News(វ្ល៉ាឌីវ៉ូស្តុក, សហព័ន្ធរុស្ស៊ី)៖ នាព្រឹក ថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម លឹម ផាន់ភារៈ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សា ស្តីពី «The New Map of Global Logistics» ដែលរៀបចំដោយក្រុមហ៊ុនភស្តុភារកម្មរុស្ស៊ី (FESCO) ក្នុងឱកាសនៃការអញ្ជើញចូលរួមក្នុងវេទិកាសេដ្ឋកិច្ចបូព៌ា លើកទី១១ (11th Eastern Economic Forum)។ កិច្ចពិភាក្សានោះបានរំលេចថា វិស័យភស្តុភារកម្មសកលកំពុងមានការផ្លាស់ប្តូរយ៉ាងសំខាន់ ដោយមជ្ឈមណ្ឌលពាណិជ្ជកម្មកំពុងផ្លាស់ប្តូរទៅកាន់ទីផ្សារដែលមានកំណើនលឿន ហើយអាស៊ីអាគ្នេយ៍កំពុងក្លាយជាមជ្ឈមណ្ឌលសំខាន់សម្រាប់ផលិតកម្ម ពាណិជ្ជកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ថ្មីៗ។ សម្រាប់រុស្ស៊ី ការផ្លាស់ប្តូរនេះបង្កើតឱកាសក្នុងការកសាងប្រព័ន្ធភស្តុភារកម្មអន្តរជាតិប្រកបដោយអធិបតេយ្យភាព ពង្រឹងសេវាដឹកជញ្ជូន និងពង្រីកភាពជាដៃគូជាមួយបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេវាភស្តុភារកម្មនៅកំពង់ផែតំបន់ចុងបូព៌ារបស់រុស្ស៊ី។ បញ្ហាសំខាន់ៗរួមមាន៖ ការសម្របខ្លួនរបស់រុស្ស៊ីទៅនឹងផ្លូវពាណិជ្ជកម្មដែលកំពុងផ្លាស់ប្តូរ ការពង្រឹងតួនាទីក្នុងរចនាសម្ព័ន្ធភស្តុភារកម្មសកល និងការគាំទ្រពីរដ្ឋសម្រាប់ការអភិវឌ្ឍសមត្ថភាពភស្តុភារកម្មតាមផ្លូវសមុទ្រប្រកបដោយអធិបតេយ្យភាព៕
News(ភ្នំពេញ)៖ ទិដ្ឋភាព និងសកម្មភាពទូទៅនៃ វេទិកាខ្សែច្រវាក់ផ្គត់ផ្គង់ ឆ្នាំ២០២៦ (#TheSupplyChainForum2026) ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦។ វេទិកាខ្សែច្រវាក់ផ្គត់ផ្គង់ ឆ្នាំ២០២៦ (#TheSupplyChainForum2026) នេះត្រូវបានរៀបចំឡើង ដើម្បីជំរុញការតភ្ជាប់ដោយផ្ទាល់រវាងសិប្បកម្ម និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ក្នុងស្រុក ទៅកាន់បណ្តាញចែកចាយ អ្នកបញ្ជាទិញ ផ្សារទំនើប ថ្នាលពាណិជ្ជកម្មឌីជីថល និងស្ថាប័នពាក់ព័ន្ធ។ ព្រឹត្តិការណ៍ពេញមួយថ្ងៃនេះ មានសកម្មភាពសំខាន់ៗជាច្រើន រួមមាន៖ ការធ្វើបទបង្ហាញអាជីវកម្ម និងឱកាសពាណិជ្ជកម្ម ពីតំណាងក្រុមហ៊ុន សហគ្រាស និងម្ចាស់អាជីវកម្ម ក្នុងស្រុកចំនួន ៤ និងការចែករំលែក ករណីសិក្សាពីការគ្រប់គ្រងប្រភពផ្គត់ផ្គង់វត្ថុធាតុដើម ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងវាគ្មិនកិត្តិយសមកពីក្រុមហ៊ុនធំៗ។ វេទិកានេះ ក៏មានរៀបចំជាវគ្គចែករំលែកចំណេះដឹងស៊ីជម្រៅស្តីពី យុទ្ធសាស្ត្រអភិវឌ្ឍន៍ម៉ាកយីហោ និងការរចនាការវេចខ្ចប់ ព្រមទាំងការជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកតាមរយៈថ្នាល CambodiaTrade.com ផងដែរ។ អ្វីដែលជា ចំណុចលេចធ្លោ នៃវេទិកានេះ គឺការរៀបចំយន្តការ «ផ្គូផ្គងធុរកិច្ច (B2B Speed Networking)» ដើម្បីប្រែក្លាយរាល់ជំនួបពិភាក្សាខាងលើឱ្យទៅជាឱកាសអាជីវកម្មជាក់ស្តែង។ វេទិកានាថ្ងៃនេះ ត្រូវបានរំពឹងថានឹងមានកិច្ចសហការអាជីវកម្មថ្មីៗជាច្រើនលេចជារូបរាងឡើង ដែលជាជំហានដ៏សំខាន់ក្នុងការជំរុញផលិតផលកម្ពុជាចូលទៅកាន់ទីផ្សារកាន់តែទូលំទូលាយ៕
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារពាក់ព័ន្ធនឹងការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យារបស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមដោយឯកឧត្តម លោកជំទាវរដ្ឋលេខាធិការទទួលបន្ទុក ឯកឧត្តមអគ្គនាយក ប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធនានា។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារដែលសម្រេចបាន និងកំណត់ទិសដៅការងារអាទិភាពបន្ត ដើម្បីពង្រឹងប្រសិទ្ធភាព សុវត្ថិភាព និងការតភ្ជាប់គ្នានៃប្រព័ន្ធបច្ចេកវិទ្យារបស់ក្រសួងឱ្យកាន់តែមានភាពងាយស្រួល។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើក «វេទិកាខ្សែច្រវាក់ផ្គត់ផ្គង់ ឆ្នាំ២០២៦» (#TheSupplyChainForum2026) ដែលរៀបចំឡើងក្នុងគោលបំណងបង្កើនការតភ្ជាប់ដោយផ្ទាល់របស់សិប្បកម្មក្នុងស្រុក និងសហគ្រាសធុនមីក្រូ តូច និងមធ្យម ជាមួយបណ្តាញចែកចាយ អ្នកបញ្ជាទិញសក្តានុពល ផ្សារទំនើប និងថ្នាលពាណិជ្ជកម្មឌីជីថល ព្រមទាំងសម្រួលដល់ការទទួលបានសេវាសាធារណៈសំខាន់ៗរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធផងដែរ។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធ-សមាគមធុរកិច្ច ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានហិរញ្ញវត្ថុ ផ្សារទំនើប ថ្នាលពាណិជ្ជកម្មឌីជីថល និងភាគីពាក់ព័ន្ធជាច្រើនទៀតក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ រួមទាំងការប្រឹក្សាលើការចុះបញ្ជីពាណិជ្ជកម្ម, ការចុះបញ្ជីការពារម៉ាក, សេវាផ្តល់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ (CO), ការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដាផលិតផលហាឡាលកម្ពុជា និងការចុះបញ្ជីផលិតផល (ច.ប.ផ)។ ថ្លែងទៅកាន់អង្គពិធី លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វេទិកាខ្សែច្រវាក់ផ្គត់ផ្គង់ ឆ្នាំ២០២៦ គឺជាការរៀបចំលើកទី១ និងជាជំហានសាកល្បងដ៏សំខាន់របស់ក្រសួងពាណិជ្ជកម្ម ក្នុងការសម្រួលនិងលើកកម្ពស់ការតភ្ជាប់ទីផ្សារ និងពាណិជ្ជកម្មក្នុងស្រុក ជាពិសេសការតភ្ជាប់ដោយផ្ទាល់រវាងកសិករ អ្នកដាំដុះ អ្នកផលិត អ្នកកែច្នៃ សហគ្រាសធុនមីក្រូ តូច និងមធ្យម អ្នកចែកចាយ អ្នកបញ្ជាទិញ វិនិយោគិន អ្នកផ្តល់ហិរញ្ញប្បទាន អ្នកផ្តល់សេវាបច្ចេកវិទ្យា និងសេវាភស្តុភារកម្ម។ លទ្ធផលវិជ្ជមាននៃវេទិកានេះ នឹងក្លាយជាមូលដ្ឋានសម្រាប់ក្រសួងពិនិត្យលទ្ធភាពពង្រីកកម្មវិធីឱ្យក្លាយជា «ពិព័រណ៍ខ្សែច្រវាក់ផ្គត់ផ្គង់ថ្នាក់ជាតិ» នៅឆ្នាំបន្តបន្ទាប់ ដើម្បីរួមចំណែកប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលនៃការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់។ លោកជំទាវរដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាមានសក្តានុពលខ្ពស់ក្នុងការផលិត ការដាំដុះ និងការផ្គត់ផ្គង់វត្ថុធាតុដើម សម្រាប់បំពេញតម្រូវការទីផ្សារក្នុងស្រុក និងការនាំចេញ។ ទោះជាយ៉ាងណា ភាពមិនទាន់ប្រទាក់ក្រឡាគ្នាពេញលេញរវាងកសិករ អ្នកកែច្នៃ អ្នកផលិត អ្នកផ្តល់ហិរញ្ញប្បទាន បណ្តាញចែកចាយ និងអ្នកបញ្ជាទិញ នៅតែជាបញ្ហាប្រឈមដែលត្រូវរួមគ្នាដោះស្រាយ។ ក្នុងន័យនេះ ភារកិច្ចសំខាន់មិនមែនត្រឹមតែជំរុញការផលិត និងការនាំចេញប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការតភ្ជាប់ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ឱ្យកាន់តែមានប្រសិទ្ធភាព រឹងមាំ និងប្រកបដោយចីរភាព។ វេទិកានេះមានសកម្មភាពស្នូលសំខាន់ៗ រួមមាន៖ ការតាំងបង្ហាញផលិតផល និងសេវាកម្ម ការផ្គូផ្គងពាណិជ្ជកម្ម (G2B2B) ការចែករំលែកបទពិសោធន៍ និងករណីសិក្សាអំពីប្រភពផ្គត់ផ្គង់វត្ថុធាតុដើម ការធ្វើបទបង្ហាញផលិតផល និងអាជីវកម្ម (Pitching) ការបង្ហាត់បង្រៀនអំពីការអភិវឌ្ឍម៉ាកយីហោ (Branding) និងការវេចខ្ចប់ផលិតផល (Packaging) ព្រមទាំងការផ្តល់ប្រឹក្សាអំពីសេវាសាធារណៈពាក់ព័ន្ធនឹងធុរកិច្ចសំខាន់ៗ ដូចជា ការចុះបញ្ជីពាណិជ្ជកម្ម ការចុះបញ្ជីម៉ាក ការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដាផលិតផលហាឡាលកម្ពុជា និងការចុះបញ្ជីផលិតផល។ ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី ក៏បានលើកឡើងពីយុទ្ធនាការផលិតផលជាតិ #MadeInCambodia ដែលមានការចូលរួមពីផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាត សរុបចំនួន ៧៤១ ទីតាំងនៅទូទាំងរាជធានី-ខេត្ត និងយុទ្ធនាការផលិតផលស្ត្រី #MadeByHer ព្រមទាំងការជំរុញការផ្សព្វផ្សាយ និងការចុះបញ្ជីផលិតផលហាឡាលកម្ពុជា។ យុទ្ធនាការទាំងនេះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ផលិតផលជាតិ ផលិតផលរបស់សហគ្រិនស្ត្រី និងការពង្រីកឱកាសទីផ្សារសម្រាប់សហគ្រាសកម្ពុជា។ ជាទីបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ឱ្យប្រើប្រាស់វេទិកានេះ ដើម្បីស្វែងរកដៃគូសហការ ផ្លាស់ប្តូរបទពិសោធន៍ និង «ប្រែក្លាយការពិភាក្សាឱ្យក្លាយជាឱកាសពាណិជ្ជកម្មជាក់ស្តែង» សំដៅបំពេញចន្លោះខ្វះខាត បង្កើនប្រសិទ្ធភាពនៃការតភ្ជាប់ និងឆ្ពោះទៅកាន់ចីរភាពខ្សែច្រវាក់ផ្គត់ផ្គង់កម្ពុជា៕
News“យុទ្ធនាការផលិតផលជាតិ #MadeInCambodia” គឺជាយុទ្ធនាការលើកកម្ពស់ផលិតផលក្នុងស្រុក និងការនាំចេញផលិតផលជាតិនៅនឹងកន្លែង ដើម្បីបង្ហាញពី "ការស្រទ្បាញ់ផលិតផលជាតិ ទឹកចិត្តនៃក្តីស្រទ្បាញ់ចំពោះ កសិករខ្មែរនិងផលិតករខ្មែរ និងស្មារតីស្រទ្បាញ់ជាតិមាតុភូមិរបស់យើង!” ដែលរៀបចំឡើងរយៈពេល ១ សប្តាហ៍ ក្នុង ១ ខែ រយៈពេល ១ ឆ្នាំ ពេញ ក្នុងគោលបំណង៖ បង្ហាញនិងផ្សព្វផ្សាយផលិតផលជាតិ ឱ្យមានភាពលេចធ្លោ ក៏ដូចជាឱកាសជំរុញការដាក់លក់ ផលិតផលក្នុងស្រុក នៅតាមបណ្តាផ្សារទំនើប ម៉ាត មីនីម៉ាតទូទាំងប្រទេស។ #MOC2026 #យុទ្ធនាការផលិតផលជាតិ #MadeInCambodia #MadeByHer