News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងាររបស់គណៈកម្មការជំរុញ និងអភិវឌ្ឍន៍វិស័យសូត្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មការជំរុញ និងអភិវឌ្ឍន៍ វិស័យសូត្រកម្ពុជា (SDC) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងមកពីអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស នាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម និងមន្ត្រីជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន ជាច្រើនរូប។ គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីពិនិត្យ និងពិភាក្សាការរៀបចំគោលនយោបាយជាតិស្តីពីសូត្រ ការបង្កើតសហព័ន្ធសូត្រកម្ពុជា ការធ្វើបច្ចុប្បន្នភាពទិន្នន័យសូត្រ និងការកៀរគរដៃគូអភិវឌ្ឍនានាសម្រាប់ជួយគាំទ្រលើវិស័យសូត្រ។
News(វៀងចន្ទន៍)៖ នាព្រឹកថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពស់ខ្ពស់របស់ថ្នាក់ដឹកនាំរបស់ប្រទេសទាំងពីរ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Malaithong KOMMASITH រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ឡាវ លើកទី២ ដោយមានការចូលរួមពីថ្នាក់ដឹកនាំអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្តជាប់ព្រំដែនរបស់ភាគីទាំងពីរ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពកិច្ចការពាណិជ្ជកម្ម កំណត់គោលដៅទំហំពាណិជ្ជកម្ម ស្វែងរកកាលានុវត្តភាពសំដៅបង្កើនទំហំពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការ និងបង្កើតយន្តការអំណោយផលសម្រាប់ធុរកិច្ច និងវិនិយោគរបស់ប្រទេសទាំងពីរ និងបានពិភាក្សាលើចំណុចសំខាន់ៗ មួយចំនួនរួមមាន៖ (១) ការកំណត់គោលដៅពាណិជ្ជកម្មទ្វេភាគី (២) កិច្ចសហប្រតិបត្តិការតំបន់ពាណិជ្ជកម្មសេរី (៣)ពនិត្យលទ្ធភាពបង្កើតយន្តការផ្សេងៗដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី (៤) កិច្ចប្រជុំប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តជាប់ព្រំដែន (៥) ការតាំងពិព័រណ៍/ពិព័រណ៍ពាណិជ្ជកម្ម ការផ្សព្វផ្សាយពាណិជ្ជកម្ម និងការវិនិយោគ (៦) ទេសចរណ៍ និងភស្តុភារកម្ម និង (៧) សភាពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការឧស្សាហកម្ម។
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២៥ នៅអាកាយានដ្ឋានអន្តរជាតិភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ឡាវ លើកទី២ នៅរដ្ឋធានីវៀងច័ន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលមានវត្តមានចូលរួមជូនដំណើរដោយ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកអគ្គរដ្ឋទូតឡាវ ប្រចាំកម្ពុជា និង ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋាន ចំណុះក្រសួងពាណិជ្ជកម្ម។
News(តូក្យូ, ជប៉ុន)៖ នាព្រឹកថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ អមដោយអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោក Takuyu Ajiro អគ្គនាយករងនៃ Produce Department នៃក្រុមហ៊ុន Overseas Merchandise Inspection Co., Ltd. (OMIC) និង លោក Hiroaki SATO ប្រធានផ្នែកពាណិជ្ជកម្ម និងប្រតិបត្តិការគ្រាប់ធញ្ញជាតិ ការិយាល័យផលិតកម្មកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រទេសជប៉ុន អំពីនីតិវិធីនៃការនាំចូល ការអនុលោមតាមស្តង់ដាសុវត្ថិភាព និងគុណភាពរបស់ប្រទេសជប៉ុន។
News(តូក្យូ, ជប៉ុន)៖ នាថ្ងៃទី២៣-២៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ រួមជាមួយអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ ក្រុមហ៊ុននាំចូលអង្ករឈានមុខលំដាប់កំពូលទាំង៣ របស់ជប៉ុន ក្នុងគោលបំណងជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសជប៉ុន។