Newsអបអរសាទរ ទិវាគ្រូបង្រៀន ៥ តុលា ២០២៦
Newsសេចក្តីជូនដំណឹង៖ ការកសាងសមត្ថភាពឌីជីថល និងការជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិតាមរយៈ CambodiaTrade.com
News(កំពង់ឆ្នាំង)៖ នាព្រឹកថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូននាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។ នាឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី និងគណៈប្រតិភូ បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ សុខា មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការបញ្ជាការដ្ឋានកាំភ្លើងធំ ព្រមទាំងថ្នាក់ដឹកនាំ និងយោធិនជាច្រើនរូប។ ក្នុងស្មារតី «សមរភូមិក្រោយ ជួយគាំទ្រសមរភូមិមុខ» លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៤មក ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាអង្គភាពសម្ព័ន្ធមេត្រី តែងតែយកចិត្តទុកដាក់ និងគាំទ្រដល់បញ្ជាការដ្ឋានកាំភ្លើងធំជាបន្តបន្ទាប់ តាមរយៈការជួយកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ និងការឧបត្ថម្ភគ្រឿងឧបភោគបរិភោគជាប្រចាំ។ ការគាំទ្រទាំងនេះមានគោលបំណងឆ្លើយតបនឹងតម្រូវការជាក់ស្តែង និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់បងប្អូនវីរកងទ័ព។ ក្នុងឱកាសនៃការជួបសំណេះសំណាលនេះ លោកជំទាវរដ្ឋមន្ត្រី ក៏បានប្រគល់ថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់នានាជូនបញ្ជាការដ្ឋានកាំភ្លើងធំ ដើម្បីរួមចំណែកបំពេញតម្រូវការប្រចាំថ្ងៃ និងអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ប្រកបដោយស្មារតីសាមគ្គីភាព និងការផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងអង្គភាពសម្ព័ន្ធមេត្រីទាំងពីរ។
News(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំចាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសសមាសភាពក្រុមប្រឹក្សាភិបាល នៃសហព័ន្ធស្វាយចន្ទីកម្ពុជា អាណត្តិទី២ និងពិនិត្យលើសេចក្តីព្រាងលក្ខន្តិកៈ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងនាយកដ្ឋានជំនាញនៃក្រសួងពាណិជ្ជកម្ម ព្រមទាំងបេក្ខជនឈរឈ្មោះជាច្រើនរូប។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចាប់លេខរៀងបេក្ខជនឈរឈ្មោះ ដើម្បីរៀបចំដាក់នៅលើសន្លឹកឆ្នោត និងពិភាក្សាអំពីការកែសម្រួលលក្ខន្តិកៈរបស់សហព័ន្ធស្វាយចន្ទីកម្ពុជា អាណត្តិទី២៕
News(សៀមរាប)៖ នាព្រឹកថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រ ក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ខូយ ឈីន សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងកម្មវិធី «ពង្រឹងសមត្ថភាពសហគ្រិនស្ត្រី ពង្រីកឱកាសទីផ្សារ និងផ្សព្វផ្សាយយុទ្ធនាការ “ផលិតផលស្ត្រី #MadeByHer”» ដែលសហការរៀបចំដោយក្រសួងពាណិជ្ជកម្ម និងក្រសួងកិច្ចការនារី ក្រោមការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីរដ្ឋាភិបាលអូស្ត្រាលី និងអង្គការ UN Women។ កម្មវិធីនេះ មានការចូលរួមពីមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ក្រសួងកិច្ចការនារី រដ្ឋបាលខេត្តសៀមរាប មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ខេត្តឧត្ដរមានជ័យ និងខេត្តបន្ទាយមានជ័យ តំណាងរដ្ឋាភិបាលអូស្ត្រាលី អង្គការ UN Women ប្រចាំកម្ពុជា ដៃគូអភិវឌ្ឍន៍ សមាគមអាជីវកម្ម អ្នកបញ្ជាទិញ បណ្តាញផ្សារទំនើប សណ្ឋាគារ និងវិស័យបដិសណ្ឋារកិច្ច ព្រមទាំងសហគ្រិនស្ត្រីជាច្រើនរូប។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងការអនុវត្ត និងពង្រីកការផ្សព្វផ្សាយយុទ្ធនាការ #MadeByHer ទៅថ្នាក់មូលដ្ឋាន លើកកម្ពស់ការទទួលស្គាល់ផលិតផលរបស់សហគ្រិនស្ត្រី ពង្រឹងសមត្ថភាពអាជីវកម្ម និងបង្កើតឱកាសតភ្ជាប់ដោយផ្ទាល់ជាមួយអ្នកបញ្ជាទិញ វិស័យឯកជន និងភាគីពាក់ព័ន្ធ ដើម្បីជំរុញឱ្យផលិតផលរបស់ស្ត្រីអាចចូលទៅកាន់ទីផ្សារ និងខ្សែច្រវាក់ផ្គត់ផ្គង់កាន់តែទូលំទូលាយ។ គួររំលឹកផងដែរថា យុទ្ធនាការ «ផលិតផលស្ត្រី #MadeByHer» គឺជាយុទ្ធនាការថ្នាក់ជាតិដែលផ្តួចផ្តើមដោយក្រសួងពាណិជ្ជកម្ម និងក្រសួងកិច្ចការនារី ក្នុងគោលបំណងលើកកម្ពស់ និងផ្សព្វផ្សាយផលិតផលដែលផលិតដោយស្ត្រី ជំរុញការកែលម្អគុណភាព ស្តង់ដារ និងការវេចខ្ចប់ផលិតផល ព្រមទាំងពង្រីកឱកាសពាណិជ្ជកម្មសម្រាប់អាជីវកម្មដែលមានម្ចាស់ជាស្ត្រី។ ការរៀបចំកម្មវិធីនៅខេត្តសៀមរាបលើកនេះ ក៏ជាការផ្សារភ្ជាប់យុទ្ធនាការ #MadeByHer ជាមួយកម្មវិធី WE RISE Together ដំណាក់កាលទី២ ដែលអនុវត្តដោយអង្គការ UN Women និងទទួលបានមូលនិធិពីរដ្ឋាភិបាលអូស្ត្រាលី តាមរយៈភាពជាដៃគូមេគង្គ-អូស្ត្រាលី (Mekong-Australia Partnership)។ កិច្ចសហការនេះ ផ្តោតលើការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី តាមរយៈការពង្រីកឱកាសលទ្ធកម្ម ការតភ្ជាប់អាជីវកម្មដែលមានម្ចាស់ជាស្ត្រីជាមួយអ្នកបញ្ជាទិញ និងការជំរុញឱ្យអាជីវកម្មទាំងនេះអាចចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់របស់វិស័យឯកជន និងសាធារណៈបានកាន់តែច្រើន។ តាមរយៈកម្មវិធីនេះ #MadeByHer មិនត្រឹមតែផ្តោតលើការផ្សព្វផ្សាយ និងបង្កើនភាពមើលឃើញរបស់ផលិតផលស្ត្រីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តោតលើការបំប្លែងការទទួលស្គាល់ទៅជាឱកាសទីផ្សារជាក់ស្តែង តាមរយៈការតភ្ជាប់អ្នកទិញ ការបញ្ជាទិញ ការចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងការពង្រីកអាជីវកម្មប្រកបដោយនិរន្តរភាពសម្រាប់សហគ្រិនស្ត្រីកម្ពុជា។