News(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានសម្រេចចុះបញ្ជី «ក្រូចពោធិ៍សាត់» ជាម៉ាកសមូហភាព (Collective Mark) ជាផ្លូវការកាលពីថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦ ដែលជាជំហានមួយបន្ថែមទៀតក្នុងការពង្រឹងអត្តសញ្ញាណ និងលើកកម្ពស់ការទទួលស្គាល់ផលិតផលខ្មែរនៅលើទីផ្សារក្នុងប្រទេស និងអន្តរជាតិ ព្រមទាំងរួមចំណែកការពារកម្មសិទ្ធិបញ្ញារបស់សហគមន៍អ្នកដាំដុះ និងអាជីវករក្រូចពោធិ៍សាត់ ក្នុងខេត្តពោធិ៍សាត់។ សូមជម្រាបជូនថា «ក្រូចពោធិ៍សាត់» មានលក្ខណៈពិសេសមួយចំនួន រួមមាន៖ - មានរសជាតិជូរអែម ឆ្ងាញ់ពិសា - មានសំបកពណ៌បៃតង ពណ៌លឿង ឬពណ៌លឿងទុំ ដែលមានផ្ទៃរលោង ឬគ្រើមតិចៗ - មានកំពឹសទន់ ទឹកច្រើន ឬកំពឹសរឹង សាច់ច្រើន។ បច្ចុប្បន្ន ក្រូចពោធិ៍សាត់មានផ្ទៃដីដាំដុះសរុបចំនួន ៣ ០៤៧ ហិកតា ក្នុងនោះ ផ្ទៃដីប្រមូលផលមានចំនួន ១ ៩៣៨ ហិកតា ដោយផ្តល់បរិមាណផលប្រមាណ ២៩ ៨៨១ តោនក្នុងមួយឆ្នាំ។ ដោយឡែកការប្រមូលផល គឺមានរយៈពេល ៨ ខែ ចាប់ពីខែមិថុនា ដល់ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ និងផ្តល់ទិន្នផលជាមធ្យមពី ១២ ទៅ ១៦ តោនក្នុងមួយហិកតា៕
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ សូ ស្រីម៉ិច រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីបើកសិក្ខាសាលាស្តីពី “ការពង្រឹងសមត្ថភាពកម្មសិទ្ធិបញ្ញាដល់មន្ត្រីអនុវត្តច្បាប់ សមាជិកលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាក” ដែលមានការអញ្ជើញចូលរួមពី លោកជំទាវអនុរដ្ឋលេខាធិការ លោកអគ្គនាយករងនៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម លោកប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ការិយាល័យមេធាវី NTNC សមាជិកលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា មន្ត្រីនាយកដ្ឋានពាក់ព័ន្ធក្នុងក្រសួងពាណិជ្ជកម្ម និងភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាកជាច្រើនរូប។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់នូវចំណេះដឹង បទពិសោធន៍ និងព័ត៌មានថ្មីៗពាក់ព័ន្ធនឹងកិច្ចការពារ និងការអនុវត្តសិទ្ធិ ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពការងារ ពង្រឹងសមត្ថភាព ក៏ដូចជាអភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិបញ្ញានៅព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសើរឡើង។ ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងអំពីសមិទ្ធផលការងារជាច្រើនដែលក្រសួងពាណិជ្ជកម្មបានសម្រេច និងអភិវឌ្ឍដើម្បីលើកកម្ពស់វិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា និងបានអំពាវនាវដល់សិក្ខាកាមទាំងអស់ឱ្យសិក្សាស្វែងយល់ពីក្របខណ្ឌច្បាប់ពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញាឱ្យបានច្បាស់លាស់ ព្រមទាំងយកចិត្តទុកដាក់សិក្សាពីវាគ្មិន ដើម្បីយកចំណេះដឹងទាំងនោះទៅអនុវត្តក្នុងកិច្ចការរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព។ លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ការយល់ដឹងអំពីក្របខណ្ឌច្បាប់ ពិតជាមានសារៈសំខាន់ណាស់ក្នុងការធានាថា ស្នាដៃ គំនិតច្នៃប្រឌិត និងទ្រព្យកម្មសិទ្ធិបញ្ញារបស់ម្ចាស់សិទ្ធិត្រូវបានទទួលស្គាល់ និងការពារតាមផ្លូវច្បាប់ ព្រមទាំងជួយបង្កើតបរិយាកាសអាជីវកម្មដែលមានទំនុកចិត្ត និងការប្រកួតប្រជែងដោយស្មើភាព៕
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ នៅអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា (គ.ប.ក.) បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យដោះស្រាយលើសំណើរបស់តំណាងអ្នកដឹកជញ្ជូនអ្នកដំណើរតាមថ្នាលបច្ចេកវិទ្យា ក្រុមហ៊ុន PassApp និងសមាគមសម្ព័ន្ធសេដ្ឋកិច្ច និងរ៉ឺម៉កសន្តិភាព ដែលមានការចូលរួមពីតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងសមាជិក គ.ប.ក. ជាច្រើនរូប។ ជាលទ្ធផល ភាគីពាក់ព័ន្ធបានព្រមព្រៀងបញ្ចប់វិវាទ ដោយប្តេជ្ញាបន្តអនុវត្តតាមស្មារតីនៃកិច្ចប្រជុំលើកទី១ កាលពីថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឱ្យបានខ្ជាប់ខ្ជួន និងបានបង្ហាញឆន្ទៈចូលរួមសហការជាមួយស្ថាប័នមានសមត្ថកិច្ច ដើម្បីធានាបាននូវផលប្រយោជន៍រួមសម្រាប់ភាគីទាំងអស់។
News(មីនស្គ៍, បេឡារុស្ស)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ BELEXPO នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសចំនួន ៥ រួមមាន ឯកឧត្តម Alexander Turchin នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋបេឡារុស្ស, ឯកឧត្តម Mikhail Mishustin នាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ី, ឯកឧត្តម Olzhas Bektenov នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន, ឯកឧត្តម Adylbek Kasymaliev, ប្រធានគណៈរដ្ឋមន្ត្រី នៃសាធារណរដ្ឋ កៀហ្ស៊ីស៊ីស្ថាន និងឯកឧត្តម Abdulla Aripov នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋអ៊ុយបេគីស្ថាន បានអញ្ជើញចូលទស្សនាពន្លាជាតិកម្ពុជា ក្នុងកម្មវិធីបើកសម្ពោធពិព័រណ៍ឧស្សាហកម្មអន្តរជាតិ INNOPROM. Belarus លើកទី២ ដែលកំពុងរៀបចំឡើងនៅទីក្រុងមីនស្គ៍ សាធារណរដ្ឋបេឡារុស្ស។ គណៈប្រតិភូជាន់ខ្ពស់ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ និងឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា។ ថ្នាក់ដឹកនាំទាំងអស់បានសម្តែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការរៀបចំដាក់បង្ហាញរបស់កម្ពុជាក្រោមពាក្យស្លោក Cambodia – Basket of Wonders ដែលបានរំលេចពីសិល្បៈវប្បធម៍ និងភាពសម្បូរបែបនៃវិស័យកសិ-កែច្នៃ សិប្បកម្មប្រពៃណី និងសក្តានុពលឧស្សាហកម្មដែលកំពុងរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា និងការបង្ហាញវីដេអូផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍ ម្ហូបអាហារ សិល្បៈ និងរបាំ។ ក្នុងអំឡុងពេលទស្សនា ប្រមុខរដ្ឋាភិបាលទាំងអស់បានទស្សនាផលិតផលសំខាន់ៗជាច្រើន រួមមាន ផលិតផលសម្គាល់ភូមិសាស្ត្រ (GI) របស់កម្ពុជា ដូចជា ម្រេចកំពត គ្រាប់ស្វាយចន្ទីកំពង់ធំ និងស្ករត្នោតកំពង់ស្ពឺ ព្រមទាំងអង្ករប្រណីតកម្ពុជា ផលិតផលកសិ-កែច្នៃ សិប្បកម្ម ចម្លាក់ប្រាក់ស្ពាន់ សូត្រ ផលិតផលថ្មម៉ាប ស្បែកជើង កាហ្វេ និងម្ហូបអាហារកែច្នៃផ្សេងៗទៀត។ ការអញ្ជើញទស្សនានេះ បានគូសបញ្ជាក់ពីការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចកាន់តែជិតស្និទ្ធរវាងកម្ពុជា បេឡារុស្ស និងបណ្តាប្រទេសជាសមាជិកនៃសហភាពសេដ្ឋកិច្ចអឺរ៉ុប- អាស៊ី(EAEU) ខណៈក្រសួងពាណិជ្ជកម្មកម្ពុជា បាននិងកំពុងធ្វើពិពិធកម្មទីផ្សារនាំចេញ ពង្រីកវត្តមានផលិតផលកម្ពុជានៅលើទីផ្សារអន្តរជាតិ លើកកម្ពស់ការទទួលស្គាល់ម៉ាកយីហោ ពង្រឹងការភ្ជាប់ទំនាក់ទំនងធុរកិច្ច (B2B)តាមរយៈការបង្កើតការភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់ផ្ទាល់រវាងក្រុមហ៊ុន/សហគ្រាសកម្ពុជា និងដៃគូអន្តរជាតិ។
News(អាដេឡែត, អូស្ត្រាលី)៖ នាព្រឹកថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះ ស្តីពី «ការវិនិយោគក្នុងអាស៊ាន៖ ឱកាសសម្រាប់ទសវត្សរ៍ខាងមុខ» ក្នុង «វេទិកាធុរកិច្ចអូស្ត្រាលី-អាស៊ាន ឆ្នាំ២០២៦»។ វេទិកាធុរកិច្ចអូស្ត្រាលី-អាស៊ានឆ្នាំនេះ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃអង្គារ ទី២៩ ដល់ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងអាដេឡែត (Adelaide) ប្រទេសអូស្ត្រាលី ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន និងឯកឧត្តម Chris Picton សមាជិកសភា និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ នៃរដ្ឋអូស្ត្រាលីខាងត្បូង (South Australia)។ វេទិកាធុរកិច្ចនេះ មានការចូលរួមពីតំណាងរដ្ឋាភិបាល ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត អ្នកវិនិយោគ និងថ្នាក់ដឹកនាំធុរកិច្ច មកពីប្រទេសអូស្ត្រាលី និងបណ្តាប្រទេសអាស៊ានជាច្រើនរូប ដើម្បីផ្លាស់ប្តូរទស្សនៈ ពង្រឹងភាពជាដៃគូ និងស្វែងរកឱកាសថ្មីៗ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងអូស្ត្រាលី និងអាស៊ាន។