News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បត្តិ៍ ទី២ ខែមេសា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូក្រុមហ៊ុន LSV និង DKSH ដែលដឹកនាំដោយ លោកស្រី នុត សម្ជស្ស និងលោក ស៊ូបាឌីប មីត្រា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូរបស់ក្រុមហ៊ុន ព្រមទាំងបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនទាំងពីរ ដែលបានចូលរួមយ៉ាងសកម្មក្នុងការជួយជំរុញចរន្តទីផ្សារក្នុងស្រុក ក្នុងការផ្គត់ផ្គង់គ្រឿងឧបភោគ-បរិភាគ ចំណីអាហារ និងផលិតផលប្រើប្រាស់ប្រចាំថ្ងៃ ដែលមានគុណភាពខ្ពស់ ភាពសន្សំសំចៃ និងជម្រើសសម្បូរបែប ដែលឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាការចូលរួមបង្កើតការងារដោយផ្ទាល់ និងប្រយោលដល់ប្រជាជនកម្ពុជា ផងដែរ។ នៅក្នុងឱកាសនោះដែរ លោកស្រីប្រធានគ្រប់គ្រងក្រុមហ៊ុន LSV បានរាយការណ៍អំពីវឌ្ឍភាពសម្រេចបានរបស់ក្រុមហ៊ុន ជាពិសេសការជ្រៀតចូលទីផ្សារ និងការពង្រីកទីផ្សារ ក្រោមការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម ព្រមទាំងជម្រាបអំពីកិច្ចសហការជាមួយ DKSH លើការពង្រឹងបណ្តាញចែកចាយ និងការជ្រៀតចូលទៅក្នុងទីផ្សារសម្រាប់ផលិតផលក្នុងស្រុក និងផែនការពង្រីកផលិតផលកសិ-ឧស្សាហកម្ម ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក និងកែលម្អស្តង់ដារផលិតផលសម្រាប់ពង្រីកទីផ្សារផលិតផលក្នុងស្រុកឱ្យកាន់តែទូលំទូលាយ។ លោកជំទាវរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនទាំងពីរ ចូលរួមជាមួយក្រសួងពាណិជ្ជកម្មលើគ្រប់សកម្មភាពដើម្បីលើកស្ទួយផលិតផលជាតិដូចជា ចូលរួមក្នុងយុទ្ធនាការផលិតផលជាតិ #MadeInCambodia ក្នុងការដាក់លក់ផលិតផលក្នុងស្រុកនៅតាមផ្សារទំនើបធំៗ ម៉ល ម៉ាត និងមីនីម៉ាត ព្រមទាំងបន្តពង្រឹងសមត្ថភាពអាជីវកម្ម កែលម្អគុណភាពផលិតផល និងប្រើប្រាស់បច្ចេកវិទ្យា បង្កើនភាពច្នៃប្រឌិតលើផលិតផលថ្មីៗ ចេញពីផលិតផលកសិកម្មដូចជា បន្លែ គ្រឿងទេស ស្វាយកែវរមៀត មៀនប៉ៃលិន ស្វាយចន្ទី ជាដើម ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង និងចូលរួមយ៉ាងសកម្មក្នុងខ្សែច្រវាក់តម្លៃទាំងក្នុងតំបន់ និងសកល។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អញ្ជើញជាគណអធិបតី ក្នុងពិធីសម្ពោធ "កុមារដ្ឋាននៃក្រសួងពាណិជ្ជកម្ម - Ministry of Commerce’s Day Care Center" ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្រសួងកិច្ចការនារី លោក លោកស្រី ថ្នាក់ដឹងនាំ និងមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម ជាច្រើនរូបផងដែរ។ ការបង្កើត កុមារដ្ឋាន នេះ គឺជាជំហានថ្មីមួយសំខាន់របស់ក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ ការពង្រឹងសុខុមាលភាពគ្រួសារ និងការបង្កើនផលិតភាពការងារ ជាពិសេសសម្រាប់មន្រ្តីរាជការជានារី។ កុមារដ្ឋាន ត្រូវបានរៀបចំឡើង ដើម្បីផ្តល់ជាសេវាកម្មថែទាំកុមារ ប្រកបដោយសុវត្ថិភាព ការថែរក្សាអនាម័យ និងបរិយាកាសអភិវឌ្ឍន៍ល្អ សម្រាប់កូនៗរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ-មន្រ្តីកិច្ចសន្យា ដែលកំពុងបម្រើការងារនៅក្រសួងពាណិជ្ជកម្ម។ ការអនុវត្តនេះ ក៏ជាផ្នែកមួយនៃការកសាងបរិយាកាសការងារដែលគាំទ្រដល់គ្រួសារ និងជួយអោយមន្រ្តីអាចផ្តោតលើការងារបានប្រសើរឡើង។ នៅក្នុងថ្ងៃសម្ពោធនេះដែរ កុមារដ្ឋានបានទទួលកុមារសរុបចំនួន ២៨ នាក់ដែលមានអាយុចន្លោះពី ៣ខែ ដល់ ៦ឆ្នាំ៕ #MOC2026 #MOCDayCareCenter
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អញ្ជើញជាគណៈអធិបតី ក្នុងពិធីសម្ពោធយុទ្ធនាការ «ផលិតផលស្រ្តី #MadeByHer» ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្រសួងកិច្ចការនារី លោក លោកស្រី ថ្នាក់ដឹងនាំ និងមន្រ្តីរាជការព្រមទាំងតំណាងសិប្បកម្ម និងសហគ្រាសផលិតក្នុងស្រុក ជាច្រើនរូបផងដែរ។ ជាកិច្ចចាប់ផ្ដើម លោកជំទាវរដ្ឋមន្រ្តី បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍ចំពោះវត្តមានអញ្ជើញចូលរួមក្នុងពិធីសម្ពោធយុទ្ធនាការដ៏មានសារៈសំខាន់នេះ ដែលបានបង្ហាញឱ្យឃើញពីស្មារតីនិងឆន្ទៈតែមួយ ក្នុងការរួមគ្នាលើកកម្ពស់ផលិតផលជាតិ ជាពិសេស ផលិតផលបង្កើតឡើងដោយស្រ្តី ក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលតម្រូវឱ្យមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធ ឈរលើស្មារតីសាមគ្គីភាព ភាតរភាព និងការជួយគ្នាទៅវិញទៅមក។ លោកជំទាវរដ្ឋមន្រ្តី គូសបញ្ជាក់ថា យុទ្ធនាការ «ផលិតផលស្រ្តី #MadeByHer» ធ្វើឡើងក្នុងបំណងលើកកម្ពស់ និងគាំទ្រផលិតផលដែលដឹកនាំដោយសហគ្រិនស្ត្រីខ្មែរ ឱ្យអាចអភិវឌ្ឍពីអាជីវកម្មខ្នាតតូច ឆ្ពោះទៅជាម៉ាកផលិតផលជាតិ ដែលមានគុណភាព ស្តង់ដារ និងសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារ ព្រមទាំងជំរុញការកែលម្អគុណភាពផលិតផល និងការវេចខ្ចប់ឱ្យស្របតាមស្តង់ដារប្រើប្រាស់ និងតម្រូវការទីផ្សារ ពង្រីកឱកាសចូលដំណើរការទីផ្សារថ្មីៗ និងលើកកម្ពស់ការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋចូលរួមគាំទ្រផលិតផលក្នុងស្រុក ដែលផលិតដោយស្ត្រីខ្មែរ ជាពិសេសដើម្បីនាំយកផលិតផលដែលដឹកនាំដោយស្ត្រីឱ្យចូលទៅក្នុងផ្សារទំនើប ពិព័រណ៍ពាណិជ្ជកម្មជាតិនិងអន្តរជាតិ និងវេទិកាពាណិជ្ជកម្មឌីជីថល សំដៅបង្កើនឱកាសទីផ្សារ និងការទទួលស្គាល់ពីសាធារណជនក្នុងស្រុក និងអន្តរជាតិ។ លោកជំទាវរដ្ឋមន្រ្តី បន្ថែមថា យុទ្ធនាការ «ផលិតផលស្រ្តី #MadeByHer» គឺជាផ្នែកមួយនៃយុទ្ធនាការ “ផលិតផលជាតិ #MadeinCambodia” ដែលក្រសួងបានប្រកាសដាក់ឱ្យដំណើរការកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅផ្សារទំនើបជីបម៉ុង ២៧១ មេហ្គា ម៉ល កន្លងទៅ ដោយផ្តោតសំខាន់លើការលើកកម្ពស់ផលិតផលក្នុងស្រុក។ លើសពីនេះ «ផលិតផលស្ត្រី #MadeByHer» មិនត្រឹមតែសំដៅលើតែផលិតផលមួយមុខប៉ុណ្ណោះទេ ប៉ុន្តែគំនិតផ្តួចផ្តើមនេះបានផ្សារភ្ជាប់នឹង ក្តីសង្ឃឹម កិច្ចខិតខំប្រឹងប្រែង និងសក្តានុពលដ៏អស្ចារ្យរបស់ស្ត្រីកម្ពុជា ផងដែរ។ ដើម្បីអាចទាញប្រយោជន៍ពីយុទ្ធនាការនះបាន និងដើម្បីជាមូលដ្ឋានក្នុងការរួមគ្នាបន្តបេសកកម្មលើកកម្ពស់ផលិតផលក្នុងស្រុក លោកជំទាវរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួន ដូចតទៅ៖ ១. សហគ្រិនស្ត្រីទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលកំពុងផលិត ឬអភិវឌ្ឍផលិតផលក្នុងវិស័យសំខាន់ៗ ដូចជា ការកែច្នៃម្ហូបអាហារសិប្បកម្ម ផលិតផលកសិកម្ម វាយនភណ្ឌ គ្រឿងសម្អាង ជាដើម សូមបន្តចូលរួមក្នុង យុទ្ធនាការ «ផលិតផលស្ត្រី #MadeByHer» ក្នុងការលើកកម្ពស់ផលិតផលស្ត្រី និងការបង្ហាញសមត្ថភាព ការច្នៃប្រឌិត និងសក្តានុពលរបស់ស្ត្រីកម្ពុជា។ ២. វិស័យឯកជន ផ្សារទំនើប ម៉ាត និងមីនីម៉ាត ស្ថាប័នហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ អ្នកបង្កើតមាតិកាឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយ សូមបន្តចូលរួមគាំទ្រ និងសហការជាមួយយុទ្ធនាការនេះ ដើម្បីជួយលើកកម្ពស់ផលិតផលស្ត្រី និងបង្កើតឱកាសសម្រាប់សហគ្រិនស្ត្រីក្នុងការចូលរួមក្នុងទីផ្សារទំនើប និងបណ្តាញពាណិជ្ជកម្មក្នុងតំបន់ និងអន្តរជាតិ បន្ថែមទៀត។ ៣. សូមលើកទឹកចិត្តឱ្យសិប្បកម្មផលិតក្នុងស្រុក ដែលផលិតផលិតផលដូចគ្នា ពិនិត្យលទ្ធភាពប្រមូលផ្តុំចងក្រងជាសហព័ន្ធ ឬសមាគម ដើម្បីបង្កើនបរិមាណផលិត និងផ្គត់ផ្គង់ និងដើម្បីធានាបានការកាត់បន្ថយថ្លៃចំណាយលើផលិតកម្ម ទន្ទឹមនឹងការបង្កើនបរិមាណទិន្នផលកាន់តែខ្ពស់ប្រកបដោយចីរភាព។ ៤. សូមលើកទឹកចិត្តឱ្យវិនិយោគិន ឬសហគ្រាសធំៗក្នុងស្រុក ចូលរួមបណ្តាក់ទុនជាមួយសិប្បកម្មផលិតក្នុងស្រុក ក្នុងការផលិតនិងកែច្នៃ សំដៅលើកកម្ពស់តម្លៃបន្ថែម និងអភិវឌ្ឍខ្សែច្រវាក់ផលិតកម្ម ដើម្បីបង្កើនការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងឈានទៅបង្កើនឧត្តមភាពប្រកួតប្រជែង។ ៥. សូមលើកទឹកចិត្តឱ្យ សិប្បកម្មផលិតក្នុងស្រុក បន្តអភិវឌ្ឍខ្លួន ពង្រឹងសមត្ថភាព និងផលិតភាព តាមរយៈការលើកកម្ពស់សហគ្រិនភាព ការចាប់យកបច្ចេកវិទ្យាថ្មីក្នុងផលិតកម្មរបស់ខ្លួន ការធានាគុណភាពនិងបរិមាណផ្គត់ផ្គង់ និងការកសាងម៉ាកយីហោក្នុងស្រុក សំដៅអាចឆ្លើយតបទៅនឹងបរិបទសង្គម និងតម្រូវការទីផ្សារ។ នៅកិច្ចបញ្ចប់ លោកជំទាវរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ និងកោតសរសើរ តំណាងសិប្បកម្ម និងសហគ្រាសផលិតក្នុងស្រុក និងក្រុមការងារពាក់ព័ន្ធទាំងអស់ ចំពោះឆន្ទៈរួមគ្នាជាធ្លុងមួយក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុក ជាពិសេសផលិតផលស្រី ក្នុងស្មារតីមហាគ្រួសារខ្មែរតែមួយ ព្រមទាំងបានបង្ហាញនូវជំនឿថា យុទ្ធនាការនាព្រឹកនេះ នឹងក្លាយជាមូលដ្ឋានក្នុងការជំរុញការតភ្ជាប់ រវាងក្រុមអ្នកផលិត អ្នកផ្គត់ផ្គង់ ទៅនឹងតួអង្គពាក់ព័ន្ធក្នុងទីផ្សារនិងខ្សែច្រវាក់តម្លៃ សំដៅធានាបាននូវនិរន្តរភាពការផ្គត់ផ្គង់ ការស្រូបទិញនិងការលើកកម្ពស់ផលិតផលក្នុងស្រុក៕ #MOC2026 #យុទ្ធនាការផលិតផលជាតិ #MadeInCambodia #MadeByHer
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងពាណិជ្ជកម្ម តាមរចនាសម័្ពន្ធថ្មី។ ពិធីនេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ដោយមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីអគ្គាធិការរង លោកប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីប្រធាន និងអនុប្រធានមន្ទីរ និងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។ ក្នុងឱកាសនោះដែរ លោកជំទាវរដ្ឋមន្ត្រី បានមានមតិសំណេះសំណាល និងអនុសាសន៍ណែនាំលើរបៀបរបបបំពេញការងារឱ្យមានប្រសិទ្ធិភាព ដោយបានរំលឹកជូននូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដោយផ្ដោតសំខាន់លើគោលការណ៍គុណាធិបតេយ្យ ជ្រើសរើសអ្នកមានសមត្ថភាព ជំនាញ ឆន្ទៈម្ចាស់ការ និងក្រមសីលធម៌វិជ្ជាជីវៈ ឱ្យបំពេញការងារស្របតាមតួនាទី និងការទទួលខុសត្រូវ ព្រមទាំងស្របតាមអភិក្រម «ជ្រើសរើសឱ្យត្រូវ ដាក់ឱ្យចំ រក្សាឱ្យនៅ» ដែលជាទស្សនវិស័យនៃការកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីធានាថាមន្ត្រីមានសមត្ថភាពពិតប្រាកដទទួលបានមុខតំណែងសមស្រប។
News(Phnom Penh): On the afternoon of Wednesday, 1 April 2026, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, chaired the weekly meeting attended by the ministry's leaders, including the Secretary of State and Undersecretary of State, Director General, Directors of Departments, Directors of Provincial Departments, and other officials. The weekly meeting was held at the Ministry of Commerce and via video conference with the aim of reviewing the progress of the work of organizations under the Ministry of Commerce and reporting on the work progress of preparing proclamations on the organization and functioning of the Secretariat General, General Directorate, and Institutes, and defining and describing the positions of organizations under the Ministry of Commerce.