News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម (គ.ជ.ឧ.ព.)បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ របស់គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម (គ.ជ.ឧ.ព.) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាជិកគណៈកម្មាធិការ ក្រុមការងារលេខាធិការដ្ឋាន និងភាគីពាក់ព័ន្ធជាច្រើនរូប។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងកំណត់ទិសដៅការងារអាទិភាពរបស់គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម សម្រាប់ការអនុវត្តយន្តការឧបាស្រ័យពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព សំដៅពង្រឹងបរិយាកាសធុរកិច្ច លើកកម្ពស់ភាពប្រកួតប្រជែង និងគាំទ្រដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហការអន្តរស្ថាប័ន និងការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាការអនុវត្តគោលនយោបាយ និងវិធានការពាក់ព័ន្ធប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់កម្ពុជា។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅភោជនីយដ្ឋាន Khéma La Poste ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយ លោក Emmanuel LY-BATALLAN ទីប្រឹក្សាសេដ្ឋកិច្ចនៃស្ថានទូតបារាំងប្រចាំកម្ពុជា សភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំង-កម្ពុជា (CCIFC) និងទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសនៃប្រទេសបារាំង (CCEF) ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងារត្រៀមសហការរៀបចំ «វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ ឆ្នាំ២០២៦» (3rd Cambodia-France Business Forum 2026)។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារវាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA) ក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សិក្ខាសាលាផ្សព្វផ្សាយ និងកសាងសមត្ថភាពសម្រាប់ក្រុមការងារវាយតម្លៃផលប៉ះពាល់នៃលិខិត បទដ្ឋានគតិយុត្ត (RIA) របស់ក្រសួងពាណិជ្ជកម្ម វគ្គទី១៖ ស្ដីពីក្របខ័ណ្ឌការងារ RIA និងការវិភាគតំណាក់កាលដំបូង» ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម ប៉ិច សុខា អគ្គលេខាធិការក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងជាប្រធានក្រុមប្រតិបត្តិលិខិតបទដ្ឋានគតិយុត្ត (RIA) និងសមាជិកសមាជិកានៃក្រុមការងារ RIA មន្ត្រីជំនាញទទួលបន្ទុកការងារតាក់តែងលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងពាណិជ្ជកម្ម និងតំណាងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្ត្រី ជាច្រើនរូប។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹង និងកសាងសមត្ថភាពដល់មន្ត្រីជំនាញទទួលបន្ទុកការងារតាក់តែងលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងពាណិជ្ជកម្ម អំពីសារៈសំខាន់នៃយន្តការ RIA ដែលជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការពិនិត្យ និងវាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត មុននឹងដាក់ឱ្យអនុវត្ត ដើម្បីធានាបាននូវតម្លាភាព ប្រសិទ្ធភាព និងភាពឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គមជាតិ៕
News(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោកជំទាវបណ្ឌិត Alona Fisher-Kamm ឯកអគ្គរដ្ឋទូតអ៉ីស្រាអែល ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីកាលានុវត្តភាពថ្មីៗក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគី ការធ្វើពិពិធកម្មមុខទំនិញ ការពង្រឹងកិច្ចសហប្រតិបត្តិការវិស័យឯកជន និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកកសិកម្ម នវានុវត្តន៍ បច្ចេកវិទ្យា និងវិស័យសក្តានុពលដទៃទៀត។ នាឱកាសនេះ ភាគីទាំងពីរ បានលើកឡើងអំពីសារៈសំខាន់នៃការបង្កើតយន្តការពាណិជ្ជកម្មរួមគ្នា ដែលអាចដើរតួជាថ្នាលក្នុងការជួយសម្រួលដល់ប្រតិបត្តិការធុរកិច្ចនិងវិនិយោគ និងលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ច រវាងវិស័យឯកជននៃភាគីទាំងពីរ និងការចូលរួមកម្មវិធីនានា ដូចជាពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដើម្បីទទួលបានឱកាសក្នុងការផ្សព្វផ្សាយពីផលិតផល និងវិស័យដែលមានថាមវន្ត។
News(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្តម Mesut Özcan ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគីយ៉េថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។ ក្នុងជំនួបនេះ ភាគីទាំងពីរបានកត់សម្គាល់អំពីកំណើនពាណិជ្ជកម្មបន្ទាប់ពីការបង្កើតការិយាល័យទីប្រឹក្សាពាណិជ្ជកម្មតួកគីយ៉េនៅកម្ពុជា និងការិយាល័យអនុព័ន្ធពាណិជ្ជកម្មកម្ពុជានៅតួកគីយ៉េ និងផ្សាភ្ជាប់សារៈសំខាន់ទៅនឹងក្របខណ្ឌគណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងកម្ពុជា-តួកគីយ៉េ ដែលរួមមានកិច្ចសហប្រតិបត្តិការទ្វេភាគីលើស្ទើរតែគ្រប់វិស័យរួមមាន៖ ពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម ឧស្សាហកម្ម បច្ចេកវិទ្យា អប់រំ ទេសចរណ៍ និងសុខាភិបាលជាដើម ព្រមទាំងបានបង្ហាញពីឆន្ទៈក្នុងការពិនិត្យលទ្ធភាពពង្រីកវិស័យនៃកិច្ចសហប្រតិបត្តិការថ្មីៗ នាអំឡុងកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការនេះ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នាពេលខាងមុខនេះ។