News(សៀមរាប)៖ ក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនសាធារណជន ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ មេត្តាជ្រាបថា «ផ្សារផលិតផលខ្មែរ ខេត្តសៀមរាប» ដែលជាវេទិកាពាណិជ្ជកម្មដ៏សំខាន់សម្រាប់កសិផល និងផលិតផលកែច្នៃក្នុងស្រុក បន្តបើកទ្វារស្វាគមន៍អតិថិជនយ៉ាងកុះកររៀងរាល់ចុងសប្តាហ៍។ ផ្សារផលិតផលខ្មែរនេះ ត្រូវបានបង្កើតឡើង និងដំណើរការចាប់តាំងពីឆ្នាំ២០១៩ មកម៉្លេះ ក្រោមការដឹកនាំ និងគាំទ្រពីក្រសួងពាណិជ្ជកម្ម និងមានការសម្របសម្រួលផ្តល់ទីតាំងពីរដ្ឋបាលខេត្តសៀមរាប និងអនុវត្តផ្ទាល់ដោយមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ស្ថិតក្នុងក្របខណ្ឌនៃ «គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS)» របស់ក្រសួងពាណិជ្ជកម្ម ព្រមទាំងមានការសហការយ៉ាងជិតស្និទ្ធពីមន្ទីរ-អង្គភាពពាក់ព័ន្ធ។ គំនិតផ្តួចផ្តើមនេះ មានគោលបំណងយុទ្ធសាស្ត្រក្នុងការបង្កើតឱកាសទីផ្សារបន្ថែមជូនដល់កសិករ ផលិតករ និងអាជីវករខ្នាតតូច ក៏ដូចជាការពង្រឹងខ្សែច្រវាក់តម្លៃ និងការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ការណ៍នេះ មិនត្រឹមតែជួយបង្កើតប្រាក់ចំណូល និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាសហគមន៍ផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកាតាលីករយ៉ាងសំខាន់ក្នុងការបង្កើនផលិតភាពក្នុងស្រុក និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាព ផងដែរ។ សូមអញ្ជើញសាធារណជនទាំងអស់ មកចូលរួមទិញ និងគាំទ្រផលិតផលខ្មែរ ដែលមានគុណភាព សុវត្ថិភាព និងតម្លៃសមរម្យ៖ 🗓️ កាលបរិច្ឆេទ៖ រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ⏰ ពេលវេលា៖ ចាប់ពីម៉ោង ៧:០០ ព្រឹក ដល់ម៉ោង ១២:០០ ថ្ងៃត្រង់ 📍ទីតាំង៖ ស្ថិតនៅសួនច្បារហាត់ប្រាណ ជិតមាត់ស្ទឹងសៀមរាប ក្បែរសួនព្រះរាជដំណាក់ (ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប)។ (Google Maps)៖ https://maps.app.goo.gl/xTVrLCxMaqCU9iuu5
News(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំមន្ត្រីនៃអគ្គនាយកដ្ឋានគោលនយោបាយ និងជំរុញពាណិជ្ជកម្ម ចូលរួមពិធីបើកសម្ពោធការតាំងបង្ហាញគម្របទស្សនាវដ្តី «Prestige Cambodia» ក្រោមអធិបតីភាព ឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា និងភ្ញៀវកិត្តិយសជាច្រើនរូប។ កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីតភ្ជាប់កម្ពុជាជាមួយអន្តរជាតិ ក៏ដូចជាផ្សព្វផ្សាយកម្ពុជាទៅកាន់ឆាកអន្តរជាតិ តាមរយៈមាតិកាបំផុសគំនិត ការបោះពុម្ពផ្សាយ និងការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានា។ សូមជម្រាបជូនថា ក្នុងកម្មវិធីនេះ មានការតាំងបង្ហាញគម្របទស្សនាវដ្ដី «Prestige Cambodia» ចំនួន១៦លេខ និងការតាំងបង្ហាញជម្រើសស្អាតៗនៃគម្របទស្សនាវដ្ដីរបស់ Prestige ក្នុងរយៈពេលជាង ២៥ឆ្នាំ កន្លងមក ផងដែរ៕
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពី «ពាណិជ្ជកម្មសេវាសម្រាប់ការអភិវឌ្ឍ (Trade in Services for Development - TS4D)» ដែលមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងពាណិជ្ជកម្ម អ្នកជំនាញការរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីជំនាញមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។ សិក្ខាសាលានេះ រៀបចំឡើងមានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ទី១២ ខែមិថុនា ឆ្នាំ២០២៦ ក្រោមកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម និង WTO ក្នុងគោលបំណងដើម្បីពង្រឹងការយល់ដឹង និងកសាងសមត្ថភាពដល់មន្ត្រីជំនាញ អ្នកធ្វើគោលនយោបាយ និងអ្នកចរចា ក្នុងការប្រើប្រាស់ថ្នាលព័ត៌មានពាក់ព័ន្ធនឹងពាណិជ្ជកម្មសេវារបស់ WTO សំខាន់ៗដូចជា Global Services Data Hub, I-TIP Services database, STRI និង TS4D សម្រាប់ប្រៀបធៀបកម្រិតភាពប្រកួតប្រជែងនៃពាណិជ្ជកម្មសេវា ព្រមទាំងការទាញយកទិន្នន័យវិភាគគោលនយោបាយពាណិជ្ជកម្មសេវា និងឧត្តមានុវត្តនៃបទប្បញ្ញត្តិកម្មកិច្ចសម្រួលពាណិជ្ជកម្មសេវាជាអាទិ៍។ ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីសារៈសំខាន់នៃពាណិជ្ជកម្មសេវា ដែលជាកម្លាំងចលករដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិរបស់កម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការ បន្តថាការអភិវឌ្ឍវិស័យពាណិជ្ជកម្មសេវាប្រកបដោយភាពធន់ ប្រសិទ្ធភាព និងបរិយាបន្ន គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងការលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងទីផ្សារសកល បន្ថែមលើពាណិជ្ជទំនិញ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះអង្គការ WTO ដែលបានបន្តផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់សមត្ថភាពស្ថាប័ន និងធនធានមនុស្សរបស់កម្ពុជាក្នុងក្របខ័ណ្ឌពាណិជ្ជកម្មពហុភាគី៕
Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្រាបបង្គំទូលថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មគម្រប់ខួប ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ «សហគ្រាសពាណិជ្ជកម្មកម្ពុជា (ស.ព.ក.)» ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា អ្នកឧកញ៉ា ឧកញ៉ា ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនជាច្រើនរូប។ ថ្លែងក្នុងសុន្ទរកថាបើក ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដ៏ល្អប្រសើរបស់ក្រុមហ៊ុនហ្គ្រីនត្រេដ រយៈពេលប្រមាណ ៣០ឆ្នាំកន្លងមក ក្នុងការរក្សាស្ថិរភាពសន្តិសុខស្បៀង និងការរក្សារលំនឹងទីផ្សារក្នុងគ្រាលំបាក (ដូចជាអំឡុងកូវីដ-១៩ និងពលរដ្ឋភៀសសឹក)។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បន្តថា ការបង្កើត (ស.ព.ក. - CTE) គឺជាការឆ្លើយតបប្រកបដោយភាពបត់បែន និងទុករយៈពេលវែង ហើយការបង្កើតនេះ មិនមែនក្នុងគោលបំណងប្រកួតប្រជែង ឬជំនួសតួនាទីរបស់វិស័យឯកជននោះទេ ប៉ុន្តែ ស.ព.ក. - CTE នឹងដើរតួជា "ដៃគូយុទ្ធសាស្ត្រប្រកបដោយថាមវន្ត" ដើម្បីបើកផ្លូវទៅរកកាលានុវត្តភាពអាជីវកម្មថ្មីៗ ជួយអភិវឌ្ឍទីផ្សារ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិស័យឯកជនកម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បន្ថែមថា ការប្រកាសដាក់ឱ្យដំណើរការ ស.ព.ក. - CTE នាពេលនេះ ក៏ជាផ្នែកមួយនៃការអនុវត្តចក្ខុវិស័យជាយុទ្ធសាស្ត្រ «ឆ្ពោះទៅឧត្តមភាពនៃវិស័យពាណិជ្ជកម្មកម្ពុជា ប្រកបដោយ ថាមវន្ត ធន់ បរិយាបន្ន និងប្រកួតប្រជែង» តាមរយៈនិម្មាបនកម្មពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៦-២០២៨ លើការងារស្នូលទាំង ៣ គឺ៖ បរិវត្តកម្មស្ថាប័ន ពាណិជ្ជកម្មក្នុងប្រទេស និងពាណិជ្ជកម្មអន្តរជាតិ។ ជាមួយគ្នានេះ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ថ្វីត្បិតតែអង្ករនៅតែជាទំនិញយុទ្ធសាស្ត្រដ៏ចម្បង CTE នឹងពង្រីកវិសាលភាពអន្តរាគមន៍ និងការស្វែងរកឱកាសទីផ្សារអន្តរជាតិលើកសិផលសក្តានុពលដទៃទៀត ព្រមទាំងផលិតផលសរីរាង្គ និងកសិផលកែច្នៃផ្សេងៗទៀត សំដៅបង្កើនតម្លៃបន្ថែមក្នុងស្រុក និងពង្រីកការនាំចេញ។ ដើម្បីធានាឱ្យសហគ្រាសសាធារណៈដ៏ទំនើបមួយនេះ អនុវត្តតួនាទីភារកិច្ច ឱ្យមានប្រសិទ្ធភាព និងចំទិសដៅ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានផ្តល់អនុសាសន៍ណែនាំដូចខាងក្រោម៖ ១. លើកទឹកចិត្ត ស.ព.ក. - CTE ឱ្យបង្កើនកិច្ចសហការជិតស្និទ្ធជាមួយកសិករ សហគមន៍កសិកម្ម សហគ្រាសធុនតូច និងមធ្យម (SMEs) និងវិនិយោគិន។ ២. លើកទឹកចិត្ត ស.ព.ក. - CTE ឱ្យប្រកាន់ខ្ជាប់គោលការណ៍ស្នូល៖ ត្រូវមានចក្ខុវិស័យវែងឆ្ងាយ ផ្អែកលើភាពជាដៃគូ និងប្រកាន់ខ្ជាប់នូវអភិបាលកិច្ចល្អ តម្លាភាព និងវិជ្ជាជីវៈខ្ពស់។ ៣. លើកទឹកចិត្ត ស.ព.ក. - CTE សហការជាមួយអគ្គនាយកដ្ឋានពាក់ព័ន្ធ ដើម្បីតាមដាននិន្នាការទីផ្សារ និងរៀបចំយុទ្ធសាស្ត្រជ្រៀតចូលទីផ្សារអន្តរជាតិថ្មីៗ។ ៤. លើកទឹកចិត្ត ស.ព.ក. - CTE បន្តចូលរួមយ៉ាងសកម្ម ជាមួយវិស័យឯកជនក្នុងដំណើរការចរចា និងទាញប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់។ ៥. លើកទឹកចិត្ត ស.ព.ក. - CTE បន្តចូលរួមយ៉ាងសកម្ម ជាមួយដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ បង្កើតប្រព័ន្ធតាមដានតម្លៃទីផ្សារក្នុងនិងក្រៅប្រទេសឱ្យបានម៉ឺងម៉ាត់ ដើម្បីត្រៀមវិធានការអន្តរាគមន៍ទីផ្សារបានទាន់ពេលវេលា ការពារជីវភាពប្រជាពលរដ្ឋ។ ៦. លើកទឹកចិត្ត ស.ព.ក. - CTE បន្តចូលរួមយ៉ាងសកម្ម ជាមួយក្រសួងពាណិជ្ជកម្ម ដោយដើរតួជាអ្នកសម្របសម្រួលតំណាងឱ្យវិស័យឯកជនកម្ពុជា ក្នុងការចរចាកិច្ចសន្យាផ្គត់ផ្គង់កសិផលកម្រិត «រដ្ឋាភិបាលទៅរដ្ឋាភិបាល» ជាមួយប្រទេសបញ្ជាទិញធំៗ។ ៧. លើកទឹកចិត្ត ស.ព.ក. - CTE ឱ្យពិចារណាសិក្សាលទ្ធភាពវិនិយោគលើឃ្លាំងស្តុក និងហេដ្ឋារចនាសម្ព័ន្ធកែច្នៃ ដើម្បីកាត់បន្ថយហានិភ័យទីផ្សារ និងធានាចីរភាពនៃការផ្គត់ផ្គង់។ នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានសម្តែងនូវការអបអរសាទរ និងផ្តល់ការលើកទឹកចិត្តដល់ ឯកឧត្តម លោក លោកស្រី ដែលជានាយកប្រតិបត្តិ ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលនៃ ស.ព.ក. - CTE ទាំងអស់ ដែលទទួលបានសេចក្តីទុកចិត្តពីរាជរដ្ឋាភិបាល ឱ្យបំពេញភារកិច្ចដោយស្មារតីបុរេសកម្ម សាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់បំផុត។ សូមជម្រាបជូនថា ក្នុងឱកាសនោះ ក៏មានការប្រារព្ធពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាង CTE ជាមួយបណ្តាគ្រឹះស្ថានធនាគារ និងក្រុមហ៊ុនដឹកជញ្ជូននានា ដែលជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការសម្របសម្រួលផ្នែកហិរញ្ញវត្ថុ និងភស្តុភារកម្ម (Logistics) ជូនដល់ពាណិជ្ជករ និងអ្នកផលិត ផងដែរ៕