News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់ការអនុវត្តបន្តក្នុងឆមាសទី២ ឆ្នាំ២០២៦ របស់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទទួលបន្ទុក ឯកឧត្តមអគ្គនាយក លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តគោលដៅទាំង ១៨ ទីប្រឹក្សាគម្រោង និងមន្រ្តីបង្គោលទាំងអស់។ ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រីបានថ្លែងស្វាគមន៍ និងថ្លែងអំណរគុណដល់ក្រុមការងារ ដែលបានខិតខំប្រឹងប្រែង ប្រកបដោយស្មារតីទទួលខុសត្រូវ និងបុរេសសកម្ម ក្នុងការអនុវត្តការងារនាពេលកន្លងមក។ លោកជំទាវរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់គម្រោង ជាពិសេសលើសកម្មភាពការងារ កៀរគរកសិករបង្កើតចង្កោមអាជីវកម្ម ការរៀបចំផែនការអាជីវកម្ម ការរៀបចំផែនការផលិត សំដៅអភិវឌ្ឍខ្សែច្រវាក់តម្លៃ ការសម្របសម្រួលកិច្ចសន្យាទិញលក់ដល់ក្រុមកសិករផលិត និងការរៀបចំផ្សារផលិតផលខ្មែរ ជាដើម។ លោកជំទាវរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ភាពជោគជ័យនៃគម្រោង គឺត្រូវផ្តោតលើទាំងវឌ្ឍនភាពក្នុងពេលអនុវត្តគម្រោង និងក្រោយពេលគម្រោងបិទបញ្ចប់ ពោលគឺ ត្រូវបន្តនិរន្តរភាព នូវផលប្រយោជន៍ជូនប្រជាកសិករ និងរក្សាបាននូវម្ចាស់ការលើការបន្តការងារតភ្ជាប់ទីផ្សារ ទាំងបរិមាណ និងគុណភាព។ ជាកិច្ចបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍សំខាន់ៗជាទិសដៅយុទ្ធសាស្ត្រ ក្នុងការបន្តអនុវត្តការងារ ឆ្ពោះទៅសម្រេចបានវឌ្ឍនភាពនិងសមិទ្ធផលបន្ថែមទៀត ក្នុងឆមាសទី២ តាមការគ្រោងទុក។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អនុប្រធានគណៈកម្មការអន្ដរក្រសួង និងជាតំណាងរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្ដរក្រសួង ដើម្បីរៀបចំនិងចូលរួមពិព័រណ៍ពិភពលោកនិងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មការអន្ដរក្រសួង ដែលមានវត្តមានអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មការអន្តរក្រសួង ព្រមទាំងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងតំណាងអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីត្រៀមលក្ខណៈរៀបចំចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២៣ ឆ្នាំ២០២៦ និងត្រៀមលក្ខណៈរៀបចំចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ដែលប្រព្រឹត្តទៅក្រោមរបៀបវារៈដូចខាងក្រោម៖ ១. របាយការណ៍វឌ្ឍនភាពនៃការត្រៀមរៀបចំចូលរួមពិព័រណ៍អន្តរជាតិ Specialized EXPO 2027 Belgrade, ពិព័រណ៍ពិភពលោក EXPO 2030 Riyadh ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងរបាយការណ៍វឌ្ឍនភាពនៃការត្រៀមរៀបចំពិព័រណ៍ចិន-អាស៊ាន លើកទី២៣ ឆ្នាំ២០២៦ ២. បទបង្ហាញអំពីសេចក្តីព្រាងប្លង់រចនាពន្លាជាតិកម្ពុជា សម្រាប់ពិព័រណ៍ចិន-អាស៊ាន លើកទី២៣ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-២១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សារធារណរដ្ឋប្រជាមានិតចិន ៣. ពិនិត្យ និងផ្តល់យោបល់បំពេញបន្ថែមលើគំនូសព្រាងប្លង់ និងការរចនាពន្លាជាតិកម្ពុជា សម្រាប់ពិព័រណ៍ចិន-អាស៊ាន លើកទី២៣៕
News(ភ្នំពេញ)៖ នាព្រឹកថៃ្ងព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្ដម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក លោក-លោកស្រីអគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន មន្ទីរនិងសាខាការពារអ្នកប្រើប្រាស់ និងប្រកួតប្រជែង រាជធានី-ខេត្ត ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។ កិច្ចប្រជុំប្រចាំសប្ដាហ៍នេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ក្រោមរបៀបវារៈរួមមាន៖ ១. របាយការណ៍ស្តីពីលទ្ធផលនៃការចូលរួមកិច្ចប្រជុំកម្មវិធីផ្គូផ្គងធុរកិច្ចដើម្បីជំរុញពាណិជ្ជកម្មឌីជីថល នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ២. របាយការណ៍ស្តីពីវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស ៣. របាយការណ៍ស្តីពីវឌ្ឍនភាពការងាររបស់នាយកដ្ឋានកិច្ចការអង្គការពាណិជ្ជកម្មពិភពលោកនិងអង្គការអន្តរជាតិ ៤. របាយការណ៍ស្តីពីវឌ្ឍនភាពការងាររបស់អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ប៉េកាំង) ៥. របាយការណ៍ស្តីពីវឌ្ឍនភាពការងាររបស់មន្ទីរពាណិជ្ជកម្មនិងសាខា ក.ប.ប. ខេត្តតាកែវ ៦. មតិចូលរួមរបស់ថ្នាក់ដឹកនាំទទួលបន្ទុកអង្គភាពនីមួយៗ និងមតិចូលរួមផ្សេង៕
News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការទទួលបន្ទុក ឯកឧត្តមអគ្គនាយក ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធនានា។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ពិនិត្យ និងវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តការងារ កំណត់ទិសដៅ និងដាក់ចេញនូវវិធានការបន្ត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងាររបស់នាយកដ្ឋានកម្មសិទ្ធិបញ្ញា ស្របតាមយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ផាន អូន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារប្រចាំខែមិថុនា ឆ្នាំ២០២៦ របស់អគ្គលេខាធិការដ្ឋាន ដែលមានការអញ្ជើញចូលរួមពី លោក អគ្គនាយករង លោកប្រធាននាយកដា្ឋន លោក លោកស្រីអនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រីរាជការទាំងអស់ ចំណុះអគ្គលេខាធិការដ្ឋាន។ កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីតាមដាន និងពិនិត្យវឌ្ឍនភាពការងាររបស់នាយកដ្ឋានក្រោមចំណុះ អគ្គលេខាធិការដ្ឋាន ក្នុងគោលបំណងពង្រឹងការអនុវត្តផែនការសកម្មភាព និងដោះបញ្ហាប្រឈមនានា ដើម្បីទទួលបាននូវសមិទ្ធផលការងារប្រកបដោយបរិយាប័ន្ន ស័ក្តិសិទ្ធិភាព និងប្រសិទ្ធភាពខ្ពស់។