sliedretch, ហូឡង់)៖ នាថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥ នាទីក្រុង Sliedretcht ប្រទេសហូឡង់ ឯកឧត្តម ណាំ លីណាល់ និង លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោក Ron Valk នាយកគ្រប់គ្រងផ្នែកឡូជីស្ទីក នៃក្រុមហ៊ុន Allround Cargo Handling B.V. ដើម្បីស្វែងយល់ពីតម្រូវការ និងលទ្ធភាពនៃកិច្ចសហប្រតិបត្តិការសម្រួលការនាំចេញផលិតផលកសិកែច្នៃកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប តាមរយៈកំពង់ផែរ៉ូតឺដាំ ជាពិសេសផលិតផលគ្រាប់ធញ្ញជាតិ និងផ្លែឈើសម្ងួតរបស់កម្ពុជា។ លើសពីនេះ គណៈប្រតិភូក៏បានជួបពិភាក្សាការងារជាមួយ លោក Jan Willem de Lange នាយកប្រតិបត្តិ និង លោក Kees Blokland នាយក នៃក្រុមហ៊ុន Global Trading & Agency BV ដែលមានជំនាញក្នុងការជួញដូរគ្រាប់ធញ្ញជាតិ ទូទាំងពិភពលោក និងការផ្គត់ផ្គង់អាហារសម្រន់ដែលមាននិរន្តរភាព ដើម្បីស្វែងរកច្រកទីផ្សារ និងឱកាសសម្រាប់គ្រាប់ស្វាយចន្ទីកែរបស់កម្ពុជា ផងដែរ។ ក្នុងថ្ងៃនេះដែរ គណៈប្រតិភូបានបន្តទៅធ្វើទស្សនកិច្ចសិក្សានៅកំពង់ផែរ៉ូតឺដាំ (Port of Rotterdam) ដែលជាកំពង់ផែធំជាងគេនៅអឺរ៉ុប ក្នុងគោលបំណងសិក្សាស្វែងយល់អំពីប្រតិបត្តិការឡូជីស្ទីកដ៏ទូលំទូលាយ ការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់ និងហេដ្ឋារចនាសម្ព័ន្ធទំនើប ដែលអាចជាឧត្តមានុវត្តន៍សម្រាប់នៃការនាំចេញរបស់កម្ពុជា ដើម្បីបង្កើនប្រសិទ្ធភាព និងភាពប្រកួតប្រជែង។ --- (Sliedrecht, the Netherlands): On Friday, 10 October 2025, in Sliedrecht, the Netherlands, His Excellency NAM Lynal and Her Excellency SOMETH Somnea, Undersecretaries of State of the Ministry of Commerce, held a working meeting with Mr. Ron Valk, Logistics Manager of Allround Cargo Handling B.V. The purpose of the meeting was to understand the requirements and potential for cooperation to facilitate the export of Cambodia's agro-processed products to the European market via the Port of Rotterdam, particularly focusing on the company's specialties, which include nuts and dried fruit. Furthermore, the delegation met with Mr. Jan Willem de Lange, CEO, and Mr. Kees Blokland, Director, of Global Trading & Agency BV. The company specializes in global nuts trading and the sustainable sourcing of snacks. The discussion focused on identifying market access and opportunities for Cambodian processed cashew nuts. On the same day, the delegation conducted a study visit at the Port of Rotterdam, the largest port in Europe. The visit aimed to gain insights into the port's extensive logistics operations, supply chain management, and modern infrastructure, which provides valuable benchmarks for strengthening Cambodia’s export logistics sector to enhance efficiency and competitiveness.
News(អូសាកា, ជប៉ុន) ពន្លាជាតិកម្ពុជា ទទួលបានកិត្តិយសលើឆាកអន្តរជាតិ ដោយទទួលបាន ”ពានរង្វាន់សំរឹទ្ធ” លំដាប់ពិភពលោកផ្នែករចនាការតាំងបង្ហាញ ក្នុងក្រុមប្រភេទពន្លាជាតិប្រភេទ B និង X នាកម្មវិធីប្រគល់ពានរង្វាន់ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ ប្រទេសជប៉ុន ។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយការិយាល័យពិព័រណ៍អន្តរជាតិ ក្នុងគោលបំណងដើម្បីប្រកាសនិងផ្តល់ពានរង្វាន់ដល់បណ្តាប្រទេសនិងអង្គការអន្តរជាតិដែលបានចូលរួម ដែលក្នុងនោះ មានពានរង្វាន់សរុបចំនួន ៤៩ (ពានរង្វាន់មាស ប្រាក់ និងសំរឹទ្ធ ចំនួន ៤៥ និងពានរង្វាន់និរន្តរភាព ចំនួន ៤)។ សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ពិព័រណ៍ពិភពលោកនេះ មានការចូលរួមពីបណ្តាប្រទេស និងអង្គការអន្តរជាតិផ្សេងៗ សរុបចំនួន ១៦៥ ហើយការវាយតម្លៃពានរង្វាន់នេះ ត្រូវបានធ្វើឡើងដោយការិយាល័យពិព័រណ៍អន្តរជាតិប្រកបដោយភាពសុក្រិតនិងតម្លាភាព ដែលក្នុងនោះប្រទេសចូលរួមផ្លូវការត្រូវផ្តល់ជូននូវឯកសារពាក់ព័ន្ធនឹងការវាយតម្លៃដូចជា៖ សេចក្ដីថ្លែងការណ៍ប្រធានបទ, គំនិតរចនា, ស្ថាបត្យកម្ម, ការរចនាខាងក្រៅ, ខ្លឹមសារ និងការអភិវឌ្ឍមូលបទ។ ក្នុងពេលវិនិច្ឆ័យមានពីរវគ្គ លើកទី១ កំណត់ចុះវាយតម្លៃនៅពន្លាជាតិកម្ពុជា ដែលមានគណៈវិនិច្ឆ័យចំនួន៩រូប និងលើកទី២ គណៈវិនិច្ឆ័យអញ្ជើញចុះមកពន្លាជាតិដោយមិនជូនដំណឹង។ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រយៈពេល៦ខែនេះ កម្ពុជាបាន ជ្រើសរើស “ប្រាសាទកោះកេរ” ជាស្នូលក្នុងការសាងសង់ “ពន្លាជាតិ” ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់កម្ពុជា ក្នុងការអភិរក្សបេតិភណ្ឌវប្បធម៌ ស្នាដៃស្ថាបត្យកម្ម និងសិល្បៈបុរាណខ្មែរ ដ៏សម្បូរបែប។ ព្រឹត្តិការណ៍ពិភពលោកនេះ ត្រូវបានបិទបញ្ចប់នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ក្រោមព្រះរាជាធិបតី ព្រះអង្គម្ចាស់ Akishino។ នាកម្មវិធីបិទនេះផងដែរ ក៏មានការប្រគល់ទង់ BIE ជូន ប្រទេសស៊ែបី ក្នុងការរៀបចំពិព័រណ៍អន្តរជាតិ Specialized Expo 2027 Belgrade និងប្រទេសជប៉ុន ក្នុងការរៀបចំពពិព័រណ៍អន្តរជាតិ International Horticultural Expo 2027 Yokohama ។
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារត្រៀមឆ្លងសេចក្ដីព្រាងច្បាប់ចំនួន៥ ដែលក្នុងនោះរួមមាន៖ ១-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន។ ២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ាន ស្តីពីបម្លាស់ទីរូបវន្តបុគ្គល។ ៣-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន។ ៤-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីពីរ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្រ្តាលី-នូវែលសេឡង់។ ៥-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញា ស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមដោយ លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក និងមន្ត្រីពាក់ព័ន្ធនានា។ សូមគូសបញ្ជាក់ផងដែរថា រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥ ខាងមុននេះ ដោយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នឹងអញ្ជើញចូលរួមជាជាតំណាងរាជរដ្ឋាភិបាល ដើម្បីឆ្លងសេចក្ដីព្រាងច្បាប់ចំនួន ៥ ខាងលើនេះ។