News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី «ស្ត្រីក្នុងវិស័យពាណិជ្ជកម្មឌីជីថល (Women in Digital Trade)» ដែលជាកម្មវិធីអមក្នុង «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០» ដោយមានការចូលរួមពី លោកជំទាវបណ្ឌិត អេង លីគួង ទីប្រឹក្សាសកម្ម នៃបណ្តាញសហគ្រិនស្ត្រីកម្ពុជា (CAMWEN) លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) ព្រមទាំងតំណាងក្រសួង-ស្ថាប័ន ថ្នាក់ដឹកនាំសមាគមសហគ្រិនស្ត្រី ដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុ ក្រុមហ៊ុនបច្ចេកវិទ្យា និងសហគ្រិនស្ត្រីជាច្រើនរូប។ ថ្លែងទៅកាន់អង្គពិធី លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងថា ពាណិជ្ជកម្មឌីជីថលគឺជា «កាលានុវត្តភាពដ៏ធំធេង» ក្នុងការលុបបំបាត់ឧបសគ្គផ្នែកទីតាំង និងទំហំអាជីវកម្ម ដោយអនុញ្ញាតឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅតាមបណ្តាខេត្ត អាចពង្រីកទីផ្សារទៅកាន់រាជធានី និងឈានទៅកាន់ទីផ្សារអន្តរជាតិ។ លោកជំទាវបានបន្ថែមថា ការធ្វើបរិវត្តកម្មឌីជីថលពេញលេញ មិនមែនត្រឹមតែជាការមានទូរស័ព្ទឆ្លាតវៃ ឬទំព័របណ្តាញសង្គមនោះទេ ប៉ុន្តែទាមទារនូវជំនាញ ប្រព័ន្ធទូទាត់ប្រកបដោយទំនុកចិត្ត ប្រព័ន្ធដឹកជញ្ជូន ហិរញ្ញប្បទាន និងសមត្ថភាពបម្លែងបច្ចេកវិទ្យាឱ្យទៅជា «លទ្ធផលអាជីវកម្មជាក់ស្តែង»។ ដើម្បីពង្រឹងភាពប្រកួតប្រជែងរបស់អាជីវកម្មដឹកនាំដោយស្ត្រី លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងនូវ ៤ ចំណុចសំខាន់ៗ រួមមាន៖ ១. គោលនយោបាយ និងបរិយាកាសអំណោយផល — បង្កើនលទ្ធភាពទទួលបានព័ត៌មាន សេវាសាធារណៈឌីជីថល ការចុះបញ្ជីអាជីវកម្ម និងការចូលទីផ្សារ ប្រកបដោយភាពងាយស្រួល តម្លាភាព និងទំនុកចិត្ត។ ២. លទ្ធភាពទទួលបានហិរញ្ញប្បទាន — ជំរុញឱ្យសហគ្រិនស្ត្រីមានលទ្ធភាពទទួលបានទុនសម្រាប់ពង្រីកអាជីវកម្ម វិនិយោគលើបច្ចេកវិទ្យា និងពង្រីកទីផ្សារ។ ៣. បច្ចេកវិទ្យា និងជំនាញឌីជីថល — លើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនផលិតភាព វិភាគទីផ្សារ គ្រប់គ្រងអតិថិជន និងអភិវឌ្ឍអាជីវកម្ម។ ៤. ការពង្រីកទីផ្សារ — បម្លែងវត្តមានរបស់ផលិតផលលើបណ្តាញឌីជីថល ទៅជាការបញ្ជាទិញ ការលក់ និងប្រតិបត្តិការពាណិជ្ជកម្មជាក់ស្តែង ព្រមទាំងបង្កើនសមត្ថភាពចូលទីផ្សារក្រៅប្រទេស។ ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ គូសបញ្ជាក់ថា «បេសកកម្ម ៥០០ ប្រតិបត្តិការ» លើថ្នាលពាណិជ្ជកម្មអេឡិចត្រូនិកជាតិ CambodiaTrade.com គឺជាឧទាហរណ៍មួយនៃការផ្តោតលើលទ្ធផលជាក់ស្តែង ដោយជំរុញឱ្យការផ្សព្វផ្សាយផលិតផលកម្ពុជា ប្រែក្លាយពីការមើល ការចូលចិត្ត និងការចែករំលែក ទៅជាការបញ្ជាទិញ និងប្រតិបត្តិការពាណិជ្ជកម្មជាក់ស្តែង។ លោកជំទាវរដ្ឋលេខាធិការ បន្ថែមថា គោលដៅរបស់យើងមិនមែនត្រឹមតែឱ្យស្ត្រីចូលរួមក្នុងសេដ្ឋកិច្ចឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែត្រូវធានាថា សហគ្រិនស្ត្រីកម្ពុជាមានសមត្ថភាព និងឱកាសគ្រប់គ្រាន់ ដើម្បីក្លាយជាអ្នកបង្កើតផលិតផល អ្នកបង្កើតម៉ាក អ្នកនាំចេញ និងអ្នកដឹកនាំអាជីវកម្មក្នុងយុគសម័យឌីជីថល។ លើសពីនេះ ការពង្រឹងសមត្ថភាពសហគ្រិនស្ត្រីទាមទារកិច្ចសហការពីគ្រប់ភាគី រួមមានស្ថាប័នរដ្ឋ វិស័យឯកជន ស្ថាប័នហិរញ្ញវត្ថុ ក្រុមហ៊ុនបច្ចេកវិទ្យា សមាគមអាជីវកម្ម និងដៃគូអភិវឌ្ឍន៍ ដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីអាជីវកម្មឌីជីថលដែលមានភាពបើកចំហ បរិយាបន្ន និងមានភាពប្រកួតប្រជែង។ សូមជម្រាបជូនថា ក្នុងឱកាសនោះ ក៍មានរៀបចំកម្មវិធីដ៏មានសារៈសំខាន់ចំនួន២ សម្រាប់ធុរជន សហគ្រិន និងសាធារណជន ដែលមានចំណាប់អារម្មណ៍លើការធ្វើពាណិជ្ជកម្មក្នុងយុគសម័យឌីជីថលផងដែរ រួមមាន៖ ១. កិច្ចពិភាក្សាពិគ្រោះយោបល់ លើប្រធានបទ៖ «ការពង្រឹងភាពប្រកួតប្រជែងរបស់អាជីវកម្មដឹកនាំដោយស្ត្រីក្នុងយុគសម័យឌីជីថល៖ ពីគោលនយោបាយ និងហិរញ្ញវត្ថុ ទៅកាន់បច្ចេកវិទ្យា និងការពង្រីកទីផ្សារ» កិច្ចពិភាក្សានេះ មានការអញ្ជើញចូលរួមចែករំលែកបទពិសោធន៍ពីវាគ្មិនកិត្តិយសជាថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រុមហ៊ុនធំៗរួមមាន៖ - កញ្ញា ស៊ូ មុន្នីពេជ្រ សហស្ថាបនិក និងជាអគ្គនាយិកា នៃក្រុមហ៊ុន Tube Coffee និងជាសមាជិកា ក្រុមប្រឹក្សាភិបាលសភាពាណិជ្ជកម្មអង់គ្លេសប្រចាំកម្ពុជា - លោកស្រី Nancy Zhang ប្រធានផ្នែកទំនាក់ទំនង នៃក្រុមហ៊ុន Huawei ប្រចាំកម្ពុជា - លោកស្រី Mila Jivkova Kusheva នាយិកាផ្នែកពាណិជ្ជកម្ម នៃក្រុមហ៊ុន Smart Axiata Co., Ltd. - លោកស្រី ធាម រមណីយ អគ្គនាយករងប្រតិបត្តិ និងជានាយិកាទំនាក់ទំនងគូភាគី–ប្រធានគ្រប់គ្រងតំបន់ នៃធនាគារ ABA និងសម្របសម្រួលដោយ៖ លោក ជិន ថូមីត នាយកប្រតិបត្តិ នៃក្រុមហ៊ុន iDEN Creatives។ ២. វគ្គបណ្តុះបណ្តាល (Master Class) ដែលចែកចេញជាពីរប្រធានបទរួមមាន៖ ប្រធានបទទី១៖ «យុទ្ធសាស្ត្រទីផ្សារឌីជីថលដោយប្រើប្រាស់ឧបករណ៍ AI» ឧទ្ទេសនាមដោយ កញ្ញា មេ សុខគន្ធារី ទីប្រឹក្សាយុទ្ធសាស្ត្រទីផ្សារ និងបរិវត្តកម្មឌីជីថល និងប្រធានបទទី២៖ «នវានុវត្តន៍ឌីជីថល និងពហុបច្ចេកវិទ្យា សម្រាប់ការរីកចម្រើនប្រកបដោយចីរភាពរបស់កម្ពុជា» ឧទ្ទេសនាមដោយ លោក កែវ វឌ្ឍនៈ នាយកចាត់ការទូទៅផ្នែកលក់ និងទីផ្សារ នៃក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) និងសម្របសម្រួលកម្មវិធីដោយ៖ ឌីជេ ណាណា (DJ Nana) អ្នកបង្កើតមាតិកា៕
News(ទីក្រុងឌូបៃ, អេមីរ៉ាតអារ៉ាប់រួម)៖ នារសៀលថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាតុមូលថ្នាក់ដឹកនាំជាន់ខ្ពស់ (Dubai Chambers’ Roundtable) ដែលជាកម្មវិធីអមសន្និបាត AIM Congress លើកទី១៥ ក្រោមប្រធានបទ «Global Trade & Investment in Motion: Unlocking Bilateral Growth Corridors» ដែលផ្តោតលើការពង្រឹងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី តាមរយៈការកាត់បន្ថយរបាំងពាណិជ្ជកម្ម ការសម្របសម្រួលបទប្បញ្ញត្តិ និងការកៀរគរហិរញ្ញប្បទាន ដើម្បីជំរុញការចូលទីផ្សារ និងគាំទ្រគម្រោងវិនិយោគឆ្លងកាត់ព្រំដែន។ នាឱកាសនោះ ថ្នាក់ដឹកនាំ និងតំណាងវិស័យឯកជនមកពីបណ្តាប្រទេសផ្សេងៗ បានផ្លាស់ប្តូរទស្សនៈ បទពិសោធន៍ និងឧត្តមានុវត្តន៍ ព្រមទាំងស្វែងរកកាលានុវត្តភាពថ្មីៗសម្រាប់ការតភ្ជាប់ទីផ្សារ ការកៀរគរការវិនិយោគ និងការពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ចឆ្លងដែន។ ក្នុងបរិបទនេះ កម្ពុជាបានបន្តផ្តោតលើការកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគ កិច្ចសម្រួលពាណិជ្ជកម្ម ការធ្វើឌីជីថលកម្មសេវាសាធារណៈ និងការពង្រឹងតម្លាភាព និងភាពជឿទុកចិត្តសម្រាប់ធុរកិច្ច និងវិនិយោគិន សំដៅកាត់បន្ថយចំណាយ និងពេលវេលាក្នុងការធ្វើអាជីវកម្ម ពង្រឹងប្រសិទ្ធភាពនៃការចូលទីផ្សារ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការពង្រីកពាណិជ្ជកម្ម និងការវិនិយោគ។ ជាមួយគ្នានេះ ការចូលរួមរបស់កម្ពុជាក្នុងវេទិកានេះ គឺជាឱកាសដ៏មានសារសំខាន់ក្នុងការផ្សព្វផ្សាយសក្តានុពលពាណិជ្ជកម្ម និងការវិនិយោគរបស់កម្ពុជា ពង្រីកទំនាក់ទំនងសេដ្ឋកិច្ចជាមួយអេមីរ៉ាតអារ៉ាប់រួម និងដៃគូអន្តរជាតិ ព្រមទាំងបង្កើតបណ្តាញ និងឱកាសថ្មីៗសម្រាប់ធុរកិច្ច និងវិនិយោគិន ដើម្បីរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។
News(ភ្នំពេញ)៖ នាព្រឹក[ថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Diego Pelufo Acosta Y Lara ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋបូព៌ាអ៊ុយរូហ្កាយ ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែប្រសើរឡើង តាមរយៈការបង្កើតនូវក្របខ័ណ្ឌជាក់លាក់សម្រាប់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអ៊ុយរូហ្កាយ។ ភាគីទាំងពីរក៏បានពិភាក្សាលើយន្តការជំរុញពាណិជ្ជកម្មលើមុខទំនិញដែលមានសក្តានុពល និងមានលក្ខណៈបំពេញឱ្យគ្នាទៅវិញទៅមក ជាមួយនឹងការតភ្ជាប់រវាងធុរជននៃប្រទេសទាំងពីរ ពិសេសតាមរយៈសភាពាណិជ្ជកម្ម ក៏ដូចជាការរៀបចំបេសកកម្មធុរកិច្ច និងការផ្គូផ្គងធុរកិច្ចផងដែរ។
News(ភ្នំពេញ)៖ នារសៀលថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី «TEDxPhnom Penh Salon» ដែលជាព្រឹត្តិការណ៍អមក្នុង «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០» ដែលកម្មវិធីនេះមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ក្រុមការងារ TEDxPhnomPenh វាគ្មិនកិត្តិយស សហគ្រិន និងយុវជន ជាច្រើនរូប។ ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងថា សម្រាប់ក្រសួងពាណិជ្ជកម្ម ការអភិវឌ្ឍពាណិជ្ជកម្មឌីជីថលមិនមែនផ្តោតតែលើបច្ចេកវិទ្យាតែមួយមុខនោះទេ ប៉ុន្តែគឺជាការតភ្ជាប់បច្ចេកវិទ្យាទៅនឹងអាជីវកម្ម ទីផ្សារ ទំនុកចិត្ត ជំនាញ និងឱកាសរបស់ប្រជាពលរដ្ឋនៅគ្រប់ទិសទី ដើម្បីប្រែក្លាយការធ្វើឌីជីថលរូបនីយកម្មឱ្យទៅជាលទ្ធផលពាណិជ្ជកម្មជាក់ស្តែងសម្រាប់សហគ្រាសកម្ពុជា។ លោកជំទាវរដ្ឋលេខាធិការ បន្តថា ការធ្វើឌីជីថលូបនីយកម្មមិនត្រូវបញ្ចប់ត្រឹមការមានគេហទំព័រ ឬគណនីបណ្តាញសង្គមឡើយ ប៉ុន្តែត្រូវវាស់វែងលើសមត្ថភាពនៃការស្វែងរកទីផ្សារថ្មី បង្កើនការលក់ លើកកម្ពស់ផលិតភាព និងពង្រីកឱកាសអាជីវកម្ម ហើយកាលានុវត្តភាពឌីជីថលត្រូវតែគ្របដណ្តប់ និងផ្តល់ផលប្រយោជន៍ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ស្ត្រី យុវជន និងសហគ្រិននៅតាមបណ្តាខេត្ត ដោយមិនកម្រិតត្រឹមតែក្នុងរាជធានី ឬអាជីវកម្មធំៗនោះឡើយ។ លើសពីនេះ ការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗដូចជា AI ត្រូវតែឈរលើមូលដ្ឋានគ្រឹះនៃសន្តិសុខសាយប័រ សុវត្ថិភាពប្រព័ន្ធ និងទំនុកចិត្តរបស់អ្នកប្រើប្រាស់ ដើម្បីធានានូវចីរភាព និងការចូលរួមដោយជឿជាក់។ លោកជំទាវរដ្ឋលេខាធិការ គូសបញ្ជាក់ថា ចំណុចសំខាន់ៗក្នុងកម្មវិធី TEDxPhnom Penh Salon គឺដើម្បីស្វែងយល់ពីកត្តាជំរុញឱ្យកម្ពុជាឈានទៅមុខបានយ៉ាងឆាប់រហ័សក្នុងសេដ្ឋកិច្ចឌីជីថល ជំរុញឱកាសដល់សហគ្រិន និងយុវជននៅតាមបណ្តាខេត្ត និងតំបន់ជនបទ ការពិភាក្សាលើឥទ្ធិពលនៃ AI និងការបង្កើតបរិយាកាសឌីជីថលដែលមានសុវត្ថិភាពខ្ពស់ ព្រមទាំងការតភ្ជាប់សហគ្រិនទៅអតិថិជន ផលិតផលទៅទីផ្សារ និងការតភ្ជាប់កម្ពុជាទៅសេដ្ឋកិច្ចតំបន់ និងពិភពលោក។ សូមជម្រាបជូនថា កម្មវិធីនេះ ក៏បានរៀបចំឱ្យមានការបោះឆ្នោតលើគំនិតអាទិភាពចំនួន ៥ សំដៅរួមគ្នាកសាងទិសដៅយុទ្ធសាស្ត្រឱ្យកម្ពុជាក្លាយជាប្រទេសឈានមុខគេក្នុងពាណិជ្ជកម្មឌីជីថលមុនឆ្នាំ២០៣៥ ហើយក្រសួងពាណិជ្ជកម្ម ប្តេជ្ញាចិត្តប្រែក្លាយរាល់កិច្ចសន្ទនា និងគំនិតផ្តួចផ្តើមទាំងនេះ ឱ្យទៅជាសកម្មភាពអនុវត្តជាក់ស្តែង ការសាកល្បង ការផ្សារភ្ជាប់ទីផ្សារ និងការបង្កើតប្រតិបត្តិការពាណិជ្ជកម្មពិតប្រាកដ ក្នុងគោលបំណងកសាងប្រព័ន្ធអេកូស៊ីស្ទឹមពាណិជ្ជកម្មឌីជីថលកម្ពុជាប្រកបដោយភាពប្រកួតប្រជែង បរិយាបន្ន និងទំនុកចិត្តខ្ពស់៕
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីប្រកួតប្រជែងជាក្រុម CambodiaTrade Product Hackathon ដែលរៀបចំឡើងក្នុងក្របខណ្ឌ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ ដែលពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តំណាង ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ដៃគូសហការ គណៈកម្មការ ក្រុមការងារ CambodiaTrade.com និងបេក្ខជន-បេក្ខនារីជាច្រើនរូប។ ថ្លែងទៅកាន់អង្គពិធី ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានលើកឡើងថា CambodiaTrade Product Hackathon មានគោលបំណងជំរុញការបម្លែងផលិតផលរូបវន្តទៅជាផលិតផលដែលអាច ស្វែងរកបាន បង្ហាញបាន និងលក់បានតាមប្រព័ន្ធឌីជីថលនលើសពីនេះ វាមានលក្ខណៈខុសពី Hackathon ទូទៅ ដោយមិនផ្តោតជាចម្បងលើការសរសេរកម្មវិធី ឬការបង្កើតបច្ចេកវិទ្យាថ្មីនោះទេ ប៉ុន្តែផ្តោតលើបញ្ហាប្រឈមជាក់ស្តែងមួយ គឺ៖ «តើយើងអាចបម្លែងផលិតផលកម្ពុជាដែលមានស្រាប់ ឱ្យក្លាយជាផលិតផលដែលអតិថិជនអាចស្វែងរក យល់ដឹង និងបញ្ជាទិញបាននៅលើទីផ្សារឌីជីថលដោយរបៀបណា?» ឯកឧត្តមរដ្ឋលេខាធិការបន្តថា បច្ចុប្បន្ន សហគ្រាសកម្ពុជាជាច្រើនមានផលិតផលដែលមានគុណភាព តម្លៃ និងអត្តសញ្ញាណជាផលិតផលខ្មែរ ប៉ុន្តែផលិតផលល្អតែមួយមុខមិនទាន់គ្រប់គ្រាន់សម្រាប់ការប្រកួតប្រជែងក្នុងបរិបទសេដ្ឋកិច្ចឌីជីថលនោះទេ គឺផលិតផលត្រូវការរូបភាពប្រកបដោយគុណភាព ព័ត៌មានច្បាស់លាស់ មាតិកាដែលទាក់ទាញអតិថិជន តម្លៃសមរម្យ ទិន្នន័យដែលអាចស្វែងរកបាន និងប្រព័ន្ធដែលធ្វើឱ្យដំណើរការបញ្ជាទិញមានភាពងាយស្រួល។ ក្នុងន័យនេះ CambodiaTrade.com មានតួនាទីជាថ្នាលពាណិជ្ជកម្មអេឡិចត្រូនិក B2B2C ថ្នាក់ជាតិ ដែលផ្តល់ឱកាសដល់សហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្នុងការដាក់លក់ផលិតផល និងផ្សារភ្ជាប់ទៅកាន់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់ថា គោលដៅរបស់កម្មវិធីមិនមែនគ្រាន់តែបង្កើនចំនួនផលិតផលដែលបានបញ្ចូលទៅក្នុង CambodiaTrade.com នោះទេ តែអ្នកចូលរួមអាចអនុវត្តទាំងការចុះបញ្ជីផលិតផលនៅលើ CambodiaTrade.com និងការស្វែងរកវិធីសាស្ត្រជំរុញការបញ្ជាទិញពីទីផ្សារផងដែរ។ លើសពីនេះ បន្ទាប់ពីបញ្ចប់កម្មវិធីនេះ អ្នកចូលរួមនឹងអាចប្រើប្រាស់ និងទាញយកប្រយោជន៍ពី CambodiaTrade.com ព្រមទាំងយកចំណេះដឹង និងជំនាញដែលទទួលបានពីការអនុវត្តផ្ទាល់ ទៅជួយសហគ្រាសកម្ពុជា ឱ្យមានសមត្ថភាពធ្វើទីផ្សារ និងលក់ផលិតផលតាមប្រព័ន្ធឌីជីថលកាន់តែប្រសើរ។ មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានលើកទឹកចិត្តដល់បេក្ខជន-បេក្ខនារីទាំងអស់ ឱ្យចាត់ទុកកម្មវិធីនេះជាឱកាសសម្រាប់ការរៀនសូត្រ និងអនុវត្តជាក់ស្តែង ព្រមទាំងបានជូនពរដល់បេក្ខជន-បេក្ខនារីទាំងអស់ ឱ្យទទួលបានបទពិសោធន៍ថ្មីៗ បង្កើតលទ្ធផលជាក់ស្តែង និងប្រកួតប្រជែងប្រកបដោយស្មារតីមិត្តភាព សុចរិតភាព និងការច្នៃប្រឌិត៕