Newsសេចក្តីជូនដំណឹង៖ ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី២១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួលនីតិវិធី និងឯកសារក្នុងការនាំចេញផលិតផលកសិកម្មកម្ពុជានៅព្រំដែនកម្ពុជា-វៀតណាម ដោយមានការចូលរួមពី តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្តមអនុរដ្ឋលេខាធិការ, ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងនាយកដ្ឋានជំនាញនៃក្រសួងពាណិជ្ជកម្ម ព្រមទាំងតំណាងសហព័ន្ធដំឡូងមីកម្ពុជាជាច្រើនរូប។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សាលម្អិតលើការសម្របសម្រួលនីតិវិធី និងឯកសារពាក់ព័ន្ធនានារបស់អ្នកនាំចេញ ព្រមទាំងធានាផលប្រយោជន៍ដល់ភាគីពាក់ព័ន្ធ ដើម្បីជំរុញ និងលើកកម្ពស់ប្រសិទ្ធភាពនៃការនាំចេញកសិផលកម្ពុជា ជាពិសេសផលិតផលដំឡូងមី ដោយផ្តោតសំខាន់លើការទិញ-លក់ដំឡូងមីក្រៀមទៅកាន់ប្រទេសវៀតណាម តាមបណ្តាច្រកព្រំដែនកម្ពុជា-វៀតណាម។
News(តូក្យូ, ជប៉ុន)៖ នាថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២៦ លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមជាមួយស្ថានឯកអគ្គរាជទូត រៀបចំ និងតាំងបង្ហាញផលិតផលខ្មែរ នៅក្នុងពិព័រណ៍ «Global Festa Japan 2026» ក្រោមប្រធានបទ «ភ្ជាប់ទៅកាន់ពិភពលោក ជីវិតប្រចាំថ្ងៃរបស់ខ្ញុំ បង្កើតអនាគតរួមគ្នា» ដែលរៀបចំឡើងដោយក្រសួងការបរទេសជប៉ុន សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងមជ្ឈមណ្ឌលអង្គការក្រៅរដ្ឋាភិបាលជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (JANIC) នៅអគារ Shinjuku Sumitomo Building ទីក្រុងតូក្យូ។ ពិព័រណ៍ Global Festa Japan គឺជាព្រឹត្តិការណ៍ដ៏ធំមួយនៅប្រទេសជប៉ុន ដែលផ្តោតលើកិច្ចសហប្រតិបត្តិការអន្តរជាតិ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។ ក្នុងឱកាសប្រារព្ធខួបលើកទី៣៥ ឆ្នាំនេះ កម្មវិធីពិព័រណ៍នេះ បានផ្តល់ជាវេទិកាសំខាន់មួយសម្រាប់ស្ថាប័នរដ្ឋជប៉ុន ស្ថានទូតនានាប្រចាំទីក្រុងតូក្យូ ក្រុមហ៊ុនឯកជន ជាពិសេសអង្គការអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលនានាជិត ២០០ ចូលរួម ដើម្បីបង្ហាញអំពីគំនិតផ្តួចផ្តើមផ្នែកមនុស្សធម៌ និងការអភិវឌ្ឍជាសកល តាមរយៈការតាំងបង្ហាញផលិតផល និងម្ហូបអាហារ ការសម្ដែង និងកិច្ចពិភាក្សានៅលើឆាក សកម្មភាពផ្សព្វផ្សាយអំពីការអប់រំ និងសុខភាព ព្រមទាំងសកម្មភាពជំរុញពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍ជាច្រើនទៀត។ ក្នុងអំឡុងពិព័រណ៍ លោកអនុព័ន្ធពាណិជ្ជកម្ម បានរៀបចំ និងតាំងបង្ហាញផលិតផលខ្មែរចំនួន ១៩មុខ ដែលសុទ្ធសឹងជាផលិតផលសក្តានុពលកសិកម្ម សិប្បកម្ម និងវត្ថុអនុស្សាវរីយ៍របស់កម្ពុជា ព្រមទាំងបានសម្របសម្រួលដល់ការចូលរួមរបស់ក្រុមហ៊ុនជប៉ុន Pa’Aimaz Co., Ltd. ដែលជាក្រុមហ៊ុនចែកចាយ និងលក់គ្រាប់ស្វាយចន្ទីកម្ពុជានៅក្នុងប្រទេសជប៉ុនផងដែរ។ ក្នុងឱកាសនេះដែរ លោកអនុព័ន្ធពាណិជ្ជកម្ម ក៏បានណែនាំភ្ញៀវចូលរួមអំពីការកសាងសមត្ថភាពឌីជីថល និងការជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈថ្នាល CambodiaTrade.com របស់ក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញការនាំចេញផលិតផលខ្មែរកាន់តែច្រើនបន្ថែមទៀតទៅកាន់ទីផ្សារអន្តរជាតិ។ ជាការកត់សម្គាល់ ក្នុងរយៈពេល ២ថ្ងៃនៃព្រឹត្តិការណ៍ពិព័រណ៍នេះ មានភ្ញៀវចូលរួមជប៉ុន និងបរទេសជាច្រើននាក់ បានចាប់អារម្មណ៍យ៉ាងខ្លាំងលើផលិតផលខ្មែរ រួមមាន៖ គ្រាប់ស្វាយចន្ទីខ្មែរ ម្រេចកំពត កាហ្វេមណ្ឌលគិរី ដំណាប់ស្វាយ ស្រាបៀរហនុមាន និងសៀវភៅមគ្គុទ្ទេសក៍មុខម្ហូបខ្មែរ «The Taste of Angkor» ខណៈក្រុមហ៊ុនជប៉ុនមួយចំនួនមានបំណងទៅវិនិយោគនៅកម្ពុជាលើវិស័យសំណង់ អប់រំ សុខាភិបាល និងភោជនីយដ្ឋាន។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្ម សហការជាមួយធនាគារពិភពលោក (World Bank) ក្រោមគម្រោងជំនួយបច្ចេកទេសសម្រាប់ការអភិវឌ្ឍវិស័យឯកជន (Private Sector Development Technical Assistance Project) បានរៀបចំសិក្ខាសាលាស្តីពី «មូលដ្ឋានគ្រឹះនៃការតាក់តែងគោលនយោបាយជាតិស្តីពីការប្រកួតប្រជែង» ក្រោមអធិបតីភាព ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.»។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងនៅសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់ ក្នុងគោលបំណងប្រមូលធាតុចូល និងយោបល់ពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអ្នកជំនាញ ដើម្បីគាំទ្រដល់ដំណើរការរៀបចំ និងតាក់តែង «គោលនយោបាយជាតិស្តីពីការប្រកួតប្រជែង» ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ស្របតាមបរិបទសេដ្ឋកិច្ច និងអាទិភាពអភិវឌ្ឍន៍របស់កម្ពុជា។ ជាមួយគ្នានេះ សិក្ខាសាលាក៏មានគោលបំណងពង្រឹងចំណេះដឹង និងសមត្ថភាពមន្ត្រីជំនាញ ជាពិសេសមន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និង ការប្រកួតប្រជែង (ក.ប.ប.) ក្នុងការយល់ដឹងអំពីគោលការណ៍ ប្រព័ន្ធ និងការអនុវត្តល្អៗ ពាក់ព័ន្ធនឹងគោលនយោបាយប្រកួតប្រជែងនៅថ្នាក់ជាតិ និងអន្តរជាតិ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការតាមដានការអនុវត្តការងារនៃការត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣» ដោយមានការចូលរួមពី អ្នកជំនាញការអង្គការ WTO, ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, ព្រមទាំងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនជាច្រើនរូប។ ថ្លែងក្នុងសុន្ទរកថាបើកអង្គសិក្ខាសាលា ឯកឧត្តមរដ្ឋលេខាធិការបានស្វាគមន៍វត្តមានចូលរួមរបស់អ្នកជំនាញការអង្គការ WTO, ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, ព្រមទាំងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ព្រមទាំងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃយន្តការត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្ម ក្រោមក្របខ័ណ្ឌ WTO ក្នុងគោលដៅពង្រឹងគោលការណ៍តម្លាភាព ព្រមទាំងស្វែងយល់អំពីការវិវត្ត និងការអនុវត្តគោលនយោបាយពាណិជ្ជកម្មរបស់សមាជិក WTO ក៏ដូចជាលើកទឹកចិត្តឱ្យមានការចូលរួមពិភាក្សា និងចែករំលែកវឌ្ឍនភាពឱ្យបានផុលផុសផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ជូនថា សិក្ខាសាលានេះសហការរៀបចំដោយក្រសួងពាណិជ្ជកម្ម និងអង្គការ WTO ក្នុងគោលបំណង៖ ១. ផ្សព្វផ្សាយអំពីលទ្ធផលនៃកិច្ចប្រជុំការត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣ (Cambodia’s 3rd Trade Policy Review - TPR) ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៦ និងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វ៊ីស, ២. តាមដានវឌ្ឍនភាព និងការអនុវត្តការងាររបស់ស្ថាប័នពាក់ព័ន្ធ, និង ៣. កំណត់អាទិភាព និងកៀរគរជំនួយបច្ចេកទេសសម្រាប់អនុវត្តសកម្មភាពនានា សំដៅជំរុញការលើកកម្ពស់ឧត្តមភាព និងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយពាណិជ្ជកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា៕